អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អូតង់

រថយន្ត​របស់​អូតង់​រងការប្រហារ​ដោយ​ភេរវកម្ម​អត្តឃាត នៅ​អាហ្វហ្កានីស្ថាន

នៅ​ទីក្រុង​កាប៊ូល ប្រទេស​អាហ្វហ្កានីស្ថាន ក្បួនរថយន្ត​របស់​អង្គការ​អូតង់ បាន​រងការវាយប្រហារ​ដោយ​ភេរវកម្ម​អត្តឃាត នៅ​ថ្ងៃ​អាទិត្យ​នេះ។ តាមប៉ូលិស​អាហ្វហ្កានីស្ថាន ភេរវកម្ម​អត្តឃាត​បាន​ធ្វើ​ឲ្យ​មាន​ជនរងគ្រោះ ជាជនស៊ីវិល ៣នាក់។ ក្រុមតាលីបង់ វិញ​បាន​ប្រកាស​ចេញ​មុខ​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម ប្រឆាំង​នឹង​ក្បួន​រថយន្ត​របស់​អង្គការ​អូតង់។

រថពាសដែក​របស់​អូតង់​រងការវាយប្រហារ​ដោយ​ភេរវកម្ម​អត្តឃាត នៅ​កាប៊ូល អាហ្វហ្កានីស្ថាន ថ្ងៃអាទិត្យ ទី ១១​តុលា ២០១៥
រថពាសដែក​របស់​អូតង់​រងការវាយប្រហារ​ដោយ​ភេរវកម្ម​អត្តឃាត នៅ​កាប៊ូល អាហ្វហ្កានីស្ថាន ថ្ងៃអាទិត្យ ទី ១១​តុលា ២០១៥ ©REUTERS/Ahmad Masood
ផ្សាយពាណិជ្ជកម្ម

គោលដៅ​វាយប្រហារ​របស់​ក្រុមធ្វើ​ភេរវកម្ម​អត្តឃាត គឺ​ក្បួនរថយន្ត​របស់​កងកម្លាំង​បរទេស នៅ​អាហ្វហ្កានីស្ថាន។ នេះ​បើតាម​អ្នកនាំពាក្យ​របស់​ក្រសួងមហាផ្ទៃ​អាហ្វហ្កានីស្ថាន។ អ្នកនាំពាក្យ​របស់​អង្គការ​អូតង់ នៅ​អាហ្វហ្កានីស្ថាន​បាន​បញ្ជាក់​ពី​ភេរវកម្ម​ប្រឆាំង​ក្បួន​រថយន្ត​របស់​ទាហាន​អូតង់។

 
តាម​ក្រសួង​មហាផ្ទៃ​អាហ្វហ្កានីស្ថាន នៅ​វេលា​ម៉ោង​ដែល​មនុស្ស​កំពុង​ធ្វើ​ចរាចរ​ច្រើន ក្នុង​ក្រុង​កាប៊ូល ក្រុមអត្តឃាតជន​បាន​បើក​រថយន្ត ដែល​ផ្ទុក​ទៅដោយ​គ្រឿងផ្ទុះ សំដៅ​បុក​ក្បួន​រថយន្ត​របស់​កងកម្លាំង​បរទេស។ តាម​អ្នកថតរូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង គ្រឿងផ្ទុះ​មាន​កម្លាំងខ្លាំង ព្រោះវា​បាន​ធ្វើ​ឲ្យ​រថយន្ត​ពាសដែក​របស់​អូតង់​ត្រូវ​ប៉ើងខ្ទាត ទៅលើ​ចិញ្ចើមផ្លូវ និង​ខូចខាត​ផ្នែកខាងមុខ​យ៉ាងធ្ងន់ធ្ងរ។

ក្រុមតាលីបង់​ដែល​ត្រូវ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន គាំទ្រ​ដោយ​អាមេរិក វាយបណ្តេញ​ចេញពីអំណាច នៅ​ឆ្នាំ ២០០១ បាន​ចេញមុខ ប្រកាស​ថា ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​ក្បួនរថយន្ត​អូតង់ គឺ​ជាស្នាដៃ​របស់​ក្រុមខ្លួន។

ភេរវកម្ម​អត្តឃាត​នៅថ្ងៃ អាទិត្យ កើតឡើង នៅក្នុង​បរិបទ​មួយ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​កំពុង​ចុះខ្សោយ​ផ្នែក​យោធា។ កាល​ពី​ចុងខែ កញ្ញា ក្រុមឧទ្ទាម​តាលីបង់ មាន​សមត្ថភាព អាច​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​យុទ្ធសាស្រ្ត គុនឌូ ប៉ែកខាងជើង​អាហ្វហ្កានីស្ថាន បានតែ​ក្នុង​រយៈពេល​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ កងកម្លាំង​អាហ្វហ្កានីស្ថាន​អាច​វាយដណ្តើម​យក​គុនឌូ​បានមកវិញ ក៏ដោយ​ពីមាន​ជំនួយ​របស់​យន្តហោះចម្បាំង​អូតង់។

អូតង់ ដែល​បាន​កាត់បន្ថយ​បេសកកម្ម​របស់​ខ្លួន នៅ​តាលីបង់ តាំងពី​ចុងឆ្នាំ ២០១៤ លែង​មាន​កម្លាំងទ័ព​បរទេស សម្រាប់​ប្រយុទ្ធ​ទប់ទល់​នឹង​ក្រុមតាលីបង់ លើដី​ដូច​មុន​ទៀត​ហើយ។ ទាហាន​បរទេស មួយ​ចំនួន​តូច ដែល​បន្ត ស្ថិតនៅ​អាហ្វហ្កានីស្ថាន មាន​នាទី​ត្រឹម ផ្តល់​ប្រឹក្សា និង​បណ្តុះបណ្តាល ទាហាន​អាហ្វហ្កានីស្ថាន ដើម្បី ប្រយុទ្ធ​ទប់ទល់​នឹង​ក្រុម​តាលីបង់​តែប៉ុណ្ណោះ។ កងទ័ព​អាហ្វហ្កានីស្ថាន​មិន​រឹងមាំ រួមផ្សំ​នឹង​ការដកចេញ កម្លាំងទ័ព​បរទេស គឺ​ជា​ឱកាស​ល្អ សម្រាប់​ក្រុមឧទ្ទាម​តាលីបង់ ដែល​កំពុង​បង្កើន​សមរភូមិ​ប្រយុទ្ធ គ្រប់មុខព្រួញ ដើម្បី​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន គាំទ្រ​ដោយ​ក្រុមបរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ