អានតួអត្ថបទ
ភូមា

រដ្ឋាភិបាល​ភូមា​បាន​យល់ព្រម​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ធនាគារបរទេស​

នៅ​ថ្ងៃ​ពុធ ទី២ តុលា រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​យល់ព្រម​ផ្តល់​អាជ្ញាប័ណ្ណ​លើកដំបូង​ឲ្យ​ធនាគារបរទេស​ចូល​ទៅ​រកស៊ី​នៅ​ភូមា។ អាជ្ញាប័ណ្ណ​ដំបូង​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ធនាគារបរទេស​​ចំនួន ៩ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក មាន​ជា​អាទិ៍ ធនាគារ ANZ របស់​អូស្រ្តាលី ធនាគារ ICBC របស់​ចិន ឬមួយ​ក៏​ធនាគារ​ជប៉ុន​ឈ្មោះ Bank of Tokyo-Mitsubishi ជា​ដើម។ ភូមា​ជា​ប្រទេស​មួយ​ដែល​វិស័យ​ធនាគារ​កំពុង​បោះ​ជំហាន​ទៅ​មុខ តែ​នៅ​មាន​លក្ខណៈ​ផុយស្រួយ​ដោយសារ​តែ​ប្រទេស​បាន​ស្ថិត​ក្នុង​ភាព​ឯកោ​អស់​ជា​ច្រើន​ទសវត្ស។  

លោក​ទេសាភិបាល​ធនាគារជាតិ​ភូមា Kyaw Kyaw Maung
លោក​ទេសាភិបាល​ធនាគារជាតិ​ភូមា Kyaw Kyaw Maung Reuters
ផ្សាយពាណិជ្ជកម្ម

វា​ពិត​ជា​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ​ដែល​រដ្ឋាភិបាល​ភូមា​បាន​យល់ព្រម​ប្រគល់​អាជ្ញាប័ណ្ណ​ឲ្យ​ធនាគារបរទេស​ពេល​នេះ ព្រោះ​ភូមា​បាន​យល់​យ៉ាង​ច្បាស់​ថា ការ​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ចំា​បាច់​ត្រូវ​តែ​ឆ្លង​កាត់​តាម​កំណែទម្រង់​វិស័យ​ធនាគារ​ដោយ​ចៀស​មិន​រួច។ អ៊ីចឹង​ហើយ​បាន​ជា​កាល​ពី​ឆ្នំា ២០១៣ កន្លង​ទៅ រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​ច្បាប់​ថ្មី​មួយ​ដោយ​សុទ្ធចិត្ត​ផ្តល់​ឯករាជ្យភាព​បន្ថែម​ឲ្យ​ធនាគារជាតិ​របស់​ខ្លួន។ ការ​យល់ព្រម​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ធនាគារបរទេស​ពេល​នេះ​បាន​ធ្វើ​​ឲ្យ​ធនាគារឯកជន​ក្នុង​ស្រុក​មាន​ក្តីបារម្ភ​ជា​ពន់ពេក តែ​លោក​ទេសាភិបាលរង​នៃ​ធនាគារជាតិ​សេត អ៊ុង​បាន​ប្រកាស​ធានា​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ថា អាជ្ញាប័ណ្ណ​ដែល​ប្រគល់​ទៅ​ឲ្យ​ធនាគារបរទេស​ត្រូវ​បាន​ភ្ជាប់​ដោយ​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ធនាគារបរទេស​ទំាង​នោះ​ត្រូវ​គោរព​ឲ្យ​ខាន​តែ​បាន។ លក្ខខណ្ឌ​ទំាង​នោះ​រួម​មាន ការ​ហាម​មិន​ឲ្យ​បម្រើ​សេវា​ដល់​អតិថិជនឯកជន ការ​ហាម​មិន​ឲ្យ​បើក​សាខា​លើស​ពី​មួយ និង​ត្រូវ​តម្កល់​ប្រាក់​តិច​បំផុត​ចំនួន ៧៥លានដុល្លារ។

គួរ​ជម្រាប​ជូន​ថា​មក​ដល់​ពេល​នេះ ធនាគារបរទេស​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា​អនុញ្ញាត​ឲ្យ​មាន​តែ​ការិយាល័យតំណាង​របស់​ខ្លួន​ប៉ុណ្ណោះ និង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​អ្វី​ទំាង​អស់។ បច្ចុប្បន្ន​នេះ ភូមា​មាន​ធនាគាររដ្ឋ​ចំនួន ៤ និង​ធនាគារឯកជន​ប្រមាណ​ជា ២០ ហើយ​ធនាគារឯកជន​ទំាង​នេះ​ទើប​តែ​មាន​វត្តមាន​តំាង​ពី​ឆ្នំា ១៩៩០ ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ វិស័យធនាគារ​ភូមា​នៅ​មាន​លក្ខណៈ​ផុយស្រួយ​ខ្លំាង​ដោយសារ​តែ​សំណល់​ពី​ការ​អនុវត្តន៍​នយោបាយ​តាម​បែប​សង្គមនិយម​ក្នុង​ជំនាន់​របបសឹក។ វិបត្តិធនាគារ​កាល​ពី​ឆ្នំា ២០០៣ បាន​ធ្វើ​ឲ្យ​ធនាគារ​ជា​ច្រើន​ក្ស័យធន និង​អ្នកទុកប្រាក់​នៅ​ធនាគារ​បាត់បង់​លុយកាក់​អស់​រលីង។ ជាង ១០ឆ្នំា​ក្រោយ​ព្រឹត្តិការណ៍​នោះ​មក សុបិន្តអាក្រក់​នៅ​បន្ត​តាម​លង និង​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​ភូមា​មួយ​ចំនួន​ធំ​រៀងចាល​លែង​ទុកចិត្ត​ធនាគារ ហើយ​នំា​គ្នា​បន្ត​សន្សំលុយ​ទុក​នៅ​ផ្ទះ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ