អានតួអត្ថបទ
ឥណ្ឌា-នេប៉ាល់

ឥណ្ឌា​បង្កើន​កិច្ចព្រមព្រៀង​វារីអគ្គិសនី​​កាន់​តែ​ច្រើន​ឡើងៗ​ជាមួយ​នេប៉ាល់​

នៅ​ថ្ងៃ​អង្គារ​ទី ២៥​ វិច្ឆិកា ២០១៤​នេះ ប្រទេស​នេប៉ាល់​ និង​ឥណ្ឌា បាន​ចុះកិច្ចព្រមព្រៀង​​​រួម​គ្នា​ ដើម្បី​អភិវឌ្ឍន៍​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី មួយ​ ក្នុង​ទំហំទឹក​ប្រាក់​ប្រមាណ​១ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​​ តាម​រយៈគម្រោង​ប្រព័ន្ធវារី​អគ្គិសនី​នេះ នេប៉ាល់​អាច​បង្កើន​ធនធាន​ថាមពល​របស់​ខ្លួន​បាន​ផង និង​នាំ​ចេញ​ទៅ​កាន់​មហាយក្ស​ឥណ្ឌា​ជា​ប្រទេស​ជិត​ខាង​ផង។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទទួល​បាច់​ផ្កា​ពី​​នេប៉ាល់​ជា​ម្ចាស់​ផ្ទះ
នាយករដ្ឋមន្ត្រី​ឥណ្ឌា​ទទួល​បាច់​ផ្កា​ពី​​នេប៉ាល់​ជា​ម្ចាស់​ផ្ទះ © Reuters
ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នរិន្ត្រា ម៉ូឌី (Narendra Modi)និង​សមភាគី​នេប៉ាល់ លោក ស៊ូស្ហ៊ីល ក័ររាឡា (Sushil Koirala) បាន​ធ្វើ​​ជា​អធិបតី​នា​ឱកាស​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​អភិវឌ្ឍន៍​វារីអគ្គិសនី ដែល​ប្រព្រឹត្ត​ទៅ​ក្រៅ​ក្របខ័ណ្ឌ​​នៃ​ជំនួប​កំពូល​ថ្នាក់​ដឹកនាំ​ប្រទេស​និង​រដ្ឋ​មន្ត្រី​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ី​ខាង​ត្បូង នៅទីក្រុង​កាត់ម៉ង់ឌូ ប្រទេស​នេប៉ាល់។

 
ការ​សម្រេច​កិច្ចព្រមព្រៀង​លើ​គម្រោង​វារី​អគ្គិសនី​ចំណាស់​២៥​ឆ្នាំ​នេះ គឺ​ជា​ជោគជ័យ​ដ៏​ត្រចះ​ត្រ​ចង់​មួយ​សម្រាប់​ឥណ្ឌា​និង​នេប៉ាល់​តែម្តង​។ ក្រុម​ហ៊ុន​អគ្គិសនី​ឥណ្ឌា នឹង​ចាប់​សាង​សង់​គម្រោង​​វារីអគ្គីសនី ​លើ​ស្ទឹង​អរុណ ដែល​អាច​ផ្តល់​ថាមពល​បាន​ប្រមាណ​៩០០​មេហ្កាវ៉ាត់ ចាប់​ពី​ឆ្នាំ​២០២១​ទៅ។ នេប៉ាល់នឹង​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ចំនួន ២២% ចំណែក​​នៅ​សល់នឹង​នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា។

នេប៉ាល់​និង​ឥណ្ឌា​ ​ដែល​តែង​រង​គ្រោះ​ខ្វះ​ឬ​ដាច់​ភ្លើង​ ញយៗ​ស្ទើរ​គាំង​ដំណើរ​ការ​ប្រទេស​ មាន​តម្រូវ​ការ​ថាមពល​អគ្គិសនី​ខ្លាំង​ណាស់។ លោក​ ម៉ូឌី តាំង​ពី​បាន​កាន់​តំណែង​ជានាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ភ្លាម បានសម្តែង​កាយ​វិការ​រឹត​ចំណង​មិត្តភាព ពង្រឹង​ទំនាក់ទំនង​ជាមួយ​នេប៉ាល់​ យ៉ាង​ខ្លាំង​ជា​ពិសេស​លើ​វិស័យ​ថាមពល។ កាលពី​ខែ​មុន​ ឥណ្ឌា​និង​នេប៉ាល់​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​លើ​ផ្នែក​ថាមពល​រួច​ហើយ។ កិច្ចព្រមព្រៀង​វារី​អគ្គិសនីឥណ្ឌា​-នេប៉ាល់​ទី​មួយ​ប្រព្រឹត្ត​ទៅ​កាលពី​កញ្ញា។

​​មាន​ប្រព័ន្ធ​ទឹក ស្ទឹង​-ទន្លេហូរ​ខ្វាត់​ខ្វែង​ធ្លាក់​​មកពី​ភ្នំ​ហ៊ីម៉ាឡាយ៉ា នេប៉ាល់មាន​ធនធាន​ធម្មជាតិ​ជា​​ប្រភព​វារីអគ្គិសនីយ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ ប៉ុន្តែ​កិច្ចព្រមព្រៀង​​អភិវឌ្ឍន៍ វិស័យ​នេះ កន្លង​មក​បាន​ជាប់​គាំង​ ដោយ​នេប៉ាល់​ខ្វល់​ខ្វាយ​​ចំពោះការ​គំរាម​កំហែង​បូរណភាព​ដែន​ដី។ នេប៉ាល់​បច្ចុប្បន្ន​នេះ ផលិត​ថាមពល​វារី​អគ្គីសនី តែ​ប្រមាណ​៧៥០​មេហ្កាវ៉ាត់ ​ពោល​គឺ​ប្រមាណ​តែ​២%​នៃ​សក្តានុពល​​របស់​ខ្លួន​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ