អានតួអត្ថបទ
ភូមា

ភូមា​ទើប​ប្រកាស​ដឹង​ថា ប្រជាជនខ្លួន​មាន​ចំនួន​តិចជាង​ការ​ប្រមើល​ទុក​ដល់​ទៅ ៩លាននាក់

រដ្ឋាភិបាល​នៃ​ប្រទេស​ភូមា​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​បច្ចុប្បន្ន​មាន​តែ​ជាង ៥១លាននាក់​ប៉ុណ្ណោះ ពោល​គឺ​តិច​ជាង ៩លាននាក់​ដែល​គេ​បាន​ទន្ទឹង​រង់ចំា។ នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៣ទសវត្ស​កន្លង​ទៅ​ដែល​ប្រទេស​ក្រីក្រ​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​ធ្វើ​ជំរឿន​ប្រជាជន​របស់​ខ្លួន។ ជំរឿង​ចុង​ក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នំា ១៩៨៣ ដែល​ប្រទេស​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​យោធា។

លោកប្រធានាធិបតីភូមា ថេន​សេន
លោកប្រធានាធិបតីភូមា ថេន​សេន REUTERS/Tomohiro
ផ្សាយពាណិជ្ជកម្ម

 

៥១ ៤១៩ ៤២០នាក់ នេះ​ជា​តួលេខ​ថ្មី​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​ភូមា​សព្វថ្ងៃ។ តួលេខ​ថ្មី​នេះ​ទើប​ត្រូវ​បាន​លោកស្រី​រដ្ឋមន្រ្តី​អន្តោប្រវេសន៍​ឃិន យី​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នា​ថ្ងៃ​សៅរ៍ ទី៣០ សីហា។ បើ​យោង​តាម​លោកស្រី​ឃិន យី ចំនួន​ប្រជាជន​ភេទស្រី​បាន​កើន​លើស​ភេទ​ប្រុស​ប្រមាណ​ជា ១លាន ៧សែន​នាក់​នៅ​ក្នុង​តួលេខ​ថ្មី​នេះ។ យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ផ្លូវការ​នៃ​ជំរឿន​ប្រជាជន​ដែល​បាន​ធ្វើ​កាល​ពី​ខែ​មីនា និង​មេសា​កន្លង​ទៅ​នឹង​ត្រូវ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​នៅ​ក្នុង​ខែ​ឧសភា ឆ្នំា ២០១៥។ ដោយឡែក ក្រៅ​ពី​បញ្ជាក់​ពី​ចំនួន​ប្រជាជន​សរុប លទ្ធផល​ផ្លូវការ​ក៏​នឹង​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ ពី​ចំនួន​ប្រជាជន​ភូមា​អ្នក​កាន់សាសនា​ខុសៗ​គ្នា និង​ពី​ប្រភព​ជាតិពិន្ធុដើម​របស់​ពួក​គេ។ គឺ​ទាក់ទង​នឹង​បញ្ហា​ជាតិពិន្ធុ​នេះ​ឯង​ដែល​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ខ្លំាង​នៅ​ក្នុង​ការ​ធ្វើ​ជំរឿន​លើក​នេះ ព្រោះ​ថា សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទំាង ៤១ ដែល​គេ​បាន​សួរ​ទៅ​ប្រជាជន​នោះ គឺ​ជាតិពិន្ធុដើម​របស់​ប្រជាជន​ម្នាក់ៗ។

តែ​ពួក​អ្នកកាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីនយ៉ា​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បញ្ជាក់​ពី​ជាតិពិន្ធុដើម​របស់​ខ្លួន​ទេ។ តាម​ពិត​ទៅ​នៅ​ភូមា ពួក​រ៉ូហ៊ីនយ៉ា​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជនជាតិ​ភាគតិច​ភូមា​ទេ តែ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស នោះ​បើ​ទោះ​បី​ជា​ភាគច្រើន​បាន​រស់នៅ​ក្នុង​ទឹកដី​ភូមា​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ​ក្តី។ ដោយឡែក លទ្ធផល​នៃ​ការ​ធ្វើ​ជំរឿន​លើក​នេះ​មិន​បាន​រាប់បញ្ចូល​មនុស្ស​ប្រមាណ​ជា ១លាន ២សែននាក់​ដែល​កំពុង​រស់នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន កាឈិន និង​រដ្ឋការ៉ែន​ទេ ព្រោះ​សុទ្ធ​ជា​រដ្ឋ​ដែល​កំពុង​មាន​ជម្លោះ។ កាល​ពី​ឆ្នំា ២០១២ អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់សាសនា​ព្រះពុទ្ធ និង​អ៊ីស្លាម​ក្នុង​រដ្ឋ​រ៉ាក់ឃីន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់សិបនាក់ និង​អ្នក​រត់ភៀសខ្លួន​ប្រមាណ​ជា ១៤០ ០០០នាក់ ពិសេស​ពួក​រ៉ូហ៊ីនយ៉ា។

គួរ​រម្លឹក​ជូន​ថា នេះ​ជា​លើកទី១ បង្អស់​ក្នុង​រយៈពេល ៣ទសវត្ស​ចុងក្រោយ​ដែល​ភូមា​បាន​ធ្វើ​ជំរឿន​ប្រជាជន​ខ្លួន។ ជំរឿន​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នំា ១៩៨៣ ក្នុង​អំណាច​យោធា។ គឺ​ដោយ​ផ្អែក​លើ​លទ្ធផល​កាល​ពី​ឆ្នំា ១៩៨៣ នោះ​ឯង​ដែល​គេ​ប្រមើលមើល​ថា ចំនួន​ប្រជាជន​នឹង​អាច​មាន ៦០លាននាក់។ តែ​ជាក់ស្តែង​មាន​តែ​ជាង ៥០លាននាក់​ប៉ុណ្ណោះ ពោល​គឺ​មាន ៩លាននាក់​តិច​ជាង​ការ​គ្រោង​ទុក។ លោកស្រី​រដ្ឋមន្រ្តី​អន្តោប្រវេសន៍​ឃិន យី​បាន​បញ្ជាក់​ថា ការ​ថយចុះ​នៃ​កំណើត​ទារក​អាច​ជា​មូលហេតុ​មួយ​នៃ​ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន​ដែល​បាន​គ្រោង​ទុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ