អានតួអត្ថបទ
កម្ពុជា

អាកា​សយានិក​ស្លាប់​ក្នុង​ឧប្បតិ្ត​ហេតុ​ធ្លាក់​យន្តហោះ​ត្រូវ​បូជា​យប់​ថ្ងៃអាទិត្យ​នេះ​

ពិធី​បូជាសព​អាកាសយានិក​ខ្មែរ​ដែលរង​គ្រោះថ្នាក់​ស្លាប់​​ក្នុង​ឧប្បត្តិហេតុ​ ធ្លាក់​យន្តហោះ​ក្នុងប្រទេស​ឡាវ​ កាលពី​ថ្ងៃ​ពុធ នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​យប់​ថ្ងៃអាទិត្យ​នេះ បន្ទាប់ពី​​សាកសព​ត្រូវបាន​គេ​បញ្ជូន​តាម​យន្តហោះ​មកដល់​កម្ពុជា ​កាលពីរ​សៀ​ល​ថ្ងៃ​សៅរ៍។ នេះ​គឺជា​ការបាត់បង់​អាកាសយានិក​ខ្មែរ ដែល​កំពុង​តែមាន​ចំនួន​តិច​រួចហើយនោះ។

លោក យួង សំ អាកាស​យានិក​កម្ពុជា​ ដែលបាន​ស្លាប់​បាត់បង់​ជីវិតនៅ​ក្នុងការធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ​។
លោក យួង សំ អាកាស​យានិក​កម្ពុជា​ ដែលបាន​ស្លាប់​បាត់បង់​ជីវិតនៅ​ក្នុងការធ្លាក់​យន្តហោះ​នៅ​ប្រទេស​ឡាវ​។ Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​យប់​ថ្ងៃអាទិត្យ​ទី២០តុលា​នេះ ក្រុមគ្រួសារ និង​មិត្តភក្តិ​នៃ​អាកាសចរណ៍​ស៊ីវិល​ នឹង​រៀបចំ​ពិ​ធី​បូជាសព​លោក យួ​ង សំ អាកាសយានិក​ខ្មែរ​ដែល​បាន​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ ធ្លាក់​យន្តហោះ​ក្នុងប្រទេស​ឡាវ​។ ពិធីបុណ្យ​ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​សព​ក្នុង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល។

 
ពិធីបុណ្យ​បូជាសព​ត្រូវបាន​ធ្វើឡើង​ បន្ទាប់ពី​សព​អាកាសយានិក​យួ​ង សំ​ត្រូវបាន​បញ្ជូនមក​ដល់ក​ម្ពុ​ជា​តាម​យន្តហោះ ​កាលពី​ថ្ងៃ​សៅរ៍។

លោក យួ​ង សំ អាកាសយានិក​ខ្មែរ​ដែល​បម្រើ​ការងារ​អោយ​ក្រុម​អាកាសចរណ៍​ឡាវ​ជិត៣ឆ្នាំ​មកហើយ​នោះ បាន​ជួបគ្រោះថ្នាក់​ នៅក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ បន្ទាប់ពី​បាន​ជួប​អាកាសធាតុ​អាក្រក់។ យន្តហោះ​ដែល​បាន​ធ្លាក់​ចូលក្នុង​ទន្លេ​មេគង្គ​បានធ្វើ​មនុស្ស៤៩នាក់ មកពី​ប្រទេស​ចំនួន១០ផ្សេងគ្នា​ស្លាប់​ទាំងអស់។ យន្តហោះ​​បានចេញ​ដំណើរ​ពី​ទីក្រុង​វៀង​ច័ន្ទ មក​ខេត្ត​ចំប៉ា​សាក់​ ភាគខាងត្បូង​ប្រទេស​ឡាវ ដែលជា​តំបន់​ទេសចរណ៍។

ប្រធាន​នាយកដ្ឋាន​សន្តិសុខ និង​សុវត្ថិភាព​នៃ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ម៉ក់ សំអុល បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការបាត់បង់​លោក យួ​ង សំ អាកាសយានិក​ខ្មែរ គឺជា​ការបាត់បង់​ធន​ធាន​មនុស្ស​របស់​អា​កាស​ចរណ៍​ខ្មែរ។ មន្ត្រី​អាកាសចរណ៍​ស៊ីវិល​រូបនេះ​បាន​បញ្ជាក់ថា សព្វថ្ងៃនេះ អាកា​ស​យានិក​ខ្មែរ​មាន​ចំនួន១៧នាក់​ប៉ុណ្ណោះ ដែល​កំពុង​បំពេញ​ការងារ​នៅតាម​ក្រុមហ៊ុន​អាកាស​ចរណ៍​​​​បរ​ទេស​នា​នា ដូចជា ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ ថៃ វៀតណាម ម៉ាឡេស៊ី និង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​កូរ៉េ​ជាដើម។

នៅ​ទីកន្លែង​កើតហេតុ​ធ្លាក់​យន្តហោះ​ នៅក្នុង​ប្រទេស​ឡាវ​ឯណោះ​វិញ ក្រុមហ៊ុន​អាកាសចរណ៍​​ឡាវ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុម​អ្នក​ជួយសង្គ្រោះ​របស់​ថៃ និង​ក្រុមហ៊ុន​ស៊ើប​អង្កេត​ចម្រុះ បារាំង អ៊ីតាលី​ផង​បាន​រកឃើញ​សាកសព​ចំនួន៣២នាក់ ក្នុងចំណោម​មនុស្ស​នៅលើ​យន្តហោះ​ទាំងអស់៤៩នាក់​នោះ។ មកដល់​ថ្ងៃ​សៅរ៍​ម្សិលមិញ ក្រុមការងារ​ទាំងនេះ​ទើបតែ​បានកំណត់​អត្តសញ្ញាណ​សាកសព​បាន​ចំនួន១៤នាក់​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ