អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំង​ពីរ​កំពុង​លេង​យុទ្ធសាស្ត្រ​វាយ​ផង​ ចរចា​ផង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រុមអ្នក​ច្បាប់​របស់រ​ដ្ឋា​ភិ​បាល​កំពុង​សិក្សា ​និង​រៀប​ចំ​ពាក្យបណ្តឹង​ប្រឆាំង​លោក ​សម រង្ស៊ី ពីបទ​ប្រឆាំង​សេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ នៅថ្ងៃនេះ​ដែរ លោក សម រង្ស៊ី ក៏បាន​ព្រមាន​ថា​នឹងធ្វើ​បាតុកម្ម​ធំ​មួយ នៅ​ថ្ងៃទី២ ឧសភា ​ខាងមុខ។ ប៉ុន្តែ ទន្ទឹមនឹង​នោះ គណបក្ស​ទាំងពីរ​សុទ្ធតែ​បាន​បង្ហើប​​ឲ្យ​ដឹង​ពី​កិច្ចចរចា​គ្នា​ជាសម្ងាត់​ដែល​អាច​នឹងមាន​លទ្ធផល​ក្នុងពេលឆាប់ៗនេះ។

(រូបភាពឯកសារ)
(រូបភាពឯកសារ) RFI
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​នៅឯ​កោះ​ពេជ្រ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៧ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្រុមអ្នកច្បាប់​របស់រ​ដ្ឋា​ភិ​បាល​កំពុង​សិក្សា​ប្តឹង​លោក ​សម រង្ស៊ី ​ពីបទ​ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា ធម្ម នុញ្ញ ពីព្រោះ​នៅ​កម្ពុជា​គ្មាន​ច្បាប់​ចែង​ពី​ទោស​ប្រមាថ​ព្រះមហាក្សត្រ​ឡើយ។

 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ព្រមាន​លោក ​សម រង្ស៊ី​ កុំ​ឲ្យ​រត់​ចូល​ស្ថានទូត​បរទេស​ដើម្បី​គេចខ្លួន។ លោក​បញ្ជាក់ថា ប្រសិនបើ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​នោះ​ទោះជា​លោក ​សម រង្ស៊ី​ រត់ឡើង​យន្តហោះ​ក៏​មិនអាច​គេចខ្លួន​បានដែរ។

ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ព្រមាន​តប​វិញ​ថា​នឹង​រៀបចំ​មហា​បាតុកម្ម​មួយ​ដែល​អាចមាន​អ្នកចូលរួម២លាន​នាក់។ មហា​បាតុកម្ម​នេះ​អាច​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២ឧសភា​ដែលជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ស្រុខ​ខណ្ឌ។ មេដឹកនាំ​បក្សប្រឆាំង​អះអាងថា មិន​រត់គេចខ្លួន​ទេ​ហើយ​សុខចិត្ត​ចូល​គុក​ប្រសិនបើ​ត្រូវគេ​ចាប់ខ្លួន​ក្នុង​សំណុំ​រឿងនេះ​មែន។ នេះ​ជាការ​ប្រកាសរ​បវ​ស់លោក​សម រង្ស៊ី​ប្រាប់​អ្នកគាំទ្រ​ក្នុង​ពិធី​រម្លឹក​ខួប​មួយឆ្នាំ​របស់​គណបក្ស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ប៉ុន្តែ ទន្ទឹមនឹង​ការ​ផ្លោង​ពាក្យសម្តី​ដាក់គ្នា​យ៉ាង​គ្រោតគ្រាត​នេះ មេដឹកនាំ​គណបក្ស​ទាំងពីរ​សុទ្ធតែ​បានប្រកាស​ប្រាប់​មហាជន​អំពី​ការចរចា​ជាសម្ងាត់​ជាមួយគ្នា​ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​នយោបាយ។ លោក​សម រង្ស៊ី​បញ្ជាក់ថា ក្រុមការងារ​គណបក្ស​ទាំងពីរ​អាច​ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ក្នុងពេលឆាប់ៗនេះ ឬ​អាច​ចូលគាល់​ព្រះមហាក្សត្រ​រួមគ្នា​ក៏​ថា​បាន ហើយ​ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​បែបនេះ​មែន បាតុកម្ម​ដ៏​ធំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២ឧសភា​ខាងមុខ​នឹងត្រូវ​លុបចោល​វិញ។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់​ព័ត៌មាន​ស្រដៀង​គ្នា​នេះដែរ។ លោក​បញ្ជាក់ថា គណបក្ស​ទាំងពីរ​នឹង​បន្ត​ជួបគ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ពិភាក្សា​បញ្ចប់​បញ្ហា​ដែល​នៅ​សេសសល់​ហើយ​លទ្ធផល​នៃ​កិច្ចចរចា​នេះ​នឹង​ដឹង​នៅពេលឆាប់។ ស្តាប់ទៅ​គណបក្ស​ទាំងពីរ​ហាក់​កំពុង​លេង​យុទ្ធសាស្ត្រ​វាយ​ផង​ចរចា​ផង​ដើម្បី​ដាក់​សម្ពាធ​លើ​គ្នា​ទៅវិញទៅមក។ មហាជន​ខ្មែរ​កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ចុងក្រោយ​នៃ​ល្បែង​នយោបាយ​ដែល​បានអូសបន្លាយ​ជិត៩ខែ​មកហើយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ