អានតួអត្ថបទ
កម្ពុជា-សង្គម

ការ​ធ្វើ​ជំរឿននៅ​កម្ពុជា មិន​អាចបិទ​​បញ្ចប់​នៅ​ថ្ងៃ​ទី​១៣​មីនា តាម​ការ​គ្រោង​ទុកឡើយ

ការ​ធ្វើ​ជំរឿននៅ​កម្ពុជា ទំនង​ជា​​​មិនអាច​បញ្ចប់​បាន​តាមការគ្រោងទុកនោះឡើយ ហើយ​អាច​នឹង​ត្រូវ​បន្ថែម​ថ្ងៃ​ជំរឿន​២​ថ្ងៃ​​​ទៀត​​ ពោល​​គឺដំណើរការរាប់ជំរឿននឹងត្រូវអូស​បន្លាយ​រហូតដល់ថ្ងៃទី១៥មីនា។ ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​ជំរឿន​ត្រូវ​អូស​បន្លាយ​ពេល​បន្ថែ​ម​​នេះ គឺ​ដោ​យ​សារ​ការ​លា​ឈប់​របស់​មន្ត្រី​ជំរឿន​ជា​បន្ត​បន្ទាប់។ នេះ​បើ​តាម​លោក​ស្រី ហង់ លីណា អគ្គនាយិកាវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ​ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិកាលពីល្ងាចមិញ។

រូបភាព៖ដំណើរការរាប់ជំរឿនក្រោមការចូលរួមរបស់រដ្ឋមន្ត្រីនៃក្រសួងផែនការ
រូបភាព៖ដំណើរការរាប់ជំរឿនក្រោមការចូលរួមរបស់រដ្ឋមន្ត្រីនៃក្រសួងផែនការ @Internet
ផ្សាយពាណិជ្ជកម្ម

លោកស្រី ហង់ លីណា អគ្គនាយិកា​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ​បាន​អះអាង​បន្ត​ថា​ ដំណើរ​ការ​រាប់ជំរឿន​ប្រជាជន​នឹង​បន្ថែម​ពេល​២​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ទី​១៥​មិនា ស​ម្រា​ប់​​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប។ នេះ​ក៏​ដោយ​សារ​ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង​២៥​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ត្រូវ​បាន​រាយការណ៍​មក​ថា មន្ត្រី​លា​ឈប់​មុន​ការ​កំណត់​ច្រើន​ជាងគេ។

ក្រៅ​ពី​នេះ ដំណើរ​ការ​រាប់​ជំរឿន​បាន​ជួប​បញ្ហា​មួយ​ចំនួន​បន្ទាប់​ពី​មន្ត្រី​ជំរឿន​ចំនួន​៥​ម៉ឺន​នាក់​លា​ឈប់​ជា​បន្ត​បន្ទាប់។ ការ​លា​ឈប់​ដែល​បណ្ដាល​មក​ពី​ភាព​លំបាក​នៅ​ក្នុង​ដំ​ណើរ​​ការ​ចុះ​រាប់​ជំរឿន​ដែល​បណ្ដាល​មក​ពី​កត្តា​អាកាសធាតុ​ក្ដៅ​ខ្លាំង។ ដំណោះស្រាយ​ចំពោះ​មុខ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​ជំរឿន​ធ្វើការ​បន្ថែម​ទៅ​តាម​លទ្ធភាព​ជាក់​ស្ដែង​ដោយ​សារ​តែ​ក្រសួង​ផែន​ការ​មិន​អាច​ធ្វើ​ការបណ្ដុះ​បណ្ដាល​មន្ត្រី​បន្ថែម​ទាន់​ពេល​វេលា​ឡើយ​។ ​នេះ​បើ​តាម​លោ​កស្រី ហង់ លីណា។

គួរជម្រាបដែរថា​ គិត​មក​ដល់​ថ្ងៃ​ទី​៥ នៃ​ដំណើរ​ការ​រាប់​ជំរឿន​នេះ​ខេត្ត​ក្រុង​មួយ​ចំនួន​ទទួ​ល​​​បាន​ទិន្នន័យ​៤០​ទៅ​៥០​ភាគ​រយ​ហើយ ខណៈ​ខេត្ត​ខ្លះ​មិន​ទាន់​បាន​បញ្ជូន​ទិន្ន​ន័យ​មក​កាន់​ក្រសួង​ផែន​ការ​នៅ​ឡើយ​ដោយ​សារ​បញ្ហា​អ៊ិន​ធើ​ណេត។

សម្រាប់​ការ​ធ្វើ​ជំរឿន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​ ​រដ្ឋាភិបាលកម្ពុជា​​គ្រោង​ចំណាយ​ថវិកា​សរុប​ចំនួនជាង​​៨​លាន​ដុ​ល្លារ និង​ប្រើ​ប្រាស់​មន្ដ្រី​ជំរឿន​៥​ម៉ឺន​នាក់​​។ បើ​តាម​ក្រសួង​ផែន​ការ ការ​ធ្វើ​ជំរឿន​នេះ នឹ​ង​​មា​ន​លក្ខណៈ​ទំនើប​ជាង​ការ​ធ្វើ​ជំរឿនក្នុង​ឆ្នាំ​១៩៩៨​និង​ឆ្នាំ​២០​០​៨​​កន្លង​ទៅ។ បើ​តាម​ លោកស្រី ហង់ លីណា តាម​ការ​ប៉ាន់​ស្មានមុន​ធ្វើ​ជំរឿន​ ប្រជាជន​ខ្មែរ​មាន​ជាង​១៦​លាន​នាក់​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ