អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំងពីរ​៖​ឯកភាព​ពីរ​ចំណុច និង​ពិភាក្សា​គ្នា​បន្តនៅ​សប្តាហ៍​ក្រោយ

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់ពី​បាន​ជួបប្រជុំគ្នា​អស់​រយៈ​ពេល៤ម៉ោង​កន្លះ បានសម្រេច​ឯកភាពគ្នា​ចំនួន២ចំណុច និង​សន្យា​លើកយក​ចំណុច​ផ្សេងៗ​ទៀត​ដែល​មិនទាន់​យល់ស្រប​គ្នា​ ទៅ​​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​ទី១០ មីនា សប្តាហ៍​ក្រោយ។ ចំណុច​ទាំងពីរ​នោះ​រួមមាន ការរៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្សនយោបាយ។ រីឯ​ចំណុច​ដែល​មិនទាន់​ឯកភាពគ្នា​នោះ​គឺ កំណែទម្រង់​ក្របខ័ណ្ឌ​​ការបោះឆ្នោត និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាដើម ​ដែល​នឹងត្រូវ​ពិភាក្សា​លើក​ក្រោយ។ ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ គណបក្ស​ទាំងពីរ​នៅតែមាន​ជំហរ​ផ្សេងគ្នា​ដដែល​ ស្តីពី​ការបោះឆ្នោត​មុន​អាណត្តិ។ 

ក្រុម​ការ​ងារ​គណបក្ស​ប្រជា​ជន​កម្ពុជា និងគណបក្ស​សង្គ្រោះជាតិ​ ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នៅថ្ងៃ​ទី៣ មីនា ២០១៤
ក្រុម​ការ​ងារ​គណបក្ស​ប្រជា​ជន​កម្ពុជា និងគណបក្ស​សង្គ្រោះជាតិ​ ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នៅថ្ងៃ​ទី៣ មីនា ២០១៤ @rif/siv channa
ផ្សាយពាណិជ្ជកម្ម

បាន​ឯកភាពគ្នា​ចំនួន​ពីរ​ចំណុច​លើ​យន្តការ​កំណែទម្រង់​ការបោះឆ្នោត ហើយ​សន្យា​ពិភាក្សា​គ្នា​លើ​ចំណុច​ខ្វែងគំនិត​គ្នា​ជា​បន្តទៀត​នៅ​សប្តាហ៍​ក្រោយ។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

បន្ទាប់ពី​កិច្ចប្រជុំ​អស់​រយៈពេល​បួន​ម៉ោង កន្លះ នៅ​ថ្ងៃទី៣ មីនា នៅ​វិមាន​ព្រឹទ្ធសភា គណបក្ស​ដែល​កំពុងមាន​ជម្លោះ​ទាំងពីរ បាន​ឯកភាពគ្នា ទី១ លើ​ការរៀបចំ ការចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​នឹង​ធានា​សិទ្ធ​បោះឆ្នោត​ដល់​ពលរដ្ឋ​គ្រប់រូប និង​ទី២ ការ រៀបចំ​បង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​របស់​គណបក្សនយោបាយ។

ថ្លែង​ទៅកាន់​ទៅកាន់​អ្នកសារព័ត៌មាន​ប្រមាណ​ជាង ៥០នាក់ ដែល​កុំ​ពុង​រងចាំ​ព័ត៌មាន​នៅ​ម៉ោង ប្រមាណ​ជា១ និង៣០នាទី​រសៀល លោក សុន ឆ័យ ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ចំណុច​ទាំងពីរ​ខាងលើ​នោះ​គឺ​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ឯកភាពគ្នា​តែប៉ុណ្ណោះ ហើយ​លោក​ថា យ៉ាងហោចណាស់៤ចំណុច​ផ្សេងទៀត​ដែល​មិនទាន់​ឯកភាពគ្នា​នោះ​ដូចជា ទី១ ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ទី២ យន្តការ​នៃ​ការ​ដោះ​ស្រាយ​​វិវាទ នៃ​ការបោះឆ្នោត​នោះ និង​ទី៣ មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​ជាដើម​នោះ ដោយឡែក​បញ្ហា​អ​ព្យា​ក្រិត​ភាព​នៃ​មន្ត្រីរាជការ ក៏​នឹងត្រូវ​លើក​យកមក​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​ទី១០ មីនា​សប្តាហ៍​ក្រោយ។

ជា​ជំនួប​ដែលមាន​សមាសភាព​ម្ខាង៦នាក់​ដដែល  លោក ប៊ិន ឈិន នឹង​ដឹកនាំ​ក្រុម​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ លោក សុន ឆ័យ​ជា​ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

បើទោះបីជា​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច បាន​មូល​ម៉ាត់​គ្នា​ធ្វើកំណែទម្រង់​ការបោះឆ្នោត​ក៏ដោយ ប៉ុន្តែ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅតែ​ប្រកាន់​ជំហរ​ដាច់​ណាត់​ដាក់គ្នា​ដដែល។ គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​លោក សុន ឆ័យ បាន​បញ្ជាក់ថា ការបោះឆ្នោត​នៅតែ​រក្សា​ជំហរ​ឱ្យមាន​ការបោះឆ្នោត​មុន​អាណត្តិ។ ប៉ុន្តែ​ជំហរ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក ប៊ិន ឈិន​ប​បញ្ជាក់ថា ការបោះឆ្នោត​មុន​អាណត្តិ​នោះ គឺ​មិនអាច​ទៅរួច​ឡើយ​ព្រោះ​មិនមាន​ចែង​ក្នុង​ច្បាប់​របស់​កម្ពុជា។

យ៉ាងណាក៏ដោយ លោក សុខ ទូច​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ បាន​ពន្យល់ថាការព្រម ព្រៀង​រវាង​គ​ណ​បក្ស​ទាំងពីរ​នោះ គឺ​គ្រាន់តែ​ជាការ​បោះពួយ​លឿន​ទៅមុខ​នៃ​ក្រុមបច្ចេកទេស​តែ​ប៉ុណ្ណោះ ព្រោះថា មេដឹកនាំ​គណបក្ស​ទាំងពីរ​នៅ​មិនទាន់​ធ្វើ​សេចក្តី ថ្លែងការណ៍​បញ្ជាក់​គោលជំហ​គាំទ្រ​នៃ​ការឯកភាព​គ្នា​រវាង​នៃ​ក្រុមបច្ចេកទេស​ទាំងពីរ​នោះទេ។ ដូច្នេះ​លោក សុខ ទូច ​អះអាង​ការសម្រេច​នេះ​នៅ​ផុយស្រួយ​នៅឡើយ​នោះទេ ហើយ​ការបិទ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​នៅមាន​ភាពស្រពិចស្រពិល​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ