អានតួអត្ថបទ
ថៃ

ថៃ​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ប្រឆំាង​នឹង​ការ​ជួញដូរ​មនុស្ស

ប្រទេស​ថៃ​បាន​អំពាវនាវ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​មួយ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​ភូមា​ដើម្បី​ប្រឆំាង​ទប់​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់។ ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប៉ូលិស​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​រណ្តៅ​សាកសព​ជនអន្តោប្រវេសន៍​ជា​ច្រើន​នៅ​ប៉ែកខាងត្បូង​ប្រទេស​ជាប់ព្រំដែន​នឹង​ប្រទេស​ម៉ាឡេស៊ី។ មួយ​វិញ​ទៀត របាយការណ៍​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ​ក៏​បាន​បញ្ជាក់​ពី​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នៃ​ចំនួន​ជនអន្តោប្រវេសន៍ ពិសេស​ពួក​រ៉ូហ៊ីងយ៉ា​មក​ពី​ប្រទេស​ភូមា និង​ជនជាតិ​បង់ក្លាដែស​ដែល​ព្យាយាម​រត់ភៀសខ្លួន​ទៅ​កាន់​ប្រទេស​ទី៣។

នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា
នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា © Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ក្នុង​ទីក្រុង​បាងកក​ដែល​លោក​នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​រដ្ឋមន្រ្តី​ការបរទេស​ឲ្យ​រៀបចំ​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ​ប្រទេស​ជិតខាង​នៅ​មុន​ដំណាច់​ខែ​ឧសភា​នេះ ពិសេស​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ភូមា។ គោលដៅ​នៃ​កិច្ចប្រជុំ​ត្រីភាគី គឺ​ស្វែង​រក​វិធានការ​រួម​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ដែល​ក្រុម​ឈ្មួញ​ជួញដូរមនុស្ស​បាន​យក​ទឹកថៃ​ជា​ទីកន្លែង​ឆ្លងកាត់​សម្រាប់​នំា​មនុស្ស​ទៅ​កាន់​ប្រទេស​ទី៣។ លោក​ប្រាយុទ្ធ ចាន់អូចា​បាន​បន្ថែម​​ដោយ​ចោទ​ជា​សំណួរ​ថា នៅ​ពេល​ដែល​ក្រុមឈ្មួញ​បាន​នំា​ជនអន្តោប្រវេសន៍​ឆ្លង​កាត់​ទឹកដី​ថៃ​ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ទី៣ តែ​បែរ​ជា​ប្រទេស​ទី៣ បាន​រុញ​ច្រាន​ជនអន្តោប្រវេសន៍​ទំាង​អស់​ត្រឡប់​វិញ តើ​ឲ្យ​ថៃ​ដែល​ជា​អ្នក​នៅ​កណ្តាល​ធ្វើ​អ្វី​ខ្លះ?។

គួរ​ជម្រាប​ជូន​ថា​ជា​​រៀងរាល់​ឆ្នំា មាន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ច្រើន​រយពាន់នាក់ ពិសេស​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ភូមា និង​ជនជាតិ​បង់ក្លាដែស​បាន​នំា​គ្នា​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស​កំណើត​ដើម្បី​ស្វែង​រក​ជីវិត​រុងរឿង​នៅ​ប្រទេស​ទី៣ ពិសេស​ប្រទេស​ម៉ាឡេស៊ី​ដោយ​ឆ្លង​កាត់​តាម​ទឹកដី​ថៃ​នៅ​ប៉ែកខាងត្បូង។ តួលេខ​ចុង​ក្រោយ​របស់​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ឲ្យ​ដឹង​ថា ក្នុង​ចន្លោះ​ខែ​មករា និង​មីនា​ឆ្នំា ២០១៥ នេះ មាន​ពួករ៉ូហ៊ីងយ៉ា និង​ជនជាតិ​បង់ក្លាដែស​ប្រមាណ​ជា ២៥ ០០០នាក់​បាន​ភៀសខ្លួន​ផ្សងព្រេង​តាម​ទូក​ដោយ​បង់លុយ​ឲ្យ​ឈ្មួញ។ ក្នុង​ចំណោម​អ្នក​ដំណើរ​ទំាង​អស់ មាន​អ្នក​ខ្លះ​បាន​ស្លាប់​តាម​ផ្លូវ ចំណែក​អ្នក​នៅ​រស់​ត្រូវ​បាន​ឈ្មួញ​យក​ទៅ​ដាក់​នៅ​ជំរំ​លួចលាក់​ក្នុង​ព្រៃ​ស្ថិត​ប៉ែកខាងត្បូង​ទឹកដី​ថៃ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។

តែ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ភាគច្រើន​ទំាង​នោះ​បាន​ស្លាប់ និង​ត្រូវ​គេ​កប់​ចោល​ក្នុង​ព្រៃ​ទឹកដី​ថៃ។ អ៊ីចឹង​ហើយ​បាន​ជា​ថ្មីៗ​នេះ ប៉ូលិស​ថៃ​បាន​រក​ឃើញ​រណ្តៅសាកសព​ជនអន្តោប្រវេសន៍​ជា​ច្រើន​កន្លែង។ ត្រង់​ចំណុច​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​ថៃ​បាន​ទម្លាក់​កំហុស​លើ​មន្រ្តីរាជការ​ថៃ​មួយ​ចំនួន​ដែល​បាន​រួម​គំនិត​នៅ​ក្នុង​ទង្វើ​ជួញដូរ​មនុស្ស និង​បន្ថែម​ថា គេ​ត្រូវ​តែ​កំចាត់​មន្រ្តី​ពុករលួយ​ទំាង​អស់​នោះ។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​មាន​ការ​រក​ឃើញ​រណ្តៅសាសព​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក រដ្ឋអំណាច​ថៃ​បាន​បញ្ឈរជើង​ប៉ូលិស និង​មន្រ្តីរាជការ​ជាង ៥០នាក់​ពី​បទ​ឃុបឃិត​នឹង​បណ្តាញ​ជួញដូរ​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ