អានតួអត្ថបទ
កម្ពុជា

កំណើន​ភ្ញៀវទេសចរ​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ​

 ខណៈ​ពេល ដែល​ភ្ញៀវ​ទេសចរណ៍​ជាតិ បាន​សម្រុក​ចេញ​ពី​ទី​ប្រជុំជន​ទៅ​កាន់​តំបន់​ប៉ូល​ទេសចរណ៍​សំខាន់ៗ ក្នុងប្រទេស​កម្ពុជា ជា​ពិសេស គឺ​ការ​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុង​ខេត្ត​សៀមរាប​នោះ ក៏​មាន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​ជា​ច្រើន​បាន​សម្រុក​ទៅ​ក្រៅ​ប្រទេស។ ភ្ញៀវ​ទេសចរណ៍​ជាតិ ដែល​សម្រុក​ទៅ​ក្រៅ​ប្រទេស​មាន​ប្រមាណ​ជិត​១​លាន់​នាក់ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​ជាង​១០​ភាគ​រយ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំមុន។  

ពលរដ្ឋខ្មែរ​ទូទៅបាន​ធ្វើដំណើរ​កម្សាន្ត​​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុងស្រុក​នានា​ច្រើនជាង​ឆ្នាំមុន​
ពលរដ្ឋខ្មែរ​ទូទៅបាន​ធ្វើដំណើរ​កម្សាន្ត​​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​ក្នុងស្រុក​នានា​ច្រើនជាង​ឆ្នាំមុន​ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

 

លោក ហូ វណ្ណឌី ជា​សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា កំណើន​ភ្ញៀវ​ទេសចរ ដែល​ចេញ​ទៅ​ក្រៅ​ស្រុក​ក៏​មាន​ចំនួន​គួរ​សម​ដែរ ក្នុង​ឆ្នាំ​២០១៥​នេះ​​។ តាម​ការ​ប៉ាន់​ប្រមាណរ​បស់​លោក​ដោយ​ផ្អែក​លើ​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​ប្រមាណ​ជិត​១​លាន​នាក់ បាន​ចេញ​ទៅ​ទេសចរណ៍​នៅ​ក្រៅ​ប្រទេស។ ព្រឹត្តិការណ៍ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ ចេញ​ទៅ​ក្រៅ​ប្រទេស​ច្រើន​ជាង​គេ​នោះ គឺ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ និង​ក្នុង​ថ្ងៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក​។ ក្រៅ​ពី​ព្រឹត្តិការណ៍​ធំៗ​ទាំង​បី​នេះ ក៏​មាន​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ដែរ គឺ​ព្រឹតិ្តការណ៍​ឆ្លង​ឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ​។

បើ​តាម​លោក ហូ វណ្ណឌី ដដែល​បាន​ឲ្យ​ដឹង​ថា​ប្រទេស ដែល​ភ្ញៀវ​ទេសចរ​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ក្នុង​ឱកាស​ឈប់សម្រាក​នោះ មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី។ ​មូលហេតុ ដែល​បណ្តាល ភ្ញៀវ​ទេសចរ​ខ្មែរ​ចេញទៅ​ក្រៅ​ស្រុក គឺ​ដោយ​សារ​តែ​ស្ថានភាព​នយោបាយ​កម្ពុជា​ល្អ​ប្រសើ​ជាង​មុន ស្ថានភាព​សន្តិសុខ​សុវត្តិភាព​ក្នុងប្រទេស​ក៏​ល្អ​ប្រសើរ ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​មាន​ការ​កើន​ឡើង រួម​ជា​មួយ​នឹង​កំណើន​មនុស្សពេញ​វ័យ​កាន់​តែ​ច្រើន​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា។

មិន​មាន​ការ​ខាត​បង់​ទេ​សម្រាប់​កម្ពុជា​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ក្រៅ​ស្រុក ព្រោះ​ភ្ញៀវ​ទេសចរ​បរទេស​ក៏​មក​កម្ពុជា​ច្រើន​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍​កម្ពុជា។ យ៉ាង​ណា​មិញ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​កាលពី​ថ្ងៃទី១៧ ខែមេសា ថា​គ្រាន់​តែ​ខែត្រ​សៀមរាប ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ២៧​០០០នាក់ ដែល​មាន​កំណើន ២៥​ភាគ​រយ។

ក្នុង​ការ​ចាយ​វាយ​របស់​ភ្ញៀវ​ទេសចរ​ខ្មែរ​ទៅ​បរទេស​វិញ លោក ហូ វណ្ណឌី បាន​បញ្ជាក់​ថា អ្នក​ទេសចរណ៍​ខ្មែរ​ចំណាយ​ចាប់​ពី​៣០០ដុល្លារ​អាមេរិក​ឡើង​ទៅ។ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​បរទេស ដែល​មក​កម្ពុជា​ចំណាយ​ប្រហែល​ប្រមាណ​៧០០ដុលា្លរ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់។ ជាក់​ស្តែង​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នា​ខេត្តសៀមរាប ចំណូល​ប្រមាណ ១៨លាន​ដុល្លារ​អាមេរិក ដែល​កម្ពុជា​ទទួលបាន​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ នេះ​បើតាម​លោក ថោង ខុន។

សូមបញ្ជាក់ថា ភ្ញៀវ​ទេសចរ​ជាតិ ដែល​ចេញទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​មាន​ប្រមាណ​ពី​៧០​ម៉ឺន​នាក់ ទៅ​៨០​ម៉ឺន​នាក់​កាលពី​ឆ្នាំ​កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ