អានតួអត្ថបទ
ភូមា

ប្រធានាធិបតី​ភូមា​ប្រើពាក្យ​ព្រមាន​សេរីភាព​សារព័ត៌មាន​ ក្រោយ​​មាន​អំពើ​ហិង្សា​សហគមន៍​

សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ AFP ​បាន​ចុះផ្សាយ​​នៅថ្ងៃ​អង្គារ​នេះថា ក្រោយអំពើ​ហិង្សា​សហគមន៍​​​សាសនា​នៅប្រទេស​ភូមា ​ក្នុង​សប្តាហ៍​មុន ដែល​បាន​​សម្លាប់​មនុស្ស​២នាក់ ប្រធានាធិបតី​​​​​ភូមា​ ថេន សេន ​បាន​​​សន្យា​មិន​អត់ឱន​​ជនដៃដល់​ដែល​ជំរុញ​អោយ​មាន​ហិង្សា​​​​នេះ​ឡើយ។ ​គួររំលឹក​ថា អំពើហិង្សា​សហគមន៍​សប្តាហ៍​មុន ​បាន​សម្លាប់​មនុស្ស​២នាក់ ជា​ហិង្សា​​កើតឡើង​ដោយសារ​​​ការ​ចុះផ្សាយ​ពាក្យចចាមអារ៉ាម​ក្នុង​អ៊ីនថឺនេត។ ដូច្នេះ ប្រធានាធិបតី​​​ភូមា ​​ឆ្លៀត​​​វាយ​ប្រហារ​​​​ផ្នែក​សារព័ត៌មាន​​​ផងដែរ ទាក់ទង​​នឹង​សេរីភាព​នៃ​ការ​​សរសេរ​ចុះផ្សាយ​​ក្នុង​អ៊ីនថឺនេត។​

ប្រធានាធិបតី​ភូមា ថេន សេន ព្រមាន​​ចាត់ការ​ជនដៃដល់​​​​​ក្នុង​អំពើ​ហិង្សា​សហគមន៍​ ដែល​កើតឡើង​កាលពី​ថ្ងៃ​អង្គារ១កក្កដា។
ប្រធានាធិបតី​ភូមា ថេន សេន ព្រមាន​​ចាត់ការ​ជនដៃដល់​​​​​ក្នុង​អំពើ​ហិង្សា​សហគមន៍​ ដែល​កើតឡើង​កាលពី​ថ្ងៃ​អង្គារ១កក្កដា។ REUTERS/Aaron Favila/Pool
ផ្សាយពាណិជ្ជកម្ម

យោងតាម​សារព័ត៌មាន​បារាំង​ អា អេហ្វ ប៉េ ​ ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ​ប្រធានាធិបតី​​ភូមា ថេន សេន​ ​បាន​លើកឡើង​ថា ស្របតាម​​​គុណសម្បត្តិ​​​កំណែទម្រង់​នយោបាយ​​អន្តរកាល​​​​ដ៏សំខាន់​​ ​ការ​​​​ប្រើសិទ្ធិ​​​សេរីភាព​សារព័ត៌មាន មាន​ដូច​ជា​​សិទ្ធិ​បញ្ចេញ​មតិ ​រឺ​សិទ្ធិ​សរសេរ​ដោយ​សេរី​ ​​ក្នុង​ប្រទេស​​​ភូមា ​សិទ្ធិ​ទាំងនេះ​​​​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​​មួយ ​​​នៅ​អាស៊ី​​​​អាគ្នេយ៍។ ​

ប្រធានាធិបតី​​ថេន សេន ​លើកឡើង​បែបនេះ ​​ក្រោយ​ពេល​ភូមា​បាន​រង​អំពើហិង្សា​សហគមន៍​​រវាង​ក្រុម​អ្នក​កាន់​​សាសនា​ព្រះពុទ្ធ និងក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម​ កាលពីថ្ងៃ​អង្គារ​សប្តាហ៍​មុន។ ក្រុម​មនុស្ស​ទាំងនេះ​បាន​ចូល​វាយ​តូប​ទំនិញ​មួយកន្លែង​ នៅ​ក្រុង​ម៉ាន់ដាឡៃ ​ក្រោយ​បាន​​មាន​​​ពាក្យ​ចចាមអារ៉ាម​ ​តាម​អ៊ីនថឺនេត ​បំផ្លើស​​​ចោទ​ម្ចាស់​តូប​ទំនិញ​​មួយនោះ​​ ថា​បាន​រំលោភ​ផ្លូវភេទ។ អំពើ​ហិង្សាសប្តាហ៍​មុន ​​បាន​សម្លាប់​ពុទ្ធ​សាសនិក​ជន​ម្នាក់ និង​អ្នកកាន់​សាសនា​អ៊ីស្លាម​​ម្នាក់។ ​ក្រោយ​ដាក់​បម្រាម​គោចរ​មក អាជ្ញាធរ​បាន​ចាប់​មនុស្ស​ជាង​៤០០នាក់។

ដោយឡែក ​ក្រោយ​របប​សឹក​ភូមា​ដួលរលំ​នៅ​ឆ្នាំ​២០១១មក​ ​រដ្ឋាភិបាល​ភូមាតែង​​រងការ​ចោទ​ប្រកាន់​ថា ​មិនទាន់​មាន​សមត្ថភាព​​បញ្ចប់​បញ្ហា​​ហិង្សា​​សហគមន៍​ក្នុង​ស្រុក​​នៅឡើយ។​ ហើយ​​ពាក្យ​ចចាម​អារ៉ាម​តាម​អ៊ីនថឺនេត​ទៀតសោត ក៏​អាជ្ញាធរ​ពុំទាន់​មាន​វិធានការ​អ្វី​ចាត់ការ​​នៅឡើយ​ដែរ។ ​ដូច្នេះ​ ​ក្រោយ​ពេល​ហិង្សា​សហគមន៍​កើតឡើង​ជាថ្មី កាលពី​​សប្តាហ៍​មុន ប្រធានាធិបតីភូមា​បានឆ្លៀត​​​​លើកពី​​​​វិធានការ​​​ចាត់ការ​​ ​ការចុះផ្សាយ​ព័ត៌មាន​មិនពិតតាម​អ៊ីនថឺនេត​​​ ​ដែលជា​ការ​​ប៉ះពាល់​​ដល់​សេរីភាព​សារព័ត៌មាន​ ពិសេស​ការចុះផ្សាយ​ព័ត៌មានតាម​អ៊ីនថឺនេត​តែម្តង។ លោក​ ថេន សេន​ លើក​ឡើងបន្ថែម​​ថា ​ប្រសិន​បើ​សេរីភាពសារព័ត៌មាន​​ គំរាម​ដល់​សុវត្ថិភាព​សន្តិសុខជាតិ ជាជាង​ចូលរួម​ជួយ​ជាតិ​ នោះ​រដ្ឋាភិបាល​ភូមា​សូម​ព្រមាន​ថា ​នឹង​​ប្រតិកម្ម​​ចាត់ការ​​មិនខាន៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ