អានតួអត្ថបទ
កម្ពុជា

ក្រុមហ៊ុន អេស អិ​ល បន្ត​ប្តឹង​មេដឹកនាំ​សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ

មេដឹកនាំ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក​អាត់ ធន់ បាន​ចូលខ្លួន​ទៅ​បំភ្លឺ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ក្រុមហ៊ុន​អេស អិ​ល​ដែល​បាន​ប្តឹង​រូបលោក​ពីបទ​ញុះញង់​ឲ្យ​មាន​បាតុកម្ម​នៅ​រោងចក្រ​អេស​អិ​ល កាលពី​ខែ សីហា ដល់​ថ្ងៃទី​ធ្នូ ឆ្នាំ ២០១៣។ ចៅក្រម​បានសម្រេច​ឲ្យ​លោក​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​សិន​ដើម្បី​បន្ត​ការ​ស៊ើប​អ​ង្គេ​ត ។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ​​កម្ពុជា ស៊ីខៅឌូ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ​​កម្ពុជា ស៊ីខៅឌូ។ ©channa/RFI
ផ្សាយពាណិជ្ជកម្ម

 

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ី​ខៅ​ឌូ និង​សកម្មជន​សហជីព​មូលដ្ឋាន​ឈ្មោះ ប៉ាវ ផាន់​ណា បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ៨មេសា​នេះ បន្ទាប់ពី​ក្រុមហ៊ុន​បានដាក់​ពាក្យ​ប្តឹង​អ្នក​ទាំងពីរ ពីបទ​ញុះញង់​ឲ្យ​មាន​បាតុកម្ម​តវ៉ា នៅក្នុង​រោងចក្រ​អេស​អិ​ល ចាប់ពី​ថ្ងៃទី ១២ សីហា ដល់​ថ្ងៃទី ៣ធ្នូ ឆ្នាំ ២០១។

ក្រោយ​ការសាកសួរ តុលាការ​សម្រេច​ឲ្យ​លោក អាត់ ធន់ នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត ហើយ​ថា តុលាការ​អាច​នឹង​លើក​ការចោទប្រកាន់​នេះ ប្រសិនបើ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​នោះ។ នេះ​បើតាម​ការអះអាង​របស់​លោក​អាត់ ធន់ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ បន្ទាប់ពី​ចៅក្រម​បញ្ចប់​ការ​ស៊ើបសួរ។

លោក​អាត់ ធន់​បាន​អះអាង ក្រុមហ៊ុន​អេស អិ​ល​មិនបាន​អនុវត្ត​ទៅលើ​កិច្ចព្រមព្រៀង ចុះ​ថ្ងៃទី ៣ធ្នូ​ឆ្នាំ ២០១៣ ដែលមាន​ការចូលរួម​ពី​តំណាង​រដ្ឋមន្ត្រី​ការងារ សាលាក្រុង​ភ្នំពេញ តំណាង​គណៈកម្មការ​ដោះស្រាយ និង​សារា​ចរណ៍​ណែនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន។ សារា​ចរណ៍​ដែល​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​នេះ​បញ្ឈប់​រាល់​បណ្តឹង​ទាំងឡាយ ប្រឆាំងនឹង​កម្មករ តំណាង​សហជីព និង​គ្មាន​ការ​គុំ​គួ​ន ហើយ​ត្រូវ​ផ្តល់ប្រាក់​ឈ្នួល ៥០% និង​អន្ត​ប្រយោជន៍ផ្សេងៗជូន​ដល់​កម្មករនិយោជិត។

លោក​អាត់ ធន បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល អ្នកបញ្ជា​ទិញ និង​អង្គការ​ពាក់ព័ន្ធ​ទាំងអស់​ជួយ​អន្តរាគមន៍​ចំពោះ​ករណីនេះ ហើយ​ត្រូវ​ធានាថា​ក្រុមហ៊ុន​អេស អិ​ល​នឹង​អនុវត្ត​នៅ​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី ៣ ធ្នូ​នោះ។

សូមបញ្ជាក់ថា បាតុកម្ម​នៅក្នុង​រោងចក្រ​អេស​អិ​ល ចាប់ពី​ថ្ងៃទី ១២ សីហា ដល់​ថ្ងៃទី ៣ធ្នូ ឆ្នាំ ២០១៣នេះ ធ្វើឡើង​ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​សិទ្ធិ​សហជីព និង​លក្ខខណ្ឌ​ការងារ​មួយចំនួន។ ប៉ុន្តែ អំឡុងពេល​បាតុកម្ម ក៏មាន​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​កម្មករ​រោងចក្រ និង​កងកម្លាំងប្រដាប់អាវុធ​បង្ក្រាប រហូត​បណ្តាល​ឲ្យ​ស្ត្រី​អ្នកលក់​បាយ​ម្នាក់​ស្លាប់ និង​មនុ​ស្សរង​បួស​ជាច្រើន​នាក់។ ហើយ​រោងចក្រ​ក៏​រង​ការ​ខូ​ត​ខាត​មួយចំនួន​ផងដែរ។
 

មេដឹកនាំ​សហជីព​រូបនេះ​ក៏​ទើបតែ​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ​កាលពី​សប្តាហ៍​កន្លង​ទៅក្នុង​សំណុំរឿង​ផ្សេង​មួយទៀត​ទាក់ទង​នឹង​ការ​កឹ​ប​កេង​ប្រាក់​របស់​កម្មករ។ ដើមបណ្តឹង​ដែលជា​អតីត​សហការី​រួម​ការងារ​របស់លោក​បាន​ប្តឹង​ក្នុងនាម​កម្មករ​មួយក្រុម​ចោទប្រកាន់​លោក អាត់ ធន់ ថា​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ ប៉ុន្តែ លោក អាត់ ធន់ អះអាងថា នេះ​ជា​ករណី​មួលបង្កាច់​ក្នុង​គំនុំ​ការងារ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ