អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​កឹម សុខា៖ គណ​បក្ស​សង្រ្គោះ​ជាតិ​បំបែក​មិន​បែក​ទេ

ប្រធាន​គណបក្ស​ប្រឆាំង​លោក​កឹម សុខា បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ និង​ប្រជា​ពលរដ្ឋ នៅ​ប្រទេស​អូស្ត្រាលី​ថា គណបក្ស​ប្រឆាំង​បំបែក​មិន​បែក​ទេ ព្រោះ​គណបក្ស​មាន​ផ្លូវ​ដើរ​ច្បាស់​លាស់។ ការ​លើក​ឡើង​របស់​ប្រធាន​ថ្មី គណបក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​ប្រឆាំង នៅមុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃទី៤ ខែ​មិថុនា។

លោកកឹម សុខា​បាន​ជួប​សំណេះ​សំណាល ជា​មួយ​សមាគម​ខ្មែរ នៅ​វត្ត​ពុទ្ធ​រង្សី នៃ​ទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ដ្រា​លី​
លោកកឹម សុខា​បាន​ជួប​សំណេះ​សំណាល ជា​មួយ​សមាគម​ខ្មែរ នៅ​វត្ត​ពុទ្ធ​រង្សី នៃ​ទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ដ្រា​លី​ @FB Kem Sokha
ផ្សាយពាណិជ្ជកម្ម

កាល​ពីថ្ងៃ​ទី១៤ ខែ​មេសា លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ថ្លែង​ប្រាប់​ប្រជា​ពល​រដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​នៅ​ក្នុង​វត្ត​ពុទ្ធរង្សី នៃ​ទី​ក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ដ្រាលី ថា «ហើយ​បញ្ហា​ដែល​គេ​ចង់​បំបែកបំបាក់​គណបក្ស​សង្រ្គោះ​ជាតិ​នេះ យើង​បាន​ប្រកាស​ហើយ​បំបែក​មិន​បែក​ទេ! ធ្លាប់​បំបែក​បក្ស​មុនៗ​បែក ដោយ​សារ​រឿង​អ្វី​ផ្សេង​មិន​ដឹង​ទេ! ចំពោះ​គណបក្ស​សង្រ្គោះ​ជាតិ មាន​ផ្លូវ​របស់​យើង​ច្បាស់​លាស់! ​បំបែក​យ៉ាង​មិច​ក៏មិន​បែក​ដែរ​។»

 
ការ​លើក​ឡើង​របស់​លោក​កឹម សុខា ពី​ប្រទេស​អូស្ត្រាលី​តាម​ទំព័រ​ហ្វេស​ប៊ុក CBN Khmer TV ឲ្យ​ដឹង​ទៀត​ថាកាល​ពី​អាណត្តិ​មុនៗ​ក្នុង​រដូវ​បោះ​ឆ្នោត​បែប​នេះ គឺ​ឮ​តែ​តំណាង​រាស្ត្រ មន្ត្រី​គណបក្ស​ប្រឆាំង​រត់​ចូល ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គឺ​គ្មាន​ទេ។ លោក​កឹម សុខា​បាន​ឲ្យ​ដឹង​ទៀត​ថា​ចំណុច​ខ្លាំង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​មួយទៀត​នោះ​ គឺ​គណបក្ស​នេះ​បាន​រៀប​ចំ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​គ្រប់​ទូទាំង​១,៦៤៦ឃុំ សង្កាត់ ពោល​គឺ​ស្មើ​នឹងគណបក្ស​ប្រជា​ជន​កម្ពុជា​ដែរ​។

ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញផ្សេងៗ​ជា​ច្រើន ដើម្បី​ឲ្យ​បក្ស​នេះ មិន​អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ឃុំ សង្កាត់ នៅ​ខែ​មិថុនា​ខាង​មុខ​នេះ។​ សហភាព​អន្តរសភា​ហៅ​កាត់ IPUនៅ​ថ្ងៃ​បិទ​សន្និបាត​ទី ១៣៦​របស់​ខ្លួន​ដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ដាកា (Dhaka) ប្រទេស​បង់ក្លាដេស​កាល​ពី​ដើមខែមេសា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយបង្ហាញការ​ព្រួយ​បារម្ភ​ពី​វាសនា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​កម្ពុជា​ដោយ​ថា បក្ស​ប្រឆាំង​នេះ អាច​នឹង​ត្រូវ​គេ​រំលាយ និង​មិន​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​បាន។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ថ្លែង​ថា​គ្មាន​អ្នក​ណា​បំបែក​គណបក្ស​សង្រ្គោះជាតិ ក្រៅ​ពី​ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ទេ ព្រោះ​គណបក្ស​ប្រឆាំង​មួយ​នេះ​កើត​ឡើង​ពី​ការ​ប្រមូល​ផ្តុំគ្នា​ដោយ​គណបក្ស​នយោបាយ​ពីរ គឺ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា និង​គណបក្ស​សម​រង្ស៊ី​របស់លោក​សម រង្ស៊ី​។ លោក​បញ្ជាក់​ថា​គណបក្ស​សង្រ្គោះ​ជាតិ​មាន​ក្បាល​២។ លោក​បន្ថែម​ទៀត​ថា ការ​បំបែកបាន ឬ​មិន​បាន​គឺ​ជា​កត្តា​កំណត់ អាស្រ័យ​លើ​លោក​កឹម សុខា ហើយ​មិន​អាស្រ័យ​លើ​អ្នក​បំបែក​ទេ។

អ្នក​វិភាគ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា​ការ​ឯក​ភាព​គ្នា​របស់​គណបក្ស​ប្រឆាំង គឺ​ជា​ចំណុច​ខ្លាំង​របស់​គណបក្ស​នេះ ដើម្បី​យក​ឈ្នះ​ការ​បំបែក​ពី​ខាង​ក្រៅ។​

គួរ​ជម្រាប​ជូន​ថា​លោក​កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​បាន​ដឹក​នាំ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ដើម្បី​បំពេញ​បេសក​កម្ម​នៅ ប្រទេស​ញូហ្សេលែន និង​ប្រទេស​អូស្ដ្រាលី ហើយ​លោក​ក៏​ជួប​ជា​មួយ​ក្រុម​សមាជិក​សភា និង​មន្ដ្រី​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​។ ក្រៅ​ពី​ជួប​មន្ត្រី​នៃ​បណ្តា​ប្រទេស​ទាំង​នោះ លោក​កឹម សុខា ក៏​ជួប​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​រស់​នៅ​ទីនោះ​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ