អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរចាប់​​រុះរើ​បំផ្លាញ​លំនៅ​ឋាន​អ្នកភូមិ​បឹងកក់

អាជ្ញាធរ ដែល​មាន​កម្លាំង​ចម្រុះ ជា​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដូនពេញ និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ូកាគូ អ៊ិន ប្រមាណ​ជា ៦០ នាក់ បាន​ចុះ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ភូមិ ទី​២៤ ក្នុង​តំបន់​បឹងកក់ កាលពី​ព្រឹក​ថ្ងៃទី​១៤​មករា​នេះ។ ក្នុង​ពេល​វាយ​កម្ទេច​ផ្ទះឈើ ​ប្រក់​ស័ង្កសី ចំនួន ១៩ បន្ទប់ សង់លើទឹកបឹងកក់​នោះ កម្លាំងចម្រុះ បាន​ចាប់ខ្លួន​អ្នកកាសែត ភ្នំពេញ​ប៉ុស្តិ៍ និង​ដកហូត​យក​ម៉ាស៊ីន​ថតរូប។ ក៏ប៉ុន្តែ ដោយ​មាន​ការតវ៉ា​ពី​ក្រុម​អ្នកភូមិ ទី​បំផុត​ទៅ អ្នកកាសែត ត្រូវបាន​ដោះលែង ជាមួយនឹង​ម៉ាស៊ីនថតរូប។

ផ្ទះ​ជា​ច្រើន​ខ្នងក្នុង​តំបន់​បឹងកក់​​ត្រូវ​វាយបំផ្លាញ​ដោយ​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ិនកាគូ អ៊ិន និង​អាជ្ញាធរ​ខ្មែរ នៅ ថ្ងៃ​សុក្រ​ទី ១៤ មករា ២០១១
ផ្ទះ​ជា​ច្រើន​ខ្នងក្នុង​តំបន់​បឹងកក់​​ត្រូវ​វាយបំផ្លាញ​ដោយ​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ិនកាគូ អ៊ិន និង​អាជ្ញាធរ​ខ្មែរ នៅ ថ្ងៃ​សុក្រ​ទី ១៤ មករា ២០១១ ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

01:59

សេចក្តី​រាយការណ៍​របស់​លី ម៉េងហួរ​ពី​ទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់ បាន​ផ្ទុះ​ឡើង​ជា​ថ្មី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅពេល​ដែល​អាជ្ញាធរ ដែល​មាន​កម្លាំង​ចម្រុះ ជា​ប៉ូលីស​ខណ្ឌដូនពេញ និង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ូ​កា​គូ អ៊ិន សរុប​ប្រមាណ ៦០ នាក់ ប្រដាប់​ដោយ​កាំភ្លើង ខែល និង​ដំបង​បង្ក្រាប​បាតុកម្ម បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ និង​វាយ​កម្ទេច​ផ្ទះ​អ្នកភូមិ​បឹងកក់ ចំនួន ១៩ បន្ទប់ នៅ​ភូមិ លេខ​២៤ ជិត​ទីស្នាក់ការ​ក្រុមហ៊ុន។

នៅ​ពេល​ចាប់ផ្តើម​វាយកម្ទេច​ផ្ទះ​អ្នក​ភូមិ​បឹងកក់ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ហាមឃាត់​មិន​ឲ្យ​អ្នកកាសែត​ចូល​ថតរូប​ឡើយ​។ ចំណែក​អ្នកភូមិ ជា​ម្ចាស់ផ្ទះ បាន​ធ្វើ​ការតវ៉ា នាំ​ដល់​ការរុញច្រាន ហើយ​បាន​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​តឹងតែង​មួយរយៈ។ ទោះយ៉ាងណា មិន​មាន​អំពើហិង្សា​ធ្ងន់ធ្ងរ កើតឡើង​ទេ។

ទី​បំផុត​ទៅ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​រារាំង និង​រហូត​ឈានដល់​ការចាប់​ក្រៀក​អ្នកថតរូប កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​ដកហូត​យក​ម៉ាស៊ីន​ថត។ ក៏​ប៉ុន្តែ​ក្រុម​អ្នកភូមិ និង​អ្នកកាសែត បាន​ធ្វើ​ការតវ៉ា​ប្រឆាំង​ទង្វើ​ល្មើស និង​រំលោភ​សិទ្ធិ​អ្នកកាសែត​ដ៏​ធ្ងន់ធ្ងរ។ មួយសន្ទុះ​ក្រោយមក អ្នក​ថតរូប​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក សុវណ្ណ ភីឡុង ត្រូវបាន​ដោះលែង និង​ទទួល​បាន​ម៉ាស៊ីន​ថតរូប​មកវិញ ប៉ុន្តែ​អាជ្ញាធរ បាន​តម្រូវ​ឲ្យ​លុប​​រូបថត​នៃ​ព្រឹត្តិការណ៍​វាយកម្ទេច​ផ្ទះ​អ្នកភូមិ​ទាំងនោះ។

តំបន់​បឹង​កក់ ត្រូវ​បាន​រដ្ឋាភិបាល ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ស៊ូ​កាគូ របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប។ ក៏ប៉ុន្តែ ការអភិវឌ្ឍន៍​នោះ តម្រូវឲ្យ​ប្រជាពលរដ្ឋ​ជាង ៤០០០ គ្រួសារ ត្រូវ​រុះរើ​លំនៅឋាន ជា​ថ្នូរ​នឹង​គោលនយោបាយ​ដោះដូរ នូវ​ទឹកប្រាក់ ៨៥០០​ដុល្លារ ក្នុង​មួយ​គ្រួសារ។ ចាប់តាំងពី​ឆ្នាំ​២០០៧ រហូតដល់សព្វថ្ងៃ ប្រជាពលរដ្ឋ​ភាគច្រើន មិន​ព្រម​ទទួលយក​គោលនយោបាយ​រប​ស់​ក្រុមហ៊ុន និង​សាលាក្រុង ហើយ​បន្ត​ការតវ៉ា បើទោះបី​ជា គ្មាន​ការអើពើ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ប្រទេស​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ