អានតួអត្ថបទ
កម្ពុជា

អ្នក​ដោះ​មីន​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីន​តោន​ប្រឆាំង​រថក្រោះ​

អ្នកដោះមីន​កម្ពុជា​ចំនួន​ពីរ​នាក់​បាន​ស្លាប់ នៅពេលដែល​គ្រាប់​មីនតោន​ប្រឆាំង​រថ​ក្រោះមួយ​បាន​ផ្ទុះឡើង ខណៈដែល​ពួកគេ​​កំពុង​ព្យាយាម​ដោះមីន​នោះ។ នេះ​បើតាម​សម្តី​មន្ត្រី​ប៉ូលីស​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន​បារាំង​នៅ​ថ្ងៃអាទិត្យទី​១១​ ឧសភា នេះ។

មន្រ្តីស៊ីម៉ាក​កម្ពុជាកំពុងធ្វើការដោះមីន និង គ្រាប់មិនទាន់ផ្ទុះនាពេលកន្លងមក។
មន្រ្តីស៊ីម៉ាក​កម្ពុជាកំពុងធ្វើការដោះមីន និង គ្រាប់មិនទាន់ផ្ទុះនាពេលកន្លងមក។ © លី ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ផ្ទុះ​មីនតោន​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី១០ ឧសភា ម្សិលមិញ​នៅក្នុង​ស្រុក​សំឡូត ភាគ​ពាយព្យ​ប្រទេស​កម្ពុជា គឺ​ត្រង់​តំបន់​ដែលជា​មូលដ្ឋាន​របស់​អតីត​ពួក​ខ្មែរក្រហម។

មន្ត្រី​ប៉ូលីស​មូលដ្ឋាន​បាន​និយាយថា អ្នកដោះមីន​ទាំងពីរ​នោះបាន​ស្លាប់​ភ្លាមៗនៅពេលដែល​មីនតោន​បាន​ផ្ទុះឡើង ខណៈដែល​ពួកគេ​កំពុង​ជីកដី​ដើម្បី​ដោះមីន​នោះ​ចេញពី​ដី។អ្នក​ដោះ​មីន​ទាំងពីរ​នាក់​នោះបាន​បម្រើកា​រ​ឲ្យ​អង្គការ​សប្បុរសធម៌​អង់គ្លេស​ឈ្មោះថា Halo Trust។

សូមជំរាបជូនថា ជិត​បី​ទសវត្ស​មកនេះ សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៦០មក​ម្លេះ​បាន​បន្សល់ទុក​នូវ​គ្រាប់មីន​យ៉ាងច្រើន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ដែលមាន​គ្រាប់មីន​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក។

យោងតាម​ស្ថិតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​ឲ្យ​ដឹងថា គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន១៩.៦៩៣នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន៤៤.៦៨១នាក់​ចាប់ពី​ឆ្នាំ១៩៧៩ មកដល់​ខែមីនា ឆ្នាំ ២០១៤នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ