អានតួអត្ថបទ
កម្ពុជា

ប្រតិភូ​សភា​សហភាព​អឺរ៉ុប​ជួប​សង្គម​ស៊ីវិល​បន្ទាប់​ពី​ជួប​អ្នក​នយោបាយ​

ក្រោយ​ពី​​បាន​​ជួបពិភាក្សា​ជាមួយ​តំណាង​រដ្ឋសភា រដ្ឋាភិបាល គណបក្ស​​កាន់​អំណាច​ និង​គណបក្សប្រឆាំង​រួចមក គណៈប្រតិភូ​សភា​ហ​ភាព​អឺរ៉ុប​បាន​ជួប​ជាមួយ​សង្គម​ស៊ីវិល​ម្តង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ជា​ជំនួប​ដែល​សហភាព​អឺរ៉ុប​ចង់ដឹង​ពី​បញ្ហា​ដែល​លើកឡើង​ដោយ​អង្គការ​​សង្គម​​ស៊ីវិល​​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អង្គការ​សង្គម​ស៊ីវិល​បាន​ផ្តោត​សំខាន់​លើ​សេរីភាព​សម្តែង​មតិ​ ដែល​ត្រូវបាន​អាជ្ញាធរ​រារាំង។  

គណៈប្រតិភូសភាអឺរ៉ុបជួបពិភាក្សាជាមួយលោក ស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា
គណៈប្រតិភូសភាអឺរ៉ុបជួបពិភាក្សាជាមួយលោក ស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

 នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សភា​ស​ហ​ភាព​អឺរ៉ុប​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​សង្គម​ស៊ីវិល​បាន​លើក​បញ្ហា​ជាច្រើន​ប្រាប់​ដល់​សហភាព​អឺរ៉ុប។ បញ្ហា​ទាំងនោះ​ទាក់ទង​ជាពិសេស​ដល់​ការគោរព​សិទ្ធិមនុស្ស​ និង ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

 លោក ធន់ សា​រ៉ា​យ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស អាដហុក បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅក្រោយ​ជំនួប​នោះ​ថា ប្រតិភូ​សភា​សហភាព​អឺរ៉ុប​ចង់​ស្វែងយល់​ពី​បញ្ហា​ពិត​នៅ​កម្ពុជា។ ឆ្លើយ​តប​នឹង​ការចង់​ដឹង​នោះ សង្គម​ស៊ីវិល​បាន​លើកបញ្ហាសំខាន់ៗដូចជា បញ្ហា​សេរីភាព​សម្តែង​​មតិ​ដែល​ត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​មានការ​ជួបជុំ​ធ្វើបាតុកម្ម បញ្ហាដីធ្លី បញ្ហា​ប្រាក់ខែ​កម្មករ និង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន​ទៀត។

បើ​យោងតាម ​លោក ធន់​សា​រ៉ា​យ សង្គម​ស៊ីវិល​ចាត់ទុក​​ការរារាំង​មិន​ឲ្យ​ជួបជុំ​បញ្ចេញមតិ​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​សំណូមពរ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​អន្តរាគមន៍​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឲ្យ​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​ប្រឈម​នៅពេលនេះ។

សូមបញ្ជាក់ថា គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ដែលមាន​គ្នា ៧ នាក់​បានមក​ដល់​ភ្នំពេញ​កាល​​ពី​ល្ងាច​ថ្ងៃ​អង្គារ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៤ ថ្ងៃ​នៅ​កម្ពុជា។ ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​សហគមន៍​អឺរ៉ុប​និង​កម្ពុជា និង​ក៏​ដើម្បី​ស្វែងយល់​អំពី​គម្រោង​ទាំងឡាយ ដែល​ទ្រទ្រង់​ថវិកា​ដោយ​សហគម​អឺរ៉ុប ដូចជា​សាលាក្តី​ខ្មែរក្រហម ការបោះឆ្នោត​សាកល បញ្ហាដីធ្លី និង​បញ្ហា​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ជា​ដើម។

សមាជិកសភា​អឺរ៉ុប ក៏ត្រូវ​ស្វែងយល់​ពី​ផលប៉ះពាល់​ទាំងឡាយ ដែល​កើតចេញពី​គម្រោង​ផលិត​​ទំនិញផ្សេងៗ ដើម្បី​យកទៅលក់​នៅលើ​ទីផ្សារ​អឺរ៉ុប ព្រមទាំង​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ទៅលើ​ប្រជាពលរដ្ឋ ក្នុង​សហគម​នានា​ផងដែរ។ គណៈប្រតិភូ​បាន​ជួប​រួចហើយ​
កាល​ពី​ថ្ងៃ​ពុ​ជាមួយ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី២ រដ្ឋសភា លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា និង​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល ​គណបក្ស​កាន់​អំណាច និង​មេដឹកនាំ​បក្សប្រឆាំង​ផងដែរ។

ក្នុងជំនួប​ទាំងនោះ សុទ្ធតែ​បាន​ផ្តោត​សំខាន់​លើ​បញ្ហានយោបាយ​ក្រោយ​ការបោះឆ្នោត​ដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​មិនអាច​ធ្វើការ​ជាមួយគ្នា​បាន។ បើ​យោងតាម​លោក ធន់ សា​រ៉ា​យ ជំនួយ​របស់​សហភាព​អឺរ៉ុប​សុទ្ធតែ​ចងភ្ជាប់​ជាមួយ​បញ្ហាសំខាន់​ពីរ ​គឺ​ការគោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។ ដូច្នេះ ព័ត៌មាន​ទាំងឡាយ​ដែល​សហភាព​អឺរ៉ុប​ទទួលបាន​នឹង​ក្លាយជា​មូល​ដ្ឋាន​​សម្រាប់​ពិចារណា​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​សហភាព​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ