អានតួអត្ថបទ
កម្ពជា

កម្ពុជា​គ្រោង​បង្កើត​សាលា​ភាពយន្ត​នៅ​ខែ​វិច្ឆិកា​ខាងមុខ

អង្គការ​ភាព​ញញឹម​នៃ​កុមារ​នឹង​ដាក់​​អោយ​ដំណើរ​ការ​សាលាភាព​យន្ត​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ សាលា​ភាពយន្ត​ដែល​គ្រោង​នឹង​បង្កើត​ឡើង​មាន​គោល​បំណង​ពីរ​យ៉ាងសំខាន់ៗ។ ទីមួយ ៖ បណ្តុះ​បណ្តាល​អ្នក​​ជំនាញ​ថតភាព​យន្ត​និង​ទីពីរ​៖ជំរុញ​អោយ​វិស័យ​ភាពយន្ត​ខ្មែរ​រស់​ឡើង​វិញ។

កម្ពុជា​គ្រោង​បង្កើត​សាលា​ភាពយន្ត​នៅ​ខែ​វិច្ឆិកា​ខាងមុខ
កម្ពុជា​គ្រោង​បង្កើត​សាលា​ភាពយន្ត​នៅ​ខែ​វិច្ឆិកា​ខាងមុខ
ផ្សាយពាណិជ្ជកម្ម

ក្នុង​ខណៈពេល​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​ស្ទើរ​តែ​បាត់​ឈ្មោះ​ពី​លើ​ទីផ្សារ​របស់​ខ្លួន​នោះ អង្គការ​ភាព​ញញឹម​នៃ​កុមារ​ដែល​ហៅកាត់​តាម​ភាសារ​បារាំង​ថា PSE គ្រោង​នឹង​បង្កើត​សាលាភាព​យន្ត​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ នេះ​គឺ​ជា​សាលា​ភាពយន្ត​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​វិទ្យាស្ថាន​ PSE ​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​​រាជ​ធានី​ភ្នំពេញ។ កូន​សិស្ស​ក្រីក្រ​ចំនួន​១២​នាក់​នឹង​ត្រូវ​ជ្រើសរើស​អោយ​ចូលរៀន​ក្នុង​សាលា​ភាពយន្ត​នេះ​ដើម្បី​ទទួល​បាន​ជំនាញ​កាមេរ៉ាមែន ជំនាញ​យក​សំឡេង ជំនាញ​រូបភាព ជំនាញ​កាត់ត និង​ជំនាញ​សមិទ្ធិករ។ ការ​សិក្សា​មាន​រយៈ​ពេល​៤​ឆ្នាំ​ពោល​គឺ​កម្រិត​បរិញ្ញាប័ត្រ។

លោក ពិជ សុភ័ណ អ្នក​ទទួល​ខុសត្រូវ​ជាន់​ខ្ពស់​ម្នាក់​នៃ​សាលា​ភាពយន្ត​ PSE បាន​បញ្ជាក់​ប្រាប់​ថា ការ​បង្កើត​សាលា​នេះ​ឡើង​គឺ​មាន​គោល​បំណង​ពីរ​យ៉ាង​សំខាន់ៗ។ ទីមួយ ៖ បណ្តុះ​បណ្តាល​អ្នក​ជំនាញ​ថតភាព​យន្ត​និង​ទីពីរ​៖ជំរុញ​អោយ​វិស័យ​ភាពយន្ត​ខ្មែរ​រស់​ឡើង​វិញ។ លោក Des Pallieres Christian ស្ថាបនិក​អង្គការ​ភាព​ញញឹម​នៃ​កុមារ​និង​ស្ថាបនិក​នៃ​សាលា​ភាពយន្ត​បាន​បន្ថែម​ទៀត​ថា ការ​បង្កើសាលា​នេះ​ឡើង​គឺ​ដោយសារ​យុវជន​ខ្មែរ​ជាច្រើន​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​ភាពយន្ត​ម៉្យាង​និង​ម៉្យាងទៀត​សមិទ្ធិករ​ខ្មែរ​វ័យ​ចំណាស់​នៅ​សល់​តិចតួច​ប៉ុណ្ណោះ។

លោក ជា ចន្ទបរិបូរ​ណ៍ អ្នក​ជំនាញ​ឯករាជ្យ​ខាង​តន្រ្តី​និង​ភាពយន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អបអ​សាទរ​​ដំណឹង​នៃ​ការ​បង្កើត​សាលា​ភាពយន្ត​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​ពន្យល់​ថា៖«មាន​សាលា​ ទើប​មាន​ធនធាន​មនុស្ស​ មាន​ធនធាន​មនុស្ស​ល្អ​ ទើប​អាច​ផលិត​ភាពយន្ត​បាន​ល្អ»។ នាពេល​កន្លងមក ភាពយន្ត​ខ្មែរ​​ដែល​ត្រូវ​បាន​មហាជន​រិះគន់​ថា​មិនល្អ​នោះ គឺ​មិនមែន​បណ្តាល​មក​ពី​ផលិតករ ​ខ្វះទុន​ផលិត​តែ​ម្យ៉ាង​នោះទេ តាមពិត​ ភាពយន្ត​ខ្មែរ​មិន​ល្អ​គឺ​អាច​បណ្តាល​មក​ពី​សមត្ថភាព​ផលិត​ករ​ច្រើន​ជាង​កត្តាផ្សេង​ៗ​ទៀត។

សូម​បញ្ជាក់​ថា ទស្សនិកជន​ខ្មែរ​មិន​អោយ​តម្លៃ​ភាពយន្ត​ខ្មែរ​ខ្លួន​ឯង ​ហើយ​បែរ​ទៅ​ចាប់​អារម្មណ៍​លើ​ភាពយន្ត​​ថៃ កូរ៉េ ចិន​ អាមេរិក​កាំង​នោះ ពីព្រោះ​បច្ចេកទេស​ថត​និង​អត្ថន័យ​នៃ​ភាពយន្ត​ខ្មែរ​នៅ​មាន​កម្រិត​ទាប​ពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ