អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​បន្ត​ពង្រឹង​សន្តិសុខ​ក្នុង​រាជធានី

ក្រោយពី​ការ​បោសសម្អាត​ការតវ៉ា​នៅលើ​ទីលាន​ប្រជាធិបតេយ្យ សមត្ថកិច្ច​ចម្រុះ​នៅ​បន្ត​ឃ្លាំមើល​នៅក្នុង​រាជធានី ដើម្បី​បញ្ជៀ​ស​ការជួបជុំ​ដោយ​ខុសច្បាប់។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក​ឡុង ឌី​ម៉​ង់​បាន​ប្រាប់អោយដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ស្ថានភាព​ទូទៅ​ស្ងប់ស្ងាត់​ល្អ​ហើយ ប៉ុន្តែ​វិធានការ​សន្តិសុខ​ត្រូវ​នៅ​បន្តធ្វើ ដើម្បី​សមត្ថកិច្ច​អាច​ប្រាកដថា ស្ថានភាព​នឹង​ត្រឡប់មក​ប្រក្រតីភាព​វិញ។

កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលគ្រប់គ្រងទីលានប្រជាធិបតេយ្យ បន្ទាប់ពីបណ្តេញបាតុករ រុះរើជម្រក និងវេទិការបស់បក្សប្រឆាំង ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។
កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលគ្រប់គ្រងទីលានប្រជាធិបតេយ្យ បន្ទាប់ពីបណ្តេញបាតុករ រុះរើជម្រក និងវេទិការបស់បក្សប្រឆាំង ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ ©ស្រី សុភ័ក្ត្រ
ផ្សាយពាណិជ្ជកម្ម

ចរាចរណ៍​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​បើក​អោយ​ដំណើរការ​ធម្មតា។ នៅ​ព្រឹក​មិញ​នេះ ទីលាន​ប្រជាធិបតេយ្យ​ដែល​ត្រូវបាន​បោសសម្អាត​ទាំង​បាតុករ និង​សំរាម​នោះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការជួបជុំ​របស់​កងក​ម្លាំ​ង​រយៈពេល​ខ្លី។ បើទោះជា​ចរាចរណ៍​ត្រូវបាន​បើក​អោយប្រើ​ប្រាស់​វិញ​មែន ប៉ុន្តែ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​នោះ នៅមាន​សភាព​ស្ងាត់​ដដែល។ ទីកន្លែង​ដែល​ធ្លាប់ជា​ទីតាំង​ដាក់លក់​រថយន្ត​នៅ​អម​ទីលាន​ប្រជាធិបតេយ្យ​នោះ ក៏​មិនទាន់​ត្រឡប់មក​ដូច​ធម្មតា​នៅឡើយ​ដែរ។

លោក​ឡុង ឌី​ម៉​ង់​អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​អំពី​ស្ថានភាព​ទូទៅ​នៅក្នុង​រាជធានី​ថា បាន​ស្ងប់ស្ងាត់​ល្អ ពិសេស​នៅក្នុង​តំបន់​ទីលាន​ប្រជាធិបតេយ្យ និង​តំបន់​ផ្លូវ​វេ​ង​ស្រេង ដែល​បាន​ក្លាយជា​តំបន់​ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​សុក្រ រវាង​ក្រុមបាតុករ និង​ក្រុម​ប៉ូលីស។  

ប៉ុន្តែ​សម្រាប់​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ដដែល​នេះ ការធ្វើដំណើរ​ឃ្លាំមើល​របស់​សមត្ថកិច្ច​នៅក្នុង​រាជធានី​ជាទូទៅ នៅ​បន្តធ្វើ​ដដែល ហើយ​ថា​នេះ​គឺជា​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​តែប៉ុណ្ណោះ។ ប្រសិនបើ​មានការ​រិះគន់ ឬ​ការព្រួយបារម្ភ​ថា សមត្ថកិច្ច​បំបែក​រាល់​ការជួបប្រជុំ​នោះ លោក​ឡុង ឌី​ម៉​ង់​បាន​ពន្យល់ថា សមត្ថកិច្ច​ហាមប្រាម​តែ​ការជួប​ជុំណា​ដែលមាន​លក្ខណៈ​ជាការ​រៀបចំ​ការតវ៉ា​នានា​តែប៉ុណ្ណោះ។

មិនមាន​ការអះអាង​អំពី​សមត្ថកិច្ច​ជំនាញ​ថា តើ​វិធានការ​ឃ្លាំមើល​របស់​ប៉ូលីស​នឹងត្រូវ​ធ្វើ​ដល់ពេល​នោះទេ។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងមហាផ្ទៃ​ដែល​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​បោ​សម្អាត​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​លើ​ទីលាន​ប្រជាធិបតេយ្យ​នោះ ក្រសួងមហាផ្ទៃ​បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន ការធ្វើ​បាតុកម្ម ការជួបជុំ​ជា​សាធារណៈ ឬ​ការ​ដង្ហែ​ក្បួន​នានា រហូតដល់​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ត្រឡប់មក​ជាធម្មតា​វិញ។
ត្រង់ចំនុច​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់​អោយដឹង​ផងដែរ​ថា ប្រសិនបើ​សភាព​សន្តិសុខ​បាន​វិល​មករក​ប្រក្រតីភាព​វិញ​ហើយ​នោះ សាលា​រាជធានី​នឹង​អាច​ពិនិត្យឡើងវិញ​គម្រោង​ធ្វើបាតុកម្ម​នានា​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ