អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ហ៊្វុនស៊ិនប៉ិច​៤រូប ទទូច​ឲ្យ​សម្ដេច​ក្រុម​ព្រះ​បំភ្លឺ​ជុំវិញ​ការ​បណ្ដេញចេញ

បន្ទាប់​ពី​គណបក្សហ៊្វុន​ស៊ិនប៉ិច ចេញ​សេចក្ដី​សម្រេច​បញ្ចប់​តួនាទី​មុខ​តំណែង​កាល​ពីថ្ងៃ​ទី​២០​សីហា​មក អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំង​៤រូប ដែល​ធ្លាប់​ស្និទ្ធ​ជាមួ​យ​​សម្ដេច​ក្រុមព្រះ នរោត្តម រណឬទ្ធ បាន​ចេញ​មក​ធ្វើ​សន្និសីទ​កាសែត នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​​ទី​២៣​សីហា​នេះ។ តាម​រយៈ​សន្និសីទ​កាសែត​ដែល​មាន​រយៈ​ពេល​ជាង​២ម៉ោង​មន្ត្រី​ទាំង​៤ ទទូច​ទាមទារ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ក៏​ដូច​ជា សម្ដេច​ក្រុម​ព្រះ បំភ្លឺជុំវិញ​ការ​បញ្ចប់​សមាជិកភាព​របស់​ខ្លួន។ ​

សមាជិកសភាថ្មីទាំង៤៤រូប នាំមុខដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទៅធ្វើពិធីសច្ចាប្រណិ​ធាន ​នៅ​ក្នុង​ព្រះបរមរាជ​វាំង ​ថ្ងៃទី ​២៨ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។​
សមាជិកសភាថ្មីទាំង៤៤រូប នាំមុខដោយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានចូលទៅធ្វើពិធីសច្ចាប្រណិ​ធាន ​នៅ​ក្នុង​ព្រះបរមរាជ​វាំង ​ថ្ងៃទី ​២៨ ​វិច្ឆិកា ​ឆ្នាំ ​២០១៧​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​ទាំង​៤រូប បាន​អះអាង​ព្រម​គ្នា​ថា ជា​មនុស្ស​ធ្លាប់​​មាន​ភក្ដី​ភាព និង​ធ្វើ​ការ​ងារ​ជាមួយ​សម្ដេច​ក្រុម​ព្រះនរោត្តម រណឬទ្ធ ជិត​៤០​ឆ្នាំ​ម​ក​ហើយ ​ មិន​គួរ​ឡើយ​ការ​បញ្ចប់​តួនាទី​របស់​ពួកគេ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពន្យល់​មូល​ហេតុ​​ឲ្យ​បាន​ច្បាស់​លាស់​បែប​នេះ​សោះ។

លោក យូ ហុកគ្រី អតីត​អនុ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​លើក​ឡើង​ថា ការ​បញ្ចប់​ស​មា​ជិក​​ភាព​ជា​ចម្ងល់​មួយ​មិន​ទាន់​រក​ចម្លើយ​ឃើញ​ទៅ​ហើយ នៅ​ឡើយ​តែ​សុំ​ធ្វើ​ជាសមាជិក​ធម្ម​តា​នៅ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ក៏​មិន​ទទួល​បាន​ការ​យល់ព្រម​ទៅ​ទៀត។

សម្រាប់លោក យូ ហុកគ្រី ការ​បញ្ចប់​តួនាទី​លោក ដោយ​ពុំ​បាន​បញ្ជាក់​មូលហេតុ​បែប​នេះ ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​រូប​លោក​ឈឺ​ចាប់ បើ​ធៀប​នឹង​ពេល​វេលា​អតីត​កាល ដែល លោក​​ធ្លាប់​ត្រូវ​បាន លោក ញឹក ប៊ុនឆៃ ដក​ចេញ​ពី​តំណែង​អនុប្រធាន​ទី​២​រដ្ឋសភា ក្នុងឆ្នាំ២០​០​៦ក៏ដោយ​​​​។

ស្រប​ពេល​ដែល​អ្នក​កាសែត​សួរ​ថា តើ​ការ​បញ្ចប់​សមាជិកភាព​មន្ត្រី​ទាំង​៤ អាច​មក​ពីមូល​ហេតុ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ប្រើប្រាស​ត្រា​ក្លែង​ក្លាយ ដើម្បី​លក់​ទី​ស្នាក់​ការ​បក្ស ឬ​ក៏​ការ​​ប្រើប្រា​ស់​ត្រា ដើម្បី​តម្លើង​តួនាទី​នានា នៅ​ក្នុង​បក្ស​យ៉ាង​ណា​នោះ​? អតីត​មន្រ្តី​គណ​បក្ស​​ហ្វ៊ុនស៊ិនប៉ិច​ដែល​រួមមានៈ លោក ញ៉េប ប៊ុនជិន លោក​យូ ហុកគ្រី លោក វ៉ាន សុផាន់​​ណា និងលោក ប៉ោ ប៊ុនស្រ៊ឺ បាន​ចេញ​មុខ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

បើ​តាម​ជំហរ មន្ត្រី​ទាំង​៤​បាន​អះ​អាង​ថា ពួក​គេ​ចង់​ជួប​សម្ដេច​ក្រុម​ព្រះនរោត្តម រណឬទ្ធ ​ជា​លើក​ចុង​ក្រោយ។ ហើយ​បំណង​ចង់​ជួប​នោះ​មិនមែន​ឲ្យ​សម្ដេច​ក្រុម​ព្រះ​អន្តរាគមន៍ដើ​ម្បី​ឲ្យ​ពួក​គេ​វិល​ចូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​ទេ។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ ក្នុង​ចំណោមមន្ត្រី​ទាំង​៤​គឺលោក យូ ហុកគ្រី និង លោក ប៉ោ ប៊ុនស្រ៊ឺ បាន​ប្រកាស​មិន​ធ្វើ​នយោបាយទៀត​ឡើយ ​ហើយ​ក៏​មិន​មាន​បំណង​ចូល​រួម​នយោបាយ ជាមួយ​គណបក្ស​កាន់​អំណាចដែរ។

គួរកត់សម្គាល់ថា មុន​បញ្ចប់​សមាជិក​ភាព​មន្ត្រី​ទាំង​៤​សម្ដេច​ក្រុមព្រះនរោត្តម រណឬទ្ធ ផ្ទេរ​តំណែង​ប្រធាន​គណបក្ស​ស្តីទី ទៅ​ឲ្យ​ព្រះរាជបុត្រា​ច្បង​នរោត្តម ចក្រាវុឌ្ឍ និង​ដក តំណែង​លោក យឹម សាវី អគ្គលេខាធិការ​បក្ស ជំនួស​ដោយ​លោក ពេជ្រ សូដេថ្ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ២០១៨។ សម្រាប់​អ្នក​វិភាគ​យល់​ថា ផ្ទៃ​ក្នុង​គណបក្ស​ហ្វ៊ុនកំពុង​ជាប់​កុន​បញ្ហា​ធ្ងន់ធ្ងរ ក្រោយ​ការ​បណ្ដេញ​មន្ត្រី​ចាស់​វស្សា ដែល​ជា​គ្រឹះ​សំខាន់ចុង​ក្រោយ​របស់​ហ្វ៊ុន​ស៊ិនប៉ិច ចេញ​ពី​គណបក្ស៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ