អានតួអត្ថបទ
កម្ពុជា

ADB​​ផ្តល់​​ប្រាក់​​កម្ចី​​៧៥​​លាន​​ដុល្លារ​​ដល់​​ធនាគា​រ​អេ​​ស៊ីលី​​ដា​​

ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅ​ថ្ងៃ​ពុធ​ទី២៨ ឧសភា​នេះ បាន​ចុះហត្ថលេខា​ផ្តល់​កម្ចី​ពាណិជ្ជកម្ម​ចំនួន៧៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដ​ល់ធ​នាគា​អេស៊ីលីដា​របស់​កម្ពុជា។  ADB បាន​បញ្ជាក់ថា​កម្ចី​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កម្ចី​ពី​សហគ្រាសខ្នាតតូច​បំផុត ខ្នាតតូច ឬ​ខ្នាត​មធ្យម​ដែល​កំពុង​កើនឡើង។  

ធនាគារអភិវឌ្ឍន៍អាស៊ី ADB។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB។ DR
ផ្សាយពាណិជ្ជកម្ម

ការលើកកម្ពស់​លទ្ធភាព​ដំណើរការ​អាជីវកម្ម​ខ្នាតតូច​បំផុត ខ្នាតតូច និង​សហគ្រាស​ខ្នាត​មធ្យម​នៅ​កម្ពុជា​ឱ្យទទួល​បានការ​ប្រើប្រាស់​កម្ចី​រយៈពេល​វែង​សម្រាប់​អាជីវកម្ម​របស់ខ្លួន។ នេះ​គឺជា​គោលបំណង​នៃ​ការផ្តល់​កម្ចី​ទឹកប្រាក់ ចំនួន៧៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ADB មកកាន់​ធនាគារ​អេស៊ីលីដា។

ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បញ្ជាកថា​ការផ្តល់​កម្ចី​ឱ្យ​ធនាគា​អ​ស៊ី​លីដា​នេះ គឺ​ដើម្បីឱ្យ​ធនាគារ​ដែលមាន​បណ្តាញ​សាខា​ច្រើន​នៅតាម​ទីជនបទ​មួយ​នេះ អាច​ពង្រឹង​មូលដ្ឋាន​កម្ចី និង​ពង្រីក​សេវា​របស់ខ្លួន​ដល់​សហគមន៍​ដែល​មិនទាន់​បានទទួល​សេវា​គ្រប់គ្រាន់​នៅឡើយ។ តាមរយៈ​កម្ចី​នេះ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បញ្ជាក់ថា កម្ចី​រយៈពេល​វែង​នេះ គឺ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបង្កើត​ចំណូល និង​ការងារ​នៅតាម​ជនបទ ដែលមាន​ប្រជាពលរដ្ឋ​កម្ពុជា​ក្រីក្រ​ប្រមាណ​ជា៩០%រស់នៅ។

ADB បាន​បញ្ជាក់ថា សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជាមាន​កម្រិត​ទាប​ជាងគេ​បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ខណៈ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ៧៣ភាគរយៈ​កំពុង​ទទួលបាន​ការងា​រ​ធ្វើ​ពី​វិស័យ​សហគ្រិន​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម​នេះ។ ប៉ុន្តែ​ផ្ទុយទៅវិញ​វិស័យ​សហគ្រាស​នៅ​កម្ពុជា​បែរជា​ទទួលបាន​លទ្ធភាព​កម្ចី​តិចតួច​ពី​ធនាគា​ក្នុងស្រុក ហើយ​មាន​អាត្រា​ការប្រាក់​កម្ចី​ខ្ពស់។ សូមបញ្ជាក់ថា សហរ​គ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​ចំនួន៨៤% ទទួលបាន​កម្ចី​ពី​វិស័យ​ហិរញ្ញវត្ថុ​ក្រៅ​ប្រព័ន្ធ​ដែលមាន​ការប្រាក់​រហូត​ដល់១០ក្នុង​មួយខែ។ នេះ​បើតាម​ការបញ្ជាក់​ពី​ធនាគារជាតិ​កម្ពុជា។

កង្វះ​ថវិកា​កម្ចី​រយៈពេល​វែង​ដល់​សហគ្រិន​ដែល​ត្រូវកា​ប្រើប្រាស់​ថវិកា​ពី៣ទៅ៥ឆ្នាំ​នោះ គឺជា​មូលហេតុ​ដែល​ធនាគា​អេស៊ីលីដា​ត្រូវការ​កម្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក អ៊ិន ច​ន្នី។ លោក​បន្តថា​តាមពិត​អេស៊ីលីដា​មាន​ទឹកប្រាក់​ជិត២ពាន់​លាន​ដុល្លារ​សម្រាប់​បម្រើ​សេវាកម្ម​កម្ចី​ប៉ុន្តែ​ទឹកប្រាក់​ទាំងនោះ គឺអាច​ផ្តល់​បានត្រឹមតែ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ។

សម្រាប់​កម្ចី​ទៅឱ្យ​ធនាគារ​អេស៊ីលីដា​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​ADB ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​មួយ​នេះ បាន​មើលឃើញ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អេស៊ីលីដា ដែលមាន​បណ្តាញ​របស់​ខ្លួន​នៅ​ប្រទេស​ឡាវ និង​ភូមា​ជា​បន្តទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ