អានតួអត្ថបទ
កម្ពុជា-នយោបាយ

អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​អំពាវ​នាវ​ជា​ថ្មី​ឲ្យ​ដោះ​លែង ​លោក ​កឹម ​សុខា ​ខណៈ​ការ​ពន្យា​ពេល​ឃុំ​ខ្លួន​ដល់​កំណត់​​

អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅថ្ងៃ​អាទិត្យ​នេះ​ ដោយ​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យ​ដោះលែង​ លោក កឹម សុខា ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ ​ព្រម​ទាំង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​ចាត់​វិធាន​ការ​ក្លាំង​ក្លា​ថែម​ទៀត​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន​ សែន​ ស្តា​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើង​វិញ។ ​សម្រាប់​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​កម្ពុជា ​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ឆ្លង​ជា​មួយ​គណ​បក្សដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ហើយ​នេះ​ទេ​។​

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​ពីក្រៅ​ប្រទេស​ដែល​នៅ​បន្ត​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​គណ​បក្ស​សង្រ្គោះ​ជាតិ អតីត​គណ​បក្ស​ប្រឆាំង​ដ៍ធំ​មួយ​នេះ​បាន​រំលឹក​ថា មក​ដល់​ថ្ងៃទី​៣​ខែ​មីនា​ឆ្នាំ​២០១៩​នេះ គឺ​មាន​រយៈ​ពេល​១៨​ខែ​ហើយ​ ដែល​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ចាប់​ឃុំខ្លួន​។​ ជា​ការ​ឃុំ​ខ្លួន​ទាំង​នៅពន្ធនា​គារ​ត្រពាំង​ផ្លុង រួច​បន្ត​មក​នៅ​ក្នុង​ផ្ទះមក​ទល់​ពេល​នេះ ដែល​អតីត​គណ​បក្ស​សង្រ្គោះជាតិ​ ហៅថាជា​ការ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ រំលោភ​លើ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

បើ​តាម​អតីត​គណ​បក្ស​ប្រឆាំង​នេះ ការ​ចាប់​ និង​ឃុំ​ខ្លួន លោក កឹម សុខា ដោយ​រំលោភ​ច្បាប់​កំពូល​របស់​ជាតិ​បែប​នេះ គឺ​ជា​ចេតនា​នយោបាយ​ ក្នុង​ការ​កម្ចាត់​គូ​ប្រជែង​នយោបាយ​ដ៍​មាន​សក្តា​នុពល និង​ជា​ការ​បំបាក់​ស្មារតី​អ្នក​ប្រជា​ធិប​តេយ្យ ដែល​ស្រលាញ់​សេរី​ភាព ការ​គោរព​សិទ្ធិ​មនុស្ស និង​យុត្តិ​ធម៌។

ក្រៅ​ពី​លើក​ហេតុផល​ទាំង​នេះ ​អតីត​គណបក្ស​សង្គ្រោះជាតិ ​បាន​អំពាវ​នាវ​ជាថ្មី​ម្តងទៀត​ ឲ្យ​ដោះ​លែង លោក កឹម សុខា ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ ព្រមទាំង​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ក្លាំង​ក្លា​ថែម​ទៀត ដើម្បីឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ស្តាលទ្ធិ​ប្រជាធិប​តេយ្យ​ឡើង​វិញ។

ទោះជាយ៉ាង​ណាក៏​ដោយ ​អ្នកនាំពាក្យ​​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​បញ្ជាក់​យ៉ាងខ្លី​ថា លោក​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​ឆ្លង​ជា​មួយ​គណ​បក្ស​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ហើយ​នេះទេ ព្រោះ​បើ​លោក​​ឆ្លើយតប​មានន័យថា​មិនគោរព​សាល​ដី​របស់​តុលាការ​កំពូល។ ​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាលពី​ចុង​ឆ្នាំ​២០១៧​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ