អានតួអត្ថបទ
កម្ពុជា

កម្ពុជា-ចិន​ជំរុញ​ចង់​ឃើញ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ដែន​​សមុទ្រ​សហ​ប្រតិបត្តិការ​ចិន-អាស៊ាន​

រដ្ឋមន្ត្រី​​​ការបរទេស​​អាស៊ាន ​​បាន​​ជជែក​​គ្នា​​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​​អំពី​​ដំណើរ​​ឆ្ពោះ​​ទៅ​​រក​​ការ​​ដោះស្រាយ​​ជម្លោះ​​ដែន​​សមុទ្រ​​ចិន​​ខាង​​ត្បូង។ ​ខណៈ​​ដែល​​អាស៊ាន​ ​កំពុង​​ជជែក​​អំពី​​ការ​​តាក់តែង​​សេចក្តី​ព្រាង​​ក្រម​​ប្រតិបត្តិ​​(Code of Conduct)​ ហ្វីលីពីន​​​ដែល​​ជា​​ភាគី​​ជម្លោះ​​មួយ​​នោះ ​​បាន​​អំពាវនាវ​​អោយ​​អាស៊ាន​​ព្រមព្រៀង​​រួម​គ្នា​​លើ​​ខ្លឹម​សារ​​នៃ​​សេចក្តី​ព្រាង​ក្រម​​នេះ ​មុន​​នឹង​​ជជែក​​ជាមួយ​​ចិន។ ​រដ្ឋមន្ត្រី​​ការបរទេស​​កម្ពុជា​ លោក​​ឧប​នាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​​​ អត្ថាធិប្បាយ​​ថា​ នៅ​​ពេល​​ចិន​​ត្រៀម​​ជជែក​​អំពី​​ក្រម​​ប្រតិបត្តិ​​នេះ​​ជាមួយ​​អាស៊ាន​ អាស៊ាន​​គួរ​តែ​​ឆ្លៀត​​ពេល​​ជួប​​ជា​មួយ​​​ចិន។​

សម័យប្រជុំ របស់​បណ្តារដ្ឋមន្ត្រី​អាស៊ាន​(AMM) នៅភ្នំពេញថ្ងៃ​ ២ មេសា​២០១២
សម័យប្រជុំ របស់​បណ្តារដ្ឋមន្ត្រី​អាស៊ាន​(AMM) នៅភ្នំពេញថ្ងៃ​ ២ មេសា​២០១២ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ភ្នំពេញ​និង​ប៉េកាំង​ បាន​ឯកភាព​គ្នា​ថាត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​ចិននិងង​អាស៊ាន​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ប្រែក្លាយ​តំបន់​ជម្លោះ​នេះ ទៅ​ជា​សមុទ្រ​សន្តិភាព មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​​សម្រាប់ ចិន និង​បណ្តា​ប្រទេស​អាស៊ាន។

ជំហរ​របស់​កម្ពុជា និង​ចិន​យ៉ាងនេះ​ត្រូវ​បាន​ប្រកាស​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​ចិននៅ​ថ្ងៃ​ទី​២​មេសា​នេះ នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់ ​លោក​ប្រធានាធិបតី​​ចិន​នៅ​កម្ពុជា។

សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជាសាធារណៈ  ខណៈ​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​ក៏​កំពុង​ជជែក​អំពី​យន្តការ​​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​តាម​រយៈ​ការ​​តាក់តែង​សេចក្តីព្រាងក្រម​ប្រតិបត្តិ Code of Conduct ក្នុង​ចំណោម​សមាជិក​អាស៊ាន។

មានការលើកឡើង​ផ្សេងៗគ្នាខ្លះ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​តាក់តែង​សេចក្តីព្រាងក្រម​ប្រតិបត្តិ​ CoC នេះទៀត។ ហ្វីលីពីន​ដែល​ជា​សមាជិក​មួយ​របស់​អាស៊ាននិង​ជា​ភាគី​ជម្លោះមួយ​ដែល​នោះ បាន​អំពាវនាវ​​អោយ​សមាជិក​អាស៊ាន​ព្រមព្រៀងគ្នា​ជាមុនចំពោះ​សេចក្តីព្រាង​ក្រម​ប្រតិបត្តិ​នេះ មុន​នឹងយក​សេចក្តី​ព្រាងក្រម​នេះ ទៅជជែក​ជាមួយ​ចិន។

ចេញ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ព្រឹក​ថ្ងៃ​ទី​២​មេសា​នេះ ប្រមុខ​ការទូត​ខ្មែរ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មានយ៉ាងខ្លី​ថា៖ “នៅពេលដែល​ចិន​​យល់ព្រម និងត្រៀមជជែកអំពីបញ្ហា CoCនេះហើយ យើងគួរឆ្លៀតយកឱកាសនេះ​ដើម្បី​និយាយ​​ជាមួយ​ចិន”។

នៅ​ពេល​ដែល​ទីក្រុង​ប៉េកាំង​ទើប​បាន​យល់ព្រម​ក្នុង​នាទី​ចុងក្រោយ​អោយ​មាន​ការជជែក​អំពី​បញ្ហា​​ជម្លោះសមុទ្រ​ចិនខាងត្បូង​ក្នុង​ក្របខណ្ឌ​អាស៊ាន​នេះ បើតាមការអះអាង​របស់លោក​កៅ គឹមហួន រដ្ឋលេខាធិការក្រសួង​ការបរទេសកម្ពុជា ទីក្រុងប៉េកាំង​បានស្នើ​អោយមានការ​បង្កើត​ក្រុមឥស្សរជន និងក្រុមបច្ចេកទេស​ដើម្បី​ពិភាក្សា​អំពី​យន្តការនៃការដោះ​ស្រាយ​ជម្លោះ។

ទោះយ៉ាងណាក៏ដោយ អាស៊ាននិងចិនជំរុញអោយមានការប្រើប្រាស់​យន្តការដោះស្រាយ​ដែល​​​មាន​​ស្រាប់ ដូចជា​សេចក្តី​ថ្លែងការណ៍​ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានចុះ​ហត្ថលេខា​តាំងពី​១០​ឆ្នាំ​មុន (៤ វិច្ឆិកា ២០០២)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ