អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ និង​ភាគី​ពាក់​ព័ន្ធ​នៅ​តែ​ជម្រុញ​ឲ្យ​ឡាវ​សិក្សា​បន្ថែម​ទៀត​ពាក់​ព័ន្ធ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​

ទោះ​បី​​ការ​ប្រជុំ​​រយៈពេល​​ ២ ថ្ងៃ​​ស្តី​ពី​​បញ្ហា​​ទន្លេ​មេគង្គ​​នៅ​ក្នុង​​ទីក្រុង​​ហូ​ជី​មិញ​ ប្រទេស​​វៀត​ណាម​​មិន​បាន​​លើក​យក​​បញ្ហា​​សាង​សង់​​ទំនប់​​វា​​រី​​អគ្គិសនី​​ដន​​សា​ហុង​​ជា​​ប្រធានបទ​​សំខាន់​​ដ៏​​ដោយ​ ក៏​​កម្ពុជា​ និង​​ភាគី​​ពាក់ព័ន្ធ​​នៅ​តែ​​ជម្រុញ​​ឲ្យ​​ភាគី​​ឡាវ​​សិក្សា​​វាយ​តម្លៃ​​ពី​​ផល​ប៉ះពាល់​​បរិស្ថាន​​បន្ថែ​ម​​ទៀត​​ទៅ​លើ​​ប្រទេស​ជិត​ខាង។​លោក​ លឹម​ គាន​ហោ ​រដ្ឋមន្ត្រី​ក្រសួង​​ធន​ធាន​ទឹក​ និងឧតុនិយម បាន​​ប្រាប់​​អ្នក​កាសែត​​ក្រោយ​ពី​​ត្រឡប់​​ពី​​កិច្ច​ប្រជុំ​​នោះ ​ថា ​កម្ពុជា​​តែងតែ​​បាន​ស្នើ​​ឲ្យ​​ប្រទេស​​ឡាវ​​ផ្អាក​​ការ​សាង​សង់​​ទំនប់​​វា​រី​​អគ្គិសនី​​ដន​សា​ហុង​ ហើយ​​បញ្ហា​​នេះ​​នឹង​​នៅ​តែ​​លើក​​មក​​ពិភាក្សា​​ក្នុង​​កិច្ច​ប្រជុំ​​នា​ពេល​ខាង​មុខ​​បន្ត​ទៀត​។​ 

ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់​អ្នកកាសែត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី០៥ មេសា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ទន្លេមេគង្គ​មិនបាន​ផ្តោត​សំខាន់​តែ​លើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​របស់​ឡាវ​នោះទេ តែ​បាន​និយាយ​ជាទូទៅ។

 
លោក លឹម គានហោ បាន​អម​ដំណើរ​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រោម​ប្រធានបទ " ទឹក ថាម​ពល​ និង​សន្តិសុខ​ស្បៀង នៅក្នុង​បរិបទ​បម្រែបម្រួល​អាកាសធាតុ​សម្រាប់​អាង​ទន្លេ​មេគង្គ"នៅក្នុង​ទីក្រុង ហូជីមិញ ប្រទេស​វៀតណាម​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី០៤ដល់​ថ្ងៃទី០៥ មេសា។

លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បានដឹង​ទៀតថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ធ្វើការ​សិក្សា​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​​អំពី​ផលប៉ះពាល់​នៃ​ក​ម្រោ​ង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង។បើតាម​លោក​រដ្ឋ​មន្ត្រី​​ កន្លងមក​ភាគី​ឡាវ​បាន​សិក្សា​ផលប៉ះពាល់​តែ​នៅក្នុង​ទឹកដី​របស់ខ្លួន​តែប៉ុណ្ណោះ គឺ​មិន​បាន​​សិក្សា​ស៊ីជម្រៅ​ដល់​ប្រទេស​ពាក់ព័ន្ធ​ដូចជា​កម្ពុជា វៀតណាម និង​ថៃ​នោះឡើយ។យ៉ាង​ណា​ក៏ដោយ លោក​លឹម គានហោ បាន​អះអាងថា បញ្ហា​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ នឹង​លើក​មក​ពិភាក្សា​ជា​បន្តទៀត​ក្នុង​កិច្ចប្រជុំ​លើក​ទី៣ក្នុង​ឆ្នាំ២០១៨ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។

លោក ជា សា​រុំ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង ព័ត៌មាន​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​និយាយថា ការ​ជម្រុញ​របស់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ភាគី​ឡាវ​សិក្សា​ថែមទៀត​ពាក់​ព័ន្ធ​នឹង​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង​នេះ​ជា​ចំណុច​វិជ្ជមាន។លោក​បន្តថា លោក​ចង់​ឡាវ​សិក្សា និង​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ផលប៉ះពាល់​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នេះ។

បើតាម​លោក ជា សា​រុំ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ចង់​ឲ្យ​រដ្ឋាភិបាល​ឡាវ​ប​ញ្ឍ​ប់ក​ម្រោ​ង​សាងសង់​ទំនប់​នេះ​តែម្តង ពីព្រោះ​វា​នឹង​ផ្តល់​ផលប៉ះពាល់​យូរអង្វែង​ដល់​ការ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ដង​ទន្លេមេគង្គ។

សូម​ជំរាបជូន​ថា ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែលមាន​ថាមពល ២៦០ មេ​ហ្គា​វ៉ា​ត់ គឺជា​ទំនប់​មួយ​ក្នុងចំណោម​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ទាំង ១២ ដែល​ត្រូវគេ​គ្រោង​សាងសង់​ទៅលើ​តួ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ក្រោម។ ទំនប់​នេះ​ស្ថិតនៅក្នុង​តំបន់​ស៊ីផា​ន់​ដន ក្នុង​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ ដែលមាន​ចំងាយ​ប្រមាណ​ជា២គីឡូ​ម៉ែត​ប៉ុណ្ណោះ​ពី​ព្រំដែន​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ