អានតួអត្ថបទ
ភូមា-អាមេរិក

ភូមា៖លោកស្រី ហ៊ីលឡារី គ្លីនតុន​នឹង​ពង្រីក​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី ប្រឈម​នឹង​ចិន

នៅ​ថ្ងៃពុធ ទី៣០ វិច្ឆិកា ភូមា​ផ្តើម​ក្រាល​ព្រំក្រហម​ទទួល​លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton។ គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយ​របស់​ប្រមុខ​ការទូតអាមេរិក​នៅ​លើ​ទឹក​ដីភូមា ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្ស​កន្លង​ទៅ។ ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ភូមា​បាន​និង​កំពុង​បន្ត​អនុវត្ត​នយោបាយ​បើក​ចំហ។ លោកស្រី គ្លីនតុន​បាន​ឆក់​យក​ឱកាស​នេះ​ដើម្បី​ផ្តើម​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​រ៉ង់ហ្គូន ព្រម​ទំាង​ឆ្លៀត​ពង្រីក​ឥទ្ធិពល​របស់​អាមេរិក​នៅ​ក្នុង​តំបន់ ប្រឈម​នឹង​ប្រទេស​ចិន។

លោកស្រី​គ្លីនតុន ក្នុង​វេទិកា​អាស៊ាន​ស្តីពី​បញ្ហា​សន្តិសុខ
លោកស្រី​គ្លីនតុន ក្នុង​វេទិកា​អាស៊ាន​ស្តីពី​បញ្ហា​សន្តិសុខ ©Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​ពុធ ទី៣០ វិច្ឆិកា ដែល​មាន​ប្រមុខ​ការទូតអាមេរិក​ម្នាក់​ត្រូវ​ដាក់​ជើង​ជាន់​ទឹកដី​ភូមា​ជា​លើកទីមួយ​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្ស​កន្លង​ទៅ​នេះ។ នៅ​ទីនោះ លោកស្រី ហ៊ីលឡារី គ្លីនតុន​ត្រូវ​ចូល​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ភូមា ថេន សេន និង​លោកស្រី​ប្រមុខ​គណបក្សប្រឆំាង អ៊ុង សានស៊ូជី។ គេ​នៅ​​មិន​ទាន់​ដឹង​ទេ​ថា តើ​លោកស្រី គ្លីនតុន​នឹង​យក​ប្រធាន​រឿង​អ្វី​ខ្លះ ទៅ​ជជែក​ជា​មួយ​ថ្នាក់​ដឹកនំា​ភូមា​ទេ។ បើ​តាម​មើល​ទៅ ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ប្រាកដ​ជា​ទាមទារ​ឲ្យ​របប​ថ្មី​ភូមា​បន្ត​អនុវត្ត​នយោបាយ​បើក​ចំហ​ឆ្ពោះ​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ទីក្រុង​វ៉ាស៊ីនតោន​ក៏​មិន​ទាន់​អាច​និយាយ​ពី​ការ​សម្រាល ឬមួយ​ក៏​លើក​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ចេញ​ពី​ភូមា​វិញ​ដែរ។

ចំពោះ​សហរដ្ឋអាមេរិក ទីក្រុង​វ៉ាស៊ីនតោន​មាន​ការ​ប្រយ័ត្នប្រយែង​ដោយ​មិន​ចង់​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ខ្លួន​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ទីក្រុង​រ៉ង់ហ្គូន​ឡើង​វិញ​នោះ​ទេ។ ក៏​ប៉ុន្តែ ការ​ដែល​ថ្នាក់ដឹក​នំា​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​ភូមា​ពេល​នេះ ពិត​ជា​និមិត្តរូប​ពិសេស​ណាស់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​ចិន។ ត្រង់​ចំណុច​នេះ ទីក្រុង​ប៉េកំាង​ពិត​ជា​យល់​មិន​ច្រឡំ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២៨ វិច្ឆិកា លោក Xi Jinping អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​ចិន និង​ជា​អនាគត​ប្រធានាធិបតី​ចិន​នៅ​ឆ្នំា ២០១២ បាន​ស្នើ​ឲ្យ​កងទ័ព​ចិន និង​ភូមា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ស៊ីជម្រៅ​បន្ថែម​ទៀត។ សេចក្តី​ស្នើ​នេះ​​បាន​ធ្វើ​ឡើង​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​អគ្គមេបញ្ជាការ​ភូមា​នៅ​ក្នុង​ប្រទេស​ចិន។

ជា​លក្ខណៈ​ប្រវត្តិសាស្រ្ត ចិន​ជា​ប្រទេស​ដែល​បាន​ចេញ​មុខ​ការពារ និង​គំាទ្រ​ភូមា​តំាង​ពី​របបសឹក​ចូល​កាន់​អំណាច​ក្នុង​ឆ្នំា ១៩៦២។ ប៉ុន្តែ​តំាង​ពី​ក្រោយ​ការ​បោះឆ្នោត​នា​ចុង​ឆ្នំា ២០១០ និង​បន្ទាប់​ពី​បាន​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មក ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ថ្មី​ភូមា និង​ទីក្រុង​ប៉េកំាង​មិន​សូវ​រលូន​ប៉ុន្មាន និង​មាន​ពេល​ខ្លះ​តានតឹង​ទៀត​ផង។ ជាក់ស្តែង​នា​ពេល​ថ្មីៗ​នេះ ភូមា​បាន​សម្រេចចិត្ត​ផ្អាក​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ទឹកដី​របស់​ខ្លួន។ បន្តិច​ម្តងៗ ភូមា​បាន​និង​កំពុង​ងាក​ចេញ​ពី​ចិន​ ដោយ​បាន​បែរ​ក្បាល​ទៅ​រក​អ្នក​ផ្សេង​មាន​ដូច​ជា​ឥណ្ឌា ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី​អាគ្នេយ៍ និង​ឥឡូវ​នេះ សហរដ្ឋអាមេរិក។

ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​​ថា ការ​ដែល​អាមេរិក​បាន​បែរ​ក្បាល​មក​ចាប់​អារម្មណ៍​តំបន់​អាស៊ី និង​ភូមា​នា​ពេល​នេះ គឺ​ក្នុង​គោលដៅ​ប្រឈម​ទប់​នឹង​ឥទ្ធិពល​របស់​ចិន និង​ឆ្លៀត​ពេល​ដែល​ចិន​កំពុង​មាន​ជម្លោះ​ដណ្តើម​ទឹកដី​គ្នា​ជាមួយ​ប្រទេស​អាស៊ី​មួយ​ចំនួន​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ