អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖តុលាការ​ចង់​ចោទប្រកាន់​មនុស្សផ្សេង​នៅក្នុង​សំណុំរឿង​កាត់ទោស​លោក Musharraf

សំណុំរឿង​កាត់ទោស​លោក​អតីត​ឧត្តមសេនីយ ប្រធានាធិបតី​ប៉ាគីស្ថាន Pervez Musharraf បាន​ឈាន​ចូល​ដំណាក់កាល​ថ្មី​មួយ​ទៀត​ដោយ​នៅ​ថ្ងៃ​សុក្រ ទី២១ វិច្ឆិកា តុលាការ​ពិសេស​ទទួល​បន្ទុក​កាត់ទោស​លោក Musharraf ពី​បទក្បាត់ជាតិ​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​អ្នកទទួលខុសត្រូវ​ផ្សេង​ទៀត​ក្នុង​សម័យ​របបសឹក ពោល​គឺ​លោក​អតីត​នាយករដ្ឋមន្រ្តី Shaukat Aziz និង​លោក​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ Zahid Hamid។

លោកអតីតប្រធានាធិបតី ឧត្តមសេនីយ​ប៉ាគីស្ថាន Pervez Musharraf
លោកអតីតប្រធានាធិបតី ឧត្តមសេនីយ​ប៉ាគីស្ថាន Pervez Musharraf REUTERS
ផ្សាយពាណិជ្ជកម្ម

 

អាច​ថា ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុមមេធាវី​ការពារ​លោក​អតីត​ប្រធានាធិបតី ឧត្តមសេនីយ Pervez Musharraf ក៏​ថា​បាន ព្រោះ​ថា គឺ​ក្រុម​មេធាវី​ការពារ​រូប​លោក Musharraf នេះ​ហើយ​ដែល​បាន​ទាមទារ​ឲ្យ​តុលាការ​អូស ក អ្នក​ផ្សេង​ទៅ​កាត់ទោស​ដូច​លោក Musharraf ពី​បទ​ក្បត់ជាតិ ពិសេស​គឺ​លោក​អតីត​នាយករដ្ឋមន្រ្តី Shaukat Aziz និង​លោក​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ Zahid Hamid។ ការ​ទាមទារ​របស់​ក្រុមមេធាវី​ការពារ​លោក Musharraf ដូច​នេះ​ដើម្បី​បង្ហាញ​ថា ដំណើរការ​កាត់ទោស​នេះ​មិនមែន​សំដៅ​លើ​មនុស្ស​តែ​ម្នាក់​ទេ តែ​សំដៅ​លើ​រដ្ឋាភិបាល​មួយ​ដែល​មាន​តួនាទី​ជា​អ្នក​អនុវត្តន៍​បញ្ជា​របស់​ប្រធានាធិបតី​នា​សម័យ​នោះ។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​សព្វថ្ងៃ​មិន​មាន​កាតព្វកិច្ច​ណា​មួយ​ដើម្បី​ឆ្លើយ​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​តុលាការ​ពិសេស​នោះ​ទេ ព្រោះ​ថា គឺ​លោក​នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន Nawaz Sharif តែ​ម្តង​ដែល​បាន​បង្កើត​ឲ្យ​មាន​តុលាការពិសេស​សម្រាប់​កាត់ទោស​លោក Musharraf ហើយ​គឺ​លោក Musharraf នេះ​ឯង​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក Nawaz Sharif ពី​តំណែង​នាយករដ្ឋមន្រ្តី​កាល​ពី​ឆ្នំា ១៩៩៩។

យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​ថ្មី​នៅ​ក្នុង​សង្គ្រាមប៉ាកកា​នយោបាយ តុលាការ​ប្រឆំាង​នឹង​លោក Musharraf ពេល​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ដំណើរការ​កាត់ទោស​បែក​ជា​អូរ ហូរ​ជា​ស្ទឹង​កាន់​តែ​វែង​ឆ្ងាយ ព្រោះ​ថា ក្រៅ​ពី​ការ​កាត់ទោស​ពី​បទ​ក្បាត់ជាតិ​ដែល​នឹង​អាច​ឆ្លង​រាលដាល​ដល់​រូប​អតីត​នាយករដ្ឋមន្រ្តី និង​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក Musharraf ក៏​អាច​នឹង​ទទួល​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​រឿង​ផ្សេង​ទៀត ពិសេស​ពី​តួនាទី​របស់​លោក​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​គូប្រជែង​របស់​ខ្លួន គឺ​លោកស្រី Benazir Bhutto កាល​ពី​ឆ្នំា ២០០៧ និង​ការ​ស្លាប់​លោក Akbar Bugti ប្រមុខ​កុលសម្ព័ន្ធ​ប៉ាគីស្ថាន​កាល​ពី​ឆ្នំា ២០០៦។

សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​មាន​អាយុ ៧០ឆ្នំា លោក Musharraf កំពុង​រស់នៅ​​ក្នុង​ស្រុក​កំណើត Karachi ដោយ​មាន​ការ​យាមកាម​យ៉ាង​ខ្ពស់​បំផុត និង​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ