អានតួអត្ថបទ
ភូមា-អាមេរិក

លោកស្រី​អ៊ុង សានស៊ូជី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក

ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​ភូមា លោកស្រី​ អ៊ុង សានស៊ូជី ត្រូវ​ចេញដំណើរ​នៅថ្ងៃ​អាទិត្យ​នេះ ក្នុង​ដំណើរទស្សនកិច្ច​ជាលើក​ទីមួយ​របស់​លោកស្រី​ ទៅកាន់​សហរដ្ឋ​អាមេរិក ក្នុងរយៈពេល​ប្រមាណ​ជា​ពីរទសវត្សរ៍​កន្លងទៅនេះ។ ក្នុង​ដំណើរទស្សនកិច្ច​នេះ លោកស្រី​នឹង​ត្រូវ​ទទួលបាន​ការ​​ស្វាគមន៍​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក ​ស្ទើរតែ​ស្មើ​នឹង​ប្រមុខរដ្ឋ ក៏ប៉ុន្តែ វា​ក៏​ជា​ដំណើរ​ទស្សនកិច្ច​ដែល​​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​នយោបាយ​ស្មុគស្មាញ​មួយ​ចំនួន​ដែរ។

លោកស្រី​អ៊ុង សានស៊ូជី ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​បារាំង កាល​ពីថ្ងៃ​ទី២៨ មិថុនា ២០១២
លោកស្រី​អ៊ុង សានស៊ូជី ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​បារាំង កាល​ពីថ្ងៃ​ទី២៨ មិថុនា ២០១២ THOMAS SAMSON / AFP
ផ្សាយពាណិជ្ជកម្ម

លោកស្រី​អ៊ុង សានស៊ូជី នឹង​ត្រូវ​ទៅដល់​រដ្ឋធានី​វ៉ាស៊ីងតោន នៅថ្ងៃ​ចន្ទ​ស្អែក។ ក្នុង​ដំណើរទស្សនកិច្ច​នេះ ​លោកស្រី​នឹង​ត្រូវ​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា និង​ត្រូវ​ទទួល​មេដាយមាស​ ដែល​ជា​គ្រឿង​ឥស្សរិយយស​ដ៏​ខ្ពស់​បំផុត​របស់​​​សភា​អាមេរិក។ លោកស្រី​ក៏​គ្រោង​ធ្វើ​ដំណើរ​ទៅ​ជួប​សហគមន៍​ជនជាតិ​ភូមា នៅ​តាមទីក្រុង​ធំៗ​មួយ​ចំនួន​​ផងដែរ។

គិតជា​សរុប លោកស្រី​អ៊ុង សានស៊ូជី​​នឹង​ត្រូវ​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​រយៈពេល​រហូតដល់​ទៅ​ជិត ៣សប្តាហ៍។ នេះ​មានន័យថា ដំណើរទស្សនកិច្ច​របស់​លោកស្រី​នឹង​ត្រូវ​ជាន់គ្នា​ជាមួយ​នឹង​ដំណើរទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ថេន សេន ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​មហាសន្និបាត​របស់​អ.ស.ប. នៅ​ញូវយ៉ក នៅ​ចុង​ខែ​កញ្ញា​នេះ​ដែរ។ ដូច្នេះ ទស្សនកិច្ច​របស់​លោកស្រី​ប្រមុខ​បក្ស​ប្រឆាំង​អាច​នឹង​គ្រប់ដណ្តប់​លុប​​ពីលើ​ទស្សនកិច្ច​របស់​លោក​ប្រមុខរដ្ឋ​ភូមា។

សម្រាប់​​លោក​ប្រធានាធិបតី​​ថេន សេន នេះ​ក៏​ជា​ដំណើរទស្សនកិច្ច​លើក​ទីមួយ​របស់​លោក​ដែរ ទៅ​កាន់​សហរដ្ឋ​អាមេរិក​នេះ។ ក៏ប៉ុន្តែ លោក​ទំនង​ជា​នឹង​មិន​ត្រូវ​រដ្ឋាភិបាល​អាមេរិក​ទទួល​ស្វាគមន៍​ ដោយ​ផ្តល់​កិត្តិយស​ដូចជា​លោកស្រី​អ៊ុង សានស៊ូជី​នោះទេ។ ហើយ​​គេ​ក៏​​មិនរំពឹង​​​ថា លោក​អូបាម៉ា​នឹង​ទទួល​ជួប​លោក​ថេន សេន ដូចលោកស្រី​អ៊ុង សានស៊ូជី​នោះដែរ។

ទាំងនេះ​វា​អាច​ជា​សារ​អវិជ្ជមាន​មួយ​របស់​អាមេរិក សម្រាប់​លោក​ថេន សេន ដែល​ថ្វីដ្បិត​តែ​ជា​ឥស្សរជន​សល់​ពី​របបសឹក ក៏ប៉ុន្តែ លោក​ក៏​ជា​ឥស្សរជន ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ខ្លាំង​ដែរ ក្នុង​ការ​ធ្វើ​កំណែទម្រង់​នយោបាយ​ភូមា នៅ​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ដែល​គួរត្រូវ​បាន​គេ​ទទួលស្គាល់ និង​លើក​ទឹកចិត្ត​បន្ថែម។

នៅ​ក្នុង​ដំណើរទស្សនកិច្ច​ទៅកាន់​សហរដ្ឋ​អាមេរិក​នេះ លោកស្រី​អ៊ុង សានស៊ូជី អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយ​ទៀត គឺ​ទាក់ទង​នឹង​ជំហរ​របស់​លោកស្រី​ជុំវិញ​បញ្ហា​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ លោកស្រី​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាពអាច​នឹង​ត្រូវ​គេ​ចោទ​សួរ​ពី​ការ​ដែល​លោកស្រី​នៅ​ស្ងាត់ស្ងៀម ហាក់​មិន​អើពើ ចំពោះ​សិទ្ធិសេរីភាព​ជនជាតិភាគតិច​ ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​យ៉ាងខ្លាំង​នេះ។
ជាការពិត បញ្ហា​ជនជាតិ​រ៉ូហ៊ីងយ៉ា គឺ​ជា​រឿង​ស្មុគស្មាញ​បំផុត​មួយ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ ក្នុង​ឋានៈជា​ជ័យ​លាភី​ណូបែល​សន្តិភាព និង​ជា​ឥស្សរជន ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​​អ្នក​ប្រជាធិបតេយ្យ និង​ពី​សកម្មជន​សិទ្ធិមនុស្ស នៅ​ទូទាំង​ពិភពលោក លោកស្រី​មិន​អាច​នៅ​ស្ងៀម​​មិន​អើពើ​ នៅ​ពេល​ដែល​សហគមន៍​ជនជាតិ​ភាគតិច​មួយ ត្រូវ​ទទួល​រងនូវ​ការ​រំលោភសិទ្ធិ​ឥតឈប់ឈរ នៅ​ក្នុង​ប្រទេស​របស់​លោកស្រី​បាន​នោះទេ។ ក៏ប៉ុន្តែ នៅ​ភូមា សហគមន៍​រ៉ូហ៊ីងយ៉ា​​មិន​ត្រូវ​បានគេ​ទទួល​ស្គាល់​ថា​ជា​សហគមន៍​ជាតិ​ភាគតិច ឬ​ជា​ពលរដ្ឋ​ភូមា​នោះទេ តែ​​ជា​ជន​អន្តោប្រវេសន៍​ខុសច្បាប់។ ហើយ​នេះ​មិនមែន​ជា​ជំហរ​របស់​រដ្ឋាភិបាល​ភូមា​តែ​ម្នាក់​ឯងទេ ប៉ុន្តែ វា​ជា​ជំហរ​របស់​ប្រជាជន​ភូមា​ភាគច្រើន​លើសលុប។ ដូច្នេះ ការ​ចេញមុខ​ចេញ​មាត់​ការពារ​សិទ្ធិ​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ​អាច​ជា​គ្រោះថ្នាក់​នយោបាយ​ធំ​មួយ​ សម្រាប់​លោកស្រី​អ៊ុង សានស៊ូជី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ