អានតួអត្ថបទ
កម្ពុជា

សាលា​រាជធានី​ភ្នំពេញ​ ច្រាន​ចោល​សំណើ​ធ្វើ​សមាជ​មហាជន​របស់​បក្ស​សង្គ្រោះជាតិ​ជា​លើក​ទី២​

នៅ​ទីបំផុត​ទៅ សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ច្រានចោល​សំណើទី២របស់​គណបក្ស​សង្គ្រោះ​​ជាតិ ដែល​សុំ​ធ្វើ​សមាជ​មហាជន​នៅលើ​សួនច្បារ​មុខ​វត្ត​បុ​ទុម ជំនួស​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ដែល​បាន​ច្រានចោល​ម្តង​រួចទៅហើយ។ ការច្រានចោល​នេះ បានធ្វើ​ឡើង បន្ទាប់ពី​អាជ្ញាធរ​ក្រុងភ្នំពេញ នៅ​រសៀល​ថ្ងៃ​សៅ​រិ៍​នេះ បាន​ជួបប្រជុំគ្នា​ប្រមាណ​ជា២ម៉ោង ដើម្បី​​ពិនិត្យ​ទៅលើ​សំណើ​ទី២របស់​គណបក្ស​សង្គ្រោះ​ជាតិ។ យ៉ាងណា​ក៍ដោយ មន្ត្រី​គណបក្ស​​សង្គ្រោះ​ជាតិ​បញ្ជាក់ថា គណបក្ស​នេះ នឹង​បន្តធ្វើ​សមាជ​មហា​ជនតា​មការ​គ្រោងទុក នៅលើ​សួនច្បារ​មុខ​វត្ត​បុ​ទុម ដោយមាន​អ្នកចូលរួម៥ពាន់​នាក់។

លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​
លោក សម រង្ស៊ី និង លោក កឹម សុខា​នៅទីលានប្រជាធិបតេយ្យ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

នៅ​ទីបំផុត​ទៅ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាតឲ្យ​គណបក្ស​ស​ង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​​សមាជ​មហាជន​នៅលើ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី​នោះទេ។ នេះ​គឺជា​ការច្រានចោល​លើក​ទី២ ទៅនឹង​សំណើ​សុំ​ធ្វើ​សមាជ​មហាជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ដើមឡើយ​គ្រោង​រៀប​ចំ​​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ត្រូវបាន​ច្រានចោល​ម្តង​រួចទៅហើយ ក្រោម​ហេតុផល​ថា រក្សាទុក​ទីលាន​ប្រជាធិបតេយ្យ​ឲ្យទំនេរ​ដើម្បីឲ្យ​អាជ្ញាធរ​បន្ត​ការស៊ើបអង្កេត​នៅក្នុង​ការប៉ះ​ទង្គិច​​គ្នា​នៅពេល​មាន​បាតុកម្ម​នាពេល​កន្លងមក។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ​បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សៅ​រិ៍​នេះ​ថា អាជ្ញាធរ​ក្រុងភ្នំពេញ បានទទួល​ដំណឹង​ក្រៅផ្លូវការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ស្នើសុំ​ធ្វើ​សមាជ​មហាជន​នៅលើ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ជំនួស​ឲ្យ​ការ​ធ្វើ​សមាជ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​សាលាក្រុង​ពុំ​អនុញ្ញាត​បានទេ ដោយយោង​ទៅលើ​លិខិត​របស់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី២៨ មីនា ដែល​ហាម​មិនឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​សមាជ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ​និង​ទីតាំង​សាធារណៈ​នានា។ បើតាម​លោក ឡុង​ ឌី​ម៉​ង់ ដដែល អាជ្ញាធរ​ក្រុងក៍​ពិបាក​ក្នុង​ការសម្រេចដែរ ដោយសារ​ថា សំណើលើក​ទី២​នេះ​ បានធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ចុង​សប្តាហ៍​ទៅហើយ។

យោងតាម​លិខិត​ទី២របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៩ មីនា គណ​បក្ស​​នេះ បាន​ស្នើសុំ​ទីតាំង​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ដើម្បី​រៀបចំ​ធ្វើ​សមាជ​មហាជន​នៅ​ថ្ងៃ​ទី​៣០​​ មីនា បន្ទាប់ពី​បញ្ចប់​ពិធីបុណ្យ​បង្សុកូល​រម្លឹក​វិញ្ញាណក្ខន្ធ​ជូន​ជនរងគ្រោះ​ដោយសារ​ការ​គប់​គ្រាប់បែក​នៅមុខ​អតីត​មន្ទីរ​រដ្ឋសភា​ចា​ស់។ យោងតាម​លិខិត​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​រាប់បាត្រ នៅ​ចេតិយ​មុខ​អតីត​មន្ទីរ​រដ្ឋសភា ចាប់ពី​ម៉ោង៧ព្រឹក រហូត​ដល់​ម៉ោង១២ថ្ងៃត្រង់ ហើយ​ត​ភ្ជាប់​នឹង​ពិធីបុណ្យ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​សមាជ​មហា​ជន ចាប់ពី​ម៉ោង១២តទៅ រហូតដល់​ម៉ោង៧ល្ងាច នៅលើ​ទីតាំង​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី ដោយមាន​ការសំដែង​មតិ​របស់​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​នានា​ប្រមាណ​ជា៥ពាន់​នាក់។ សមាជ​នេះ ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា។
 

យ៉ាងណា​ក៍ដោយ លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា សាលាក្រុង​ភ្នំពេញ អនុញ្ញាត​ឲ្យ​គណ​បក្ស​​​​សង្គ្រោះ​ជាតិ​ធ្វើ​តែ​ពិធី​បុណ្យ​​បង្សុកូល​នៅលើ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី​នៅត្រឹម​ម៉ោង​១១​និង​៣០នាទី​ប៉ុណ្ណោះ ហើយ​ប្រសិនបើ គណបក្ស​នេះ បន្ត​ការជួបជុំ​បន្តនោះ​មានន័យថា គណ​បក្ស​នេះ​នឹង​រំលោភច្បាប់ ហើយ​​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាមច្បាប់។ បើទោះបីជា​មានការ​ព្រ​មាន​​បែបនេះ​ក្តី លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ​នៃ​គណបក្ស​សង្គ្រោះ​​ជាតិ​បានបញ្ជាក់​ចុងក្រោយ​ថា សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅតែ​ធ្វើតាម​ការគ្រោងទុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ