អានតួអត្ថបទ
កម្ពុជា-មីន

អាជ្ញាធរ​ស៊ី​ម៉ាក់ បញ្ជាក់​ថា ការ​រុក​រក​គ្រាប់​បែក​គីមី​ទី​ពីរ​នៅ​ខេត្ត​ស្វាយ​រៀង​ អាច​ប្រឈម​នឹង​ការ​លំបាក

រហូត​មក​ទល់​ពេល​នេះ ក្រុម​ការងារ​នៃ​អាជ្ញាធរ​មីន​កម្ពុជា ​និង​អង្គភាព​គ្រប់គ្រង​អាវុធ​គីមី​កម្ពុជា ​កំពុងបន្ត​ប្រតិបត្តិការ​រុក​រក គ្រាប់​បែក​គីមី​ទី​ពីរ ដែល​ស្ថិត​ក្នុង​បរិវេណ វត្ត​គគីរ​ ស្រុក​រមាស​ហែក ខេត្តស្វាយ​រៀង។ លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ស៊ីម៉ាក់ អះ​អាង​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ នៅថ្ងៃ​អាទិត្យ​នេះ​ថា ប្រតិបត្តិការ​រុក​រក​គ្រាប់​បែក​គីមី​ទីពីរ​នេះ អាច​ប្រឈម​នឹង​ការលំបាក​ ដោយ​សារ​តែ​សារធាតុ​គ្រាប់​បែក​គីមី​នេះ​នៅ​តែ​មាន​គ្រោះ​ថ្នាក់​ខ្លាំង និង​ទាមទារ​បច្ចេក​ទេសខ្ពស់​។  

គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង។
គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង។ @Fresh news
ផ្សាយពាណិជ្ជកម្ម

ក្រៅ​តែ​មាន​អនុភាព​សារ​ធាតុ​គីមី​ខ្លាំង គ្រាប់​បែក​គីមី​ទីពីរ​ដែល​សេស​សល់​ពី​សម័យ​សង្រ្គាម​នេះ ទំនង​ជា​អាច​កប់​ក្នុង​ដី​ជ្រៅ​ ឬ​ស្ថិត​នៅ​ខាង​ក្រោម​អគារ​សាលា​ឆាន់ ឬ​ក្បែរ​អគារ​សាលារៀន ដែលរឹង​រឹតតែធ្វើឲ្យ​ដំណើការ​ដោះ​គ្រាប់​ចេញ​កាន់​តែ​ប្រឈម​នឹង​បញ្ហា​ខ្ពស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា។ លោក អះ​អាង​ថា អាជ្ញាធរ នឹង​ខិត​ខំ​ពន្លឿនការ​ដោះ​គ្រាប់​បែក​គីមី​ទី​ពីរ ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បើ​តាម​គម្រោង អាជ្ញាធរ ​នឹង​បញ្ចប់​ការ​ដោះ​គ្រាប់​បែក​គីមី​ដ៏​គ្រោះ​ថ្នាក់​ចុង​ក្រោយ នៅ​ក្នុង​បរិវេណ​វត្ត​គគីរ​នេះ ក្នុង​រយៈពេលពី​ ២ទៅ៣ ថ្ងៃ​ទៀត​។

យ៉ាង​ណា​ក៏​ដោយ លោក ហេង រតនា មិន​បាន​បញ្ជាក់​លម្អិត​ពី​វិធានការណ៍ ​ថា​តើ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ទៀតនោះ​ទេ ប្រសិន​បើ​គ្រាប់​បែក​នោះពិត​ជា​ស្ថិត​ក្រោម​អាគារ​សាលា​ឆាន់​មែន​នោះ​។

ខណៈ​ប្រតិបត្តិការ​រុក​រក​គ្រាប់​បែក​ទី​ពីរ នឹង​ចាប់​ផ្តើម​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី ០៩ តុលា នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ក៏​បាន​បញ្ជាក់​ដែរ​ថា អាជ្ញាធរ​នឹង​ជម្លៀស​ប្រជាពលរដ្ឋ​ដែលស្ថិត​នៅ​ក្បែរ​តំបន់​ប្រតិបត្តិការ​នោះ​ជា​បណ្តោះ​អាសន្ន​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​នានា​។ ប្រតិបត្តិ​ការ​រុក​រក​គ្រាប់​បែក​គីមី​ទី​ពីរ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ការងារ​អាជ្ញាធរ​មីន​កម្ពុជា និង​អង្គភាព​គ្រប់​គ្រង​អាវុធ​គីមី​កម្ពុជា ដែល​មាន​សមាជិក​ចំនួន​ជិត ៦០ នាក់ ដោយ​មាន​អ្នក​ជំនាញការ​អាមេរិក​ផង បាន​បញ្ចប់បេសកកម្ម​ដោះ​គ្រាប់​បែក​គី​មី​ទី​មួយ កាល​ពី​ថ្ងៃទី ៦ ខែ​តុលា។

មក​ទល់​ពេល​នេះ អាជ្ញាធរ បាន​គ្រប​ទុក​គ្រាប់បែក​គីមី​ទី​១​ដែល​បាន​រកឃើញ ដោយ​អ្នក​ជំនាញ​បាន​យល់​ស្រុះស្រួល​គ្នា​ថា ​ពួកគេ​នឹងធ្វើ​ការ​វេច​ខ្ចប់​គ្រាប់បែក​ទាំង​២​ព្រម​គ្នា ​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​ចំហាយ​គីមី​គ្រាប់បែក ​នៅពេល​ដែល​រកឃើញ​គ្រាប់​ទី​២​។

លោក ហេង រតនា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ទៀត​ថា ​បើសិន​អាកាស​ធាតុ​ល្អ ​មាន​ភ្លៀង​ធ្លាក់​នោះ​នឹង​ផ្តល់​អំណោយផល​ដល់​ប្រតិបត្តិការ​ដោះយក​គ្រាប់បែក​គីមី​ទៅវិញ​ទេ ​ដោយសារ​ទឹកភ្លៀង​អាច​នឹង​ជួយ​ទប់ស្កាត់​ដល់​ការ​សាយភាយ​ធាតុ​វិទ្យុ​សកម្ម​បាន ​ក៏​ប៉ុន្តែ​ បារម្ភ​ពី​ការហូរ​សារធាតុ​គីមី​តាម​ទឹកភ្លៀង​ផងដែរ​។

សូម​ជម្រាប​ជូន​ថា ប្រតិបត្តិការ​ដោះ​គ្រាប់​បែក​គីមី នៅ​ក្នុង​បរិវេណ វត្ត​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​បទ​បញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​អ្នក​ជំនាញ​អាវុធ​គីមី​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា កម្ទេច ដោយ​មិន​រង់​ចាំ​ការ​ផ្តល់​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ