អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​វឹកវរ​ក្នុង​ប្រទេស​ថៃ

ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ជួប​ភាពវឹកវរ​ជា​ថ្មី ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​បាន​បដិសេធ​ថា កម្ពុជា​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ជិត​ខាង​ទេ។ ផ្ទុយ​ទៅ​វិញ កម្ពុជា​ចង់​រួមរស់​ដោយ​សន្តិសហវិជ្ជមាន​ជាមួយ​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក។ ការ​បដិសេធ​បែប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថៃ​មួយ​បាន​ចោទ​ថា លោក​ថាក់ស៊ីន អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ត្រៀម​ប្រើប្រាស់​ពលរដ្ឋ​ខ្មែរ ៥០០០ នាក់​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើ​ចលាចល​ក្នុង​ពេល​ក្រុម​អាវ​លឿង​ប្រមូល​ផ្តុំគ្នា​ក្នុង​មហា​បាតុកម្ម​នៅ​ក្រុង​បាងកក​នៅ​ថ្ងៃ​សៅរ៍​នេះ។

លោក​ថាក់ស៊ីន ចូលរួម​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ថ្ងៃ​ទី១៥ មេសា ២០១២
លោក​ថាក់ស៊ីន ចូលរួម​ពិធី​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ថ្ងៃ​ទី១៥ មេសា ២០១២ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

សកម្មជន​អាវ​លឿង​ថៃ​ម្នាក់​គឺ​លោក សូម​កៀត ផុង​ផៃ​ប៊ូ​ន បាន​ថ្លែងប្រាប់​គេហទំព័រ ASTV Manager Online របស់​ថៃ​ថា មាន​ក្រុម​ខ្មែរ​សេរី ៣ខ្សែ​ចំនួន​ប្រមាណ​ពី៤ ទៅ ៥ពាន់​នាក់ ដែល​ជា​កម្លាំង​របស់​ក​ម្ពុ​ជា នឹង​ក្លែងខ្លួន​ធ្វើ​ជា​ពួក​អាវ​ក្រហម​ថៃ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា។ ក្រុម​ជនកម្ពុជា​ទាំងនោះ​ទទួល​ថវិកា​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០លាន​បាត​ដើម្បី​ទៅ​បង្ក​ចលាចល​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​ក្នុង​ប្រទេស​ថៃ ដែល​កំពុង​រំជើបរំជួល​ជា​ថ្មី​ទៀត​ដោយសារ​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

ព័ត៌មាន​បែបនេះ​បាន​លេចលឺ​ឡើង​ក្នុង​បណ្តាញសារព័ត៌មាន​ថៃ នៅ​ខណៈដែល​ប្រទេស​ជិតខាង​កម្ពុជា​មួយនេះ​កំពុងតែ​ទទួលរង​ចលនា​មហា​បាតុកម្ម​របស់​ក្រុម​អាវ​លឿង​ដែល​ប៉ុនប៉ង​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា។ ប៉ុន្តែ ព័ត៌មាន​នេះ​ត្រូវ​បាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បដិសេធចោល​ទាំង​ស្រុង។ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ស្រាយ​បំភ្លឺថា កម្ពុជា​គោរព​យ៉ាង​ម៉ឹងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដែល​ចែង​អំពី​ការ​រួមរស់​ដោយ​សន្តិសហ​វិជ្ជមាន​ជាមួយ​ប្រទេសជិតខាង និង​ប្រទេស​ដទៃទៀត​ទាំងអស់​នៅ​លើ​ពិភពលោក។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​ហាម​មិន​ឲ្យ​ឈ្លានពាន​ប្រទេស​ណា​ជាដាច់ខាត និង​ក៏​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ប្រទេស​ណាមួយ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ទេ ទោះបីជា​ស្ថិតក្រោម​រូបភាព​ណាក៏ដោយ។ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ នៅ​លើ​ទឹកដី​របស់ខ្លួន ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​លើ​ទឹកដី​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ។

ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​បានចាត់ទុក​ព័ត៌មាន​នេះ​ថា ជាការ​ប្រឌិត​ភូតភរ​ប្រកបដោយ​ភាព​ពឹ​សពុល​ខ្មៅ​កខ្វក់។ សេចក្តីថ្លែងការណ៍​ដដែល​នោះ​ក៏បាន​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃ​ASTV បញ្ឈប់​ការអនុវត្ត​យុទ្ធវិធី​ទុច្ចរិត​តាម​បែបនេះ​តទៅទៀត។

សូម​បញ្ជាក់​ថា ក្រុម​អាវ​លឿង​ថៃ​ច្រើន​ម៉ឺន​នាក់​បាន​ជួបជុំគ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា។ ការ​ចោទ​ប្រកាន់​ដែល​ក្រុម​អាវ​លឿង​ថៃ​តែង​បាន​ភ្ជាប់​កម្ពុជា​ទៅនឹង​ចលនា​នយោបាយ​របស់​លោក​ថាក់ស៊ីន​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​ចាត់​ទុក​ថា មិនមែន​ជា​លើក​ទី១ទេ និង​មាន​បំណង​បំបែកបំបាក់​ទំនាក់ទំនង​កម្ពុជា​ថៃ​ដែល​កំពុង​តែ​ល្អប្រសើរ​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ