អានតួអត្ថបទ
កម្ពុជា

ក្រៅ​ពី​ទៅ​វត្ត ​ពលរដ្ឋ​ខ្មែរ​ ទៅ​កំសាន្ត​ក្នុង​ស្រុក ​និង​ខ្លះ​ទៀត ​ចេញ​ទៅ​ក្រៅ​ប្រទេស

ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​យក​ចង្ហាន់​ទៅ​វត្ត ​ប្រគេន​ព្រះសង្ឃ ​ឧទ្ទិស​កុសល ​ជូន​ដល់​វិញ្ញាណ​ក្ខន្ធ​បុព្វការី​ជន​ ជី​ដូន​ជីតា​ មាតា​បិតា ​និង​ញាតិ​សន្តាន ​ដែល​បាន​ចែក​ឋាន។ ទន្ទឹម​នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ ពលរដ្ឋ​ខ្មែរ​ក៏​បាន​ទៅ​កំសាន្ត ​តាម​តំបន់​រមណីយ​ដ្ឋាន​សំខាន់​ៗ​ ដូច​ជា ​នៅ​តំបន់​សមុទ្រ​ និង​នៅ​តំបន់​ព្រៃ​ភ្នំ​ ជា​ដើម។​ ទន្ទឹម​នឹង​នោះ ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៀត​ ក៏​បាន​ចេញ​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ​នៅ​តំបន់​ទេសចរណ៍ ​ក្នុង​ស្រុក​ តម្លៃ​សេវា​ដឹក​ជញ្ជូន​ ម្ហូប​អាហារ ​និង​ការ​ស្នាក់​នៅ ​បន្ត​ឡើង​ថ្លៃ​ទ្វេ​ដង។ នេះ​បើ​តាម​លោក​ អាង​ គឹម​អៀង ​ប្រធាន​សមាគម​ទី​ភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​​ទូទៅ​បា​ន​​ធ្វើ​ដំណើរ​​កំសាន្ត​​នៅ​តាម​​រមណីយ​ដ្ឋាន​​ទេសចរណ៍​​ក្នុង​ស្រុក​​និង​ពលរដ្ឋ​ខ្លះ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ប្រទេស​ជិត​ខាង​​នៅ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​។
ពលរដ្ឋ​ខ្មែរ​​ទូទៅ​បា​ន​​ធ្វើ​ដំណើរ​​កំសាន្ត​​នៅ​តាម​​រមណីយ​ដ្ឋាន​​ទេសចរណ៍​​ក្នុង​ស្រុក​​និង​ពលរដ្ឋ​ខ្លះ​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ប្រទេស​ជិត​ខាង​​នៅ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ​។ សហការី
ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​តែ​បុណ្យ​ភ្ជុំ​បិណ្ឌ ​រយៈ​ពេល​បី​ថ្ងៃ ​ហើយ​បូក​នឹង​ថ្ងៃ​សៅរ៍​អាទិត្យ​ទៀត​នោះ​ គឺ​ជា​ថ្ងៃ​ឈប់​សម្រាក​ នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ​បាន​ធ្វើ​ដំណើរ​ទៅ​វត្ត ​និង​ទៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន។ លោក​ អាង​ គឹម​អៀង ​ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​ បាន​កត់​សម្គាល់​ថា ​ពលរដ្ឋ​ខ្មែរ​ ក្រៅ​ពី​ទៅ​វត្ត​ និង​ទៅ​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ត​ ក្នុង​ឱកាស​បុណ្យ​​ភ្ជុំ​បិណ្ឌ​នេះ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ក៏​បាន​ចំណាយ​ពេល​ដើរ​កំសាន្ត ​តាម​តំបន់​ទេសចរណ៍​ក្នុង​ស្រុក ​ដូច​ជា ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ ក្នុង​ខេត្ត​កោះកុង​ ខេត្ត​ព្រះសីហនុ​ កែប​ និង​ខេត្តកំពត។​ ចំណែក​ភ្នំ​បូកគោ​ ក្នុង​ខេត្ត​កំពត​ ក៏​អ្នក​ទេសចរ​ក្នុង​ស្រុក ​មិន​រំលង​ សម្រាប់​ពិធី​បុណ្យ​ទាន​នេះ​ទេ។

ក្រៅ​ពី​នោះ​ លោក​អាង​គឹម​អៀង​ បាន​កត់​សម្គាល់​ថា ​នៅ​តំបន់​ទេសចរណ៍ ​នៅ​ភាគ​ឥសាន​ ដូចជា​ ខេត្ត​រតនគិរី​ មណ្ឌលគិរី​ និង​ខេត្ត​ស្ទឹងត្រែង ​ជា​ដើម​ ដោយ​សារ​តែ​ផ្លូវ​លំបាក​ធ្វើ​ដំណើរ ​ដូច្នេះ​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​អាច​មាន​អ្នក​ទេសចរ​តិច​ទៅ​លេង។ ​ប៉ុន្តែ​ផ្នែក​ខាង​កំពង់​ធំ ព្រះវិហារ ​ឧត្តរ​មានជ័យ​ និង​ខេត្ត​សៀមរាប​ មាន​ផ្លូវ​ចាក់​កៅស៊ូ ​ទើប​នឹង​ធ្វើ​ហើយ ​ដូច្នេះ ​មាន​អ្នក​ទៅ​លេង​ច្រើន។

យ៉ាង​ណា​ក៏​ដោយ ​ការ​ធ្វើ​ដំណើរ​ និង​ការ​ទៅ​កំសាន្ត​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ​សេវា​ដឹក​ជញ្ជូន​ ឡាន​តាក់​ស៊ី​ បាន​ឡើង​ស្ទើរ​ទ្វេ​ដង។ ​រីឯ​ភោជនីយដ្ឋាន​ សណ្ឋាគារ ​និង​ផ្ទះ​សំណាក់​ ក៏​បាន​ឡើង​ថ្លៃ មិន​ស្តាប់​សេចក្តី​អំពាវនាវ​របស់​អាជ្ញាធរ​ទេ។

តំណាង​ក្រុម​ហ៊ុន​ភ្នាក់​ងារ​ទេសចរណ៍ ​លោក ​អាង ​គឹម​អៀង​ បាន​គូស​បញ្ជាក់​ថា ​អាជ្ញាធរ​ គួរតែ​រឹត​បន្តឹង​ ហើយ​ម្ចាស់​អាជីវកម្ម​ ត្រូវ​តែ​ប្រកាន់​នូវ​ធម៌​ព្រះពុទ្ធ​ កុំ​យក​ចំណេញ​ហួស​ហេតុ​ ក្នុងឱកាស​បុណ្យ​ទាន។

ក្រៅ​ពី​អ្នក​ចេញ​ពី​ផ្ទះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ ​លោក ​អាង គឹមអៀង​ ក៏​បាន​កត់​សម្គាល់​ថា ​ក្នុងពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​ក៏​មាន​អ្នក​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ​ដូច​ឆ្នាំ​មុន​ៗ​ដែរ។​ បណ្តា​ប្រទេស​សមាជិក​អាស៊ាន ​ដូចជា​ ម៉ាឡេស៊ី ​សឹង្ហបុរី​ ប្រទេស​ចិន​ ហុងកុង​ ម៉ាកាវ ​និង​កូរ៉េ​ ជាដើម​ នៅ​តែ​ជា​គោល​ដៅ​ទេសចរណ៍​របស់​ពលរដ្ឋ​ខ្មែរ។​ តំបន់​គោល​ដៅ​ទេសចរណ៍​ទាំង​នោះ ​បាន​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់ ​មក​កាន់​កម្ពុជា។

ដោយ​ឡែក​នៅ​ប្រទេស​ជិត​ខាង​ ពិសេស​ប្រទេស​ថៃ ​ត្រូវ​បាន​លោក​ អាង​ គឹម​អៀង​ លើក​ឡើងថា​ អ្នក​ទេសចរ​កម្ពុជា ​ហាក់​ថយ​ចុះ​នូវ​ចំនួន​អ្នក​ទៅ​លេង ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ដោយ​សារ​ស្ថានការណ៍​នយោបាយ​ថៃ ​និង​ការ​ប្តូរ​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏​ដោយ ​ពលរដ្ឋ​ខ្មែរ​ ចេញ​ទៅ​ក្រៅ​ប្រទេស ​ពេល​បុណ្យ​ទាន​ធំ​ៗ​នេះ ​ត្រូវ​បាន​លោក អាង​ គឹម​អៀង ​គូស​បញ្ជាក់​ថា ​អ្នក​ទៅ​ក្នុង​បំណង​ទេសចរ ​ច្រើន​ជាង​ទៅ​ពិនិត្យ​ជំងឺ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ