អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង ផ្ញើ​លិខិតទី​២​ទៅ​សាលា​ក្រុង ស្នើ​សុំ​ទីតាំង​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សារាជធានី​ខណ្ឌ

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៣​មេសា​នេះ បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ក្រុង​ភ្នំពេញ​ម្ដង​ទៀត ដើម្បី​ស្នើ​សុំ​ទីលាន​ប្រជាធិប​តេយ្យ ឬ​សួន​ការ៉ូឡា​ខាង​កើត ចំហៀង​ខាង​ត្បូង​វត្ត​បុទុម​វត្តី ដើម្បី​ជួប​ជុំ ធ្វើ​ការ​ឃោស​នា​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ​។ នេះ​ជា​លិខិត​ទី​២​ហើយ ដែល​បក្ស​ប្រឆាំង​នេះ​​ផ្ញើ​ជូន​អភិបាល​ក្រុង​ភ្នំពេញ បន្ទាប់​ពី​លិខិត​ទី​១ មិន​ទាន់​ទាំង​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឆ្លើយ​តប​ផង​នោះ​។

គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក។
គណបក្សសង្គ្រោះជាតិ​ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ពុធ​ទី​២៣​មេសា​នេះ គណបក្ស​សង្គ្រោះជាតិ បាន​ផ្ញើ​លិខិត​ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ទីតាំង​ជួប​ជុំ ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ទី​២​ឧសភា រហូត​ដល់​ថ្ងៃ​បិទ​យុទ្ធនាការ​។

បក្ស​ប្រឆាំង ធ្លាប់​បាន​ផ្ញើ​លិខិត​ដែល​មាន​កម្មវត្ថុ​ដូច​គ្នា​នេះ ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១៨​មេសា​កន្លង​ទៅ។ ប៉ុន្តែ​មិន​ទាន់​ទាំង​បាន​ទទួល​ការ​ឆ្លើយ​តប​ផង គណបក្ស​​នេះ ស្រាប់​តែ​ផ្ញើ​លិខិត​ទី​២ ទៅ​កាន់​អភិបាល​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្ដង​ទៀត​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា សាលា​រាជធានី​ភ្នំពេញ ពិត​ជា​មិន​បាន​ឆ្លើយ​តប​ចំពោះ​លិខិត​ស្នើ​សុំ ចុះ​ថ្ងៃ​ទី​១៨​មេសា​របស់​គណបក្ស​សង្គ្រោះជាតិ​មែន។ ការ​សម្រេច​មិន​ឆ្លើយ​តប ព្រោះ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​លិខិត​ស្នើ​សុំ​នោះ ពុំ​បាន​ត្រឹម​ត្រូវ​តាម​នីតិ​វិធី។

ថ្វី​ត្បិត​តែ​មិន​បាន​ឆ្លើយ​តប តែបើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ សាលា​រាជធានី​​បាន​អញ្ជើញ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មក​ពិភាក្សា និង​ពន្យល់អំ​ពី​នីតិ​វិធី​ត្រឹម​ត្រូវ​។ ហើយ​នៅ​ទី​បំផុត គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ដាក់​លិខិត​ស្នើ​សុំ​ មក​កាន់​សាលា​រាជធានី​ភ្នំពេញ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​២៣​មេសា​។ លិខិត​ស្នើ​សុំ​លើក​ទី​២​នេះ ត្រូវ​បាន​មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា បាន​ទទួល​ហើយ។ ហើយ​កំពុង​ត្រូវ​បាន​ដាក់​ជូន​អភិបាល​រាជធានី​ភ្នំពេញ ពិនិត្យ ដើម្បី​សម្រេច​។

លិខិត​ចុះ​ថ្ងៃពុធ​​ទី​២៣​មេសា របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ជូន​អភិបាល​រាជធានី​ភ្នំពេញ មាន​កម្មវត្ថុ ស្នើ​សុំ​ទី​លាន​ប្រជាធិបតេយ្យ ឬ​សួន​ការ៉ូឡា​ខាង​កើត ចំហៀង​ខាង​ត្បូង​វត្ត​បុទុម​វត្តី ដើម្បី​ជួប​ជុំ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ក្រុម​ប្រឹក្សា​ខណ្ឌ នៃ​រាជធានី​ភ្នំពេញ​​។ ជាការ​ឃោសនា​​ដែល​ប្រព្រឹត្ត​ធ្វើ​​ពី​ថ្ងៃ​ទី​២​ខែ​ឧសភា រហូត​ដល់​ថ្ងៃ​បិទ​យុទ្ធនាការ ចាប់​ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៩​យប់​ ដោយ​មាន​អ្នក​ចូល​រួម​ពី​៣​ពាន់ ទៅ​៥​ពាន់​នាក់​។

បើ​ទោះ​បី​ជា​សាលា​រាជធានី​ភ្នំពេញ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ក្ដី គេ​ហាក់​ពិបាក​សង្ឃឹម​ថា​មាន​ចម្លើយ​វិជ្ជមាន​ណាស់។ មិន​សង្ឃឹម ព្រោះ​ថា អភិបាល​រាជធានី​ភ្នំពេញ តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក បាន​បញ្ជាក់​ជា​ថ្មី​ហើយ​ថា អាជ្ញាធរ​រាជធានី នៅ​តែ​បន្ត​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ ឬ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឡើយ រហូត​ដល់​តុលាការ​រក​ឃើញ​ថា អ្នក​ណា​ជា​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដែល​កើត​ឡើងក្នុង​ពេល​​កន្លង​មក​ជា​មុន​សិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ