អានតួអត្ថបទ
សុខភាព

Aspirine ការពារ​ជំងឺ​មហារីក​ប្រព័ន្ធ​រំលាយ​​អាហារ ៖ ផល​ល្អ​មាន​ច្រើន​ជាង​គ្រោះថ្នាក់

ទទួលទាន​​ថ្នាំ​ Aspirine ជា​រៀង​រាល់​ថ្ងៃ ក្នុង​​បរិមាណ​ទាប​ អាច​ជួយ​កាត់​បន្ថយ​ គួរ​ឱ្យ​កត់​សម្គាល់​ នូវ​គ្រោះ​កើត​ជំងឺ​មហារីក​ប្រព័ន្ធ​រំលាយ​អាហារ (ពោះវៀន ក្រពះ និង​បំពង់​អាហារ)។ ការ​សិក្សា​ថ្មី​ ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ៦​សីហា​នេះ បាន​សន្និដ្ឋាន​​​ថា​ Aspirine អាច​ផ្តល់​គុណ​ប្រយោជន៍ផ្នែកសមត្ថភាព​ ការពារ ​ខ្លាំង​ជាង ផ្តល់​ឥទ្ធិពល​​អាក្រក់​ ដែល​ធ្វើ​ឱ្យ​ឈាម​រាវ ងាយ​ហូរ​ឈាម។

Acide acétylsalicylique ឬ aspirineជា​ថ្នាំ​ដែល​មាន​លេប​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក
Acide acétylsalicylique ឬ aspirineជា​ថ្នាំ​ដែល​មាន​លេប​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក Getty Images/ StockFood Creative/ Jost Hiller
ផ្សាយពាណិជ្ជកម្ម

លេប​ថ្នាំ​ Aspirine រយៈពេល​១០​ឆ្នាំ ជាប់​ជា​ប្រចាំ​ រាល់​ថ្ងៃ​ អាច​នឹង​កាត់​បន្ថយ​ករណី​កើត​ជំងឺ​មហារីក​ ពោះវៀន​ធំ បាន​៣៥% និង​ការ​ស្លាប់​បាន​៤០% អត្រា​កើតជំងឺ​មហារីក​បំពង់​អាហារ និង​ក្រពះបាន​៣០%​ ព្រម​ទាំង​កាត់​បន្ថយ​​ការ​ស្លាប់​ព្រោះ​ជំងឺ​នេះ បាន​ពី​៣៥ ទៅ​៥០% ! នេះ​បើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​សំយោគ​ជាង​២០០​ករណី​ និង​ការសិក្សា​ផ្សេង​ទៀត​ទាក់ទង​នឹង​ប្រសិទ្ធិភាព​ថ្នាំ​ Aspirine ប្រឆាំង​នឹង​ជំងឺ​មហារីក។

 
បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​Jack Cuzick នាយក​មជ្ឈមណ្ឌល​​ការពារ​ជំងឺ​មហារីក​ នៅ​ទីក្រុង​ឡុងដ៍ មាន​ទិន្នន័យ​ច្រើន​ណាស់​ដែល​បញ្ជាក់​អំពី​ឥទ្ធិពល​របស់​ថ្នាំ​ Aspirine ទៅ​លើ​ការ​កាត់​បន្ថយ​គ្រោះ​នាំ​ទៅ​រក​​ជំងឺ​មហារីក​ និង​មរណភាព​នៃ​កោសិការ​ជាទូទៅ។ ​បើ​តាម​ការ​វិភាគ​របស់​ក្រុម​ដដែល​ ដែល​ទើប​ចេញ​ផ្សាយ​ក្នុង​ទំព័រ​កាសែត​សុខភាព​ Annals of Oncology គុណសម្បតិ្ត​ជា​ភ្នាក់ងារ​ការពារ បាន​យក​ឈ្នះ​ផល​វិបាក​ដែល​មាន​កប់​ក្នុ​ង​ថ្នាំ។ ថ្នាំ​ដែល​ក្រុមគ្រូពេទ្យ​តែង​ណែនាំ​មិន​ឱ្យ​ទទួល​ទាន ដើម្បី​ចៀស​វាង​គ្រោះ​ហូរឈាម ឬ​ចេញ​ឈាម។ មុន​នឹង​ផ្តើម​ប្រើ​ថ្នាំ​ Aspirine ក្រុមគ្រូពេទ្យ​ សូម​​ណែនាំ​អ្នក​ជំងឺឱ្យ​​ធ្វើ​ការ​​វិភាគ​​រក​មើល​ ព្យាបាល​និង​កម្ចាត់​ពពួក​បាក់តេរី អេលីកូបាក់ទ័រ ពីឡូរី ដែល​ជា​ភ្នាក់ងារ​បង្ក​​ដំបៅ​ក្រពះពោះវៀន​ និង​នាំ​មាន​ការ​ហូរ​ឈាម​ខ្លាំង​ពេល​លេប​ថ្នាំ​ Aspirine ចូល​ទៅ​​​។

ដើម្បី​អាច​ទាញ​យក​គុណ​ប្រយោជន៍ពី​ថ្នាំ​ Aspirine បាន​ មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ចាប់​ផ្តើម​លេប​ថ្នាំ​នេះ ក្នុង​កំរិត ពី ៧៥-១០០មីល្លីក្រាម ជា​រៀង​រាល់​ថ្ងៃ ក្នុង​រយៈពេល​យ៉ាង​តិច​៥​ឆ្នាំ ឬ​​រហូត​ដល់​១០​ឆ្នាំ​ ចាប់​ពី​អាយុ​៥០ ដល់​៦៥​ឆ្នាំ។ លេប​ត្រឹម​តែ​បី​ឆ្នាំ​ ឬ​ក្នុង​ពេល​បី​ឆ្នាំ​ដំបូង គេ​ពុំ​ឃើញ​មាន​ផល​ល្អ​អ្វី​កើត​ចេញ​ពី​ Aspirineឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​ការសិក្សា​ថ្មី។ យ៉ាង​ណា​ក៏​ដោយ ក៏​គេ​ត្រូវ​ការ​ពេល​វេលា និង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​អាច​កំណត់​បាន​ពី​ដូស​ និង​រយៈ​ពេល​ដ៏​ប្រសើរ​បំផុត​ នៃ​ការ​ប្រើ​ប្រាស់​ Aspirine។

ប៉ុន្តែ​ក្រុមគ្រូពេទ្យ​បាន​ណែនាំ​ និង​ហាម​ជា​ដាច់ខាត​មិន​ឱ្យ​លោក​អ្នក​ចាប់​ផ្តើម​ទទួល​ទាន​ថ្នាំ​ Aspirine ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យឡើយ ព្រោះ​មាន​បុគ្គល​ខ្លះ​ប្រឈម​នឹង​គ្រោះ​ហូរ​ឈាម​ខ្លាំង​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ