អានតួអត្ថបទ
កម្ពុជា

CCIM បង្ហាញ​របាយ​ការណ៍ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ជា​លើក​ទី៣

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM បានដាក់​បង្ហាញ​លទ្ធផល​នៃ​ព័ត៌មាន​​ស៊ើបអង្កេត និង​វេទិការ​សហគមន៍​អំពី​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។ វេទិកា​លើក​ទី៣ ដែល​មជ្ឈមណ្ឌល​នេះ បានដាក់​បង្ហាញ​លទ្ធផល​របស់ខ្លួន ដើម្បី​ជាការ​ផ្តល់​មតិយោបល់​​ទៅ​ដល់គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ក្នុង​របាយ​ណ៍​ស៊ើបអង្កេត បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ការបាត់បង់​សិទ្ធិ​ពលរដ្ឋ​បោះឆ្នោត និង​ការបញ្ជាក់​លិខិត​អត្ត​សញ្ញាណ គឺជា​ដើមចម​នៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត។ សម្រាប់​គ.ជ.ប របាយ ការណ៍​របស់​CCIM មាន​លក្ខណៈ​ដដែលៗ។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យCCIM
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យCCIM @rfi/mesa
ផ្សាយពាណិជ្ជកម្ម

សាជាថ្មី​ម្តងទៀត មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ពី​លទ្ធផល​នៃ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​អាណត្តិ​ទី៥ កន្លង​ទៅនេះ។  ជា​របាយការណ៍​ដាក់​បង្ហាញ​តាមរយៈ​ការស្រាវជ្រាវ​ព័ត៌មាន​ស៊ើបអង្កេត និង​ពី​វេទិកា​សហគមន៍។ 

ក្នុង​សន្និសីទ​លើក​ទី៣ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៨ កុម្ភៈ​នេះ លោក ណុប​វី ប្រធាន​គ្រប់គ្រង​ផ្នែក​អភិវិឌ្ឍ​ន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ CCIM បាន​បង្ហាញថា មាន​បញ្ហា៥ចំណុច​ដែល​បានធ្វើ​ឱ្យមាន​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​អាណត្តិ​ទី៥កន្លងទៅនេះ។ ទី១ ការបាត់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។ ទី២ ការឃោសនា​មិន​ស្មើភាព​គ្នា​រវាង​បក្ស​ចូលរួម​ការបោះឆ្នោត។ ទី៣ ការបោះឆ្នោត​របស់​ជន​អន្តោប្រវេសន៍​វៀតណាម។ ទី៤ ការដឹកជញ្ជូន​មនុស្ស​ពីមួយ​កន្លែង​ទៅ​កន្លែងមួយទៀត និង​ភាពមិនប្រក្រតី​នៃ​ការប្រើប្រាស់​លិខិតបញ្ជាក់​អត្ត​សញ្ញាណ​ជាដើម។

ក្នុង​សន្និសីទ​លើក​ទី៣ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ អ៊ី​ម​ភើ​រៀល​នេះ CCIM ក៏បាន​បង្ហាញ​ដែរ​ពី​ការបាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​នៅ​តំបន់​បុរី​កីឡា ដែល​ត្រូវបាន​ប​ញ្តេ​ញ​ចេញ កាលពី​ដើមឆ្នាំ២០១២កន្លងទៅ។ ដោយឡែក​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​រស់នៅ​លើទឹក​ដី​កម្ពុជា​​ដែលមាន​សិទ្ធិ​បោះឆ្នោត ក៏ត្រូវ​បាន​CCIM ធ្វើការ​អង្កេត​ផងដែរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោកប៉ា ងួនទៀង បាន​បញ្ជាក់​​ពី​គោលបំណង​នៃ​សន្និសីទ​លើក​ទី៣នេះ​ថា ដើម្បី​បញ្ជាក់​ទៅដល់​គណៈ​កម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏ដូចជា​រដ្ឋាភិបាល​ ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​សាជាថ្មី​ម្តងទៀត តាមរយៈ​ការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល។

នាយក​ប្រតិបត្តិ​រូបនេះ បាន​អះអាងថា ការមិន​ខ្វល់​របស់​រដ្ឋាភិបាល ស្តីពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នេះ គឺ​កំពុងតែ​បាន​ជះឥទ្ធិពល​ដល់​ស្ថានភាព​នយោបាយ​សង្គម​នា​ពេល​បច្ចុប្បន្ន។ ​បើតាម​លោក ប៉ា ងួនទៀង ដដែល បើទោះបីជា​រដ្ឋាភិបាល​មិនទាន់បាន​ដោះ​ស្រាយ​​មែន ប៉ុន្តែ​រដ្ឋាភិបាល​បាន​សន្យា​នឹង​ជំរុញឱ្យមាន​កំណែទម្រង់។

ចំណែក​ឯគ.ជ.ប​វិញ អគ្គលេខាធិការ​គ.ជ.ប លោក ទេព នីថា បាន​ឆ្លើយតប​នឹង​របាយការណ៍​របស់​CCIMថា ជា​របាយការណ៍ដដែលៗ។ ហើយ​ថា គ.ជ.ប​ធ្វើការ​តាមតែ​ច្បាប់​ចែង​តែប៉ុណ្ណោះ ហើយ​ស្នើឱ្យ​CCIMផ្តល់​ភស្តុតាង​ជាក់ស្តែង ស្តីពី​ភាពមិនប្រក្រតី​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ