អានតួអត្ថបទ
ចិន

ចិន​ចាប់​មេធាវី​ការពារ​សិទ្ធ​មនុស្ស​ម្នាក់​ទៀត​ពី​បទ​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋា​ភិបាល

ភរិយា​របស់​លោក​មេធាវី ​តាំង ជីងលីង បាន​សរសេរ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​របស់​គាត់​ថា​ ប្តី​គាត់​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​​ខ្លួន​ ​ដោយ​ចោទ​ថា​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​លោក​មេធាវី តាំង ជីងលីង ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សកម្មជន​សិទ្ធ​មនុស្ស​ដ៏​សកម្ម​ម្នាក់​ ដែល​បាន​ជួយ​ការពារ​ជន​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​កម្មសិទ្ធ​ដី​ធ្លី​ និង​ការ​រំលោភ​សិទ្ធ​មនុស្ស​ទូ​ទៅ​នៅ​ចិន។

បាតុកម្មនៅហុង​កុង​​ទាម​ទារ​ឲ្យ​ដោះ​​លែង​​​មេធាវី​​​ការពារ​​សិទ្ធ​មនុស្ស​​ស៊ូ ជីយុង កាល​ពី​ថ្ងៃ​​២៧​ ​មករា ​២០១៤
បាតុកម្មនៅហុង​កុង​​ទាម​ទារ​ឲ្យ​ដោះ​​លែង​​​មេធាវី​​​ការពារ​​សិទ្ធ​មនុស្ស​​ស៊ូ ជីយុង កាល​ពី​ថ្ងៃ​​២៧​ ​មករា ​២០១៤ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

លោក​មេធាវី​តាំង ជីងលីង ​ដែល​ជា​មេធាវី​ការពារ​សិទ្ធ​មនុស្ស​នៅ​ក្រុង​ ហ្គ័ងចូវ​ប្រទេស​ចិន​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាល​ពី​ ខែ​ឧសភា ទន្ទឹម​ពេល​ជា​មួយនឹង​ការ​ចាប់​ខ្លួន​​​​សកម្មជន​សិទ្ធ​មនុស្ស​ និង​បញ្ញវន្ត​ជា​ច្រើន​រូប​ទៀត​ដែរ។​ ការ​ចាប់​ខ្លួន​នេះ​ គឺ​ធ្វើ​ឡើង​នៅ​មុន​ពេល​ដល់​ថ្ងៃ​ខួប​នៃ​ការ​បង្រ្កាប​ការ​បះ​បោរ​​ នៅ​ទីលាន​ធានអានមិន​ កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​ឧសភា​ ឆ្នាំ​១៩៨៩។​អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​ពួក​គេ​ ក្នុង​គោល​បំណង​បំបិត​មាត់​ហើយ​បញ្ជៀស​មិន​ឲ្យ​ពួក​គេ​ ធ្វើ​សកម្មភាព​ណា​មួយ​រំលឹក​ដល់​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​១៩៨៩។

 
ចាប់​តាំង​ពី​ការ​ឡើង​កាន់​អំណាច​របស់​​ប្រធានា​ធិបតី​ចិន​ថ្មី​ គឺ​លោក​ ស៊ី ជីនពីង ​មតិ​សាធារណៈ​ទូទៅ​បាន​មើល​ឃើញ​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​ទៅៗ​ នូវ​ការ​រឹត​បន្តឹង​ និង​ បង្ក្រាប​ទៅ​លើ​បុគ្គល​ដែល​ហ៊ាន​ប្រឆាំង និង​បរិហារ​ការ​ដឹក​នាំ​របស់​របប​កុម្មុយនីស្ត​ចិន។​ កន្លង​មក​ អាជ្ញាធរ ធ្លាប់​ចោទ​សកម្ម​ជន​ទាំង​នោះ​​ ត្រឹម​បទ​បង្ក​អសន្តិសុខ​សង្គម រឺ​ញុះ​ញង់​ឲ្យ​មាន​អំពើ​ហិង្សា​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​លើក​នេះ ករណី​លោក​មេធាវី​​ តាំង ជីងលីង ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ ឈាន​ទៅដល់​ចោទ​ថា​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​របប​គ្រប់​គ្រង។​ យោង​តាម​សម្តី​របស់​មេធាវី​ចិន​ម្នាក់​ លោក​ថា​ការ​ផ្លាស់​ប្តូ​បទ​ចោទ​ប្រកាន់​ ​ពី​បទ​បង្ក​អសន្តិ​សុខ​សង្គម​ ដែល​ជា​បទ​ព្រហ្មទណ្ឌ​ទូទៅ​ មក​ជា​បទ​ល្មើស​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ ដែល​ជា​ការ​ចោទ​ប្រកាន់​បែប​នយោបាយ​ គឺ​មាន​ន័យ​ថា​ស្ថានភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ ​ ហើយ​ស្ថាន​ទម្ងន់​ទោស​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤​នេះ រដ្ឋ​អំណាច​ក្រុង​ប៉េកាំង​បាន​ធ្វើ​ការ​ចាប់​ខ្លួន​សកម្ម​ជន​យោបាយ​ការពារ​សិទ្ធ​មនុស្ស​ជា​ច្រើន​នាក់។ តួយ៉ាង​ថ្មីៗ​នេះ​មាន​មេធាវី​និង​សកម្ម​ជន​២​នាក់​ទៀត ​ត្រូវ​បាន​តុលាការ​ចិន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​៦ឆ្នាំ​កន្លះ​ ដោយ​គ្រាន់​តែ​ពួក​គេ​ធ្វើ​សកម្មភាព​ទាមទារ​ឲ្យ​មាន​តម្លា​ភាព​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ។​ មេធាវី​ការពារ​សិទ្ធ​មនុស្ស​ដ៏​ល្បី​ម្នាក់​ទៀត​ឈ្មោះ ពូ ជីឈាំង ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ដែរ​ ពី​បទ​បង្ក​ចលាចល​ និង​លួច​ផ្សព្វ​ផ្សាយ​ព៌តមាន​ឯកជន​ដោយ​ខុស​ច្បាប់។​ ដូចគ្នាដែរ​ លោក លីវ ស៊ាវបូ ដែល​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​ កាល​ពី​ឆ្នាំ​២០១០ ក៏​ត្រូវ​បាន​តុលាការ​កំពូល​ចិន​ផ្តន្ទា​ទោស​១១​ឆ្នាំ​ផង​ដែរ​ ​ពី​បទ​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋា​ភិបាល។

ករណី​នៃ​ការ​ចាប់​ខ្លួន​ទាំង​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ គ្មាន​អ្វី​ក្រៅ​ពី​ការ​ចង់​បំបិទ​សម្លេង​ប្រឆាំង​រិះគន់​ របស់​បណ្តា​សកម្ម​ជន​ទាំង​នោះ​ ហើយ​ជា​ការ​ព្រមាន​ដល់​បណ្តា​អ្នក​ប្រឆាំង​ផ្សេងៗ​ទៀត​ ថា​ទ្វា​គុក​បើក​ចំហរ​ចាំ​ជា​និច្ច​ប្រសិន​បើ​ពួក​គេ​ ​ហ៊ាន​រិះ​គន់​ការ​ដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ