អានតួអត្ថបទ
ភូមា

លោកស្រីអ៊ុង សានស៊ូជី​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា ចំ​ពេល​ដែល​ភូមា​ត្រៀម​បើក​សករាជ​ថ្មី

នៅ​ក្នុង​ប្រទេស​ភូមា លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ តែ​លទ្ធផល​បណ្តោះអាសន្ន​ដែល​កំពុង​ធ្លាក់​មក​ជា​បណ្តើរៗ​បាន​ផ្តល់​ជោគជ័យ​យ៉ាង​ធំធេង​ចំពោះ​គណបក្សប្រឆំាង​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ ចំណែក​មន្រ្តី​របស់​គណបក្ស​កាន់​អំណាច​ដែល​ជា​អតីត​យោធា​ក៏​បាន​ផ្តើម​ទទួល​ស្គាល់​ជា​បណ្តើរៗ​ពី​បរាជ័យ​របស់​ខ្លួន។ នៅ​ថ្ងៃ​ពុធ ទី១១ វិច្ឆិកា​នេះ លោកស្រី​អ៊ុង សានស៊ូជី​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ថេន សេន លោក​ប្រធាន​រដ្ឋសភា​ស្វេ ម៉ាន់ និង​មេបញ្ជាការ​កងទ័ព​លោក​មីន អ៊ុងឡេង។

លោកស្រីអ៊ុង សានស៊ូជី
លោកស្រីអ៊ុង សានស៊ូជី REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​លិខិត​ជា​ចំហ​មួយ​ដែល​លោកស្រី​ប្រមុខ​បក្សប្រឆំាង​អ៊ុង សានស៊ូជី​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ថេន សេន លោក​ប្រធាន​រដ្ឋសភា​ស្វេ ម៉ាន និង​មេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ​មីន អ៊ុងឡេង។ លោកស្រី​អ៊ុង សានស៊ូជី​បាន​សុំ​ជួប​សន្ទនា​ជាមួយ​ឥស្សរជន​ទំាង ៣រូប​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​និយាយ​ពី​ការ​ផ្សះផ្សា។ ជា​ការ​ឆ្លើយ​តប​វិញ​ភ្លាមៗ​ក្នុង​ថ្ងៃ​នេះ លោក​ថេន សេន​បាន​យល់ព្រម​ជួប​មួយ​ទល់​មួយ​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី តែ​គេ​ត្រូវ​រង់ចំា​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ។ ដោយឡែក នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​ពី​លោក​ប្រធាន​រដ្ឋសភា​ស្វេ ម៉ាន់ និង​ឧត្តមសេនីយ​មីន អ៊ុងឡេង។

លទ្ធផល​ផ្លូវការ​នៅ​មិន​ទាន់​បាន​ប្រកាស​ឲ្យ​ដឹង​ទេ តែ​លទ្ធផល​ដែល​ធ្លាក់​មក​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ពី​ជោគជ័យ​លើសលប់​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ លទ្ធផល​ធ្លាក់​មក​ក្នុង​ថ្ងៃ​នេះ​ក៏​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ពី​ការ​ដែល​គណបក្សប្រឆំាង​ទទួល​បាន​សម្លេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​រដ្ឋសភា។ រូប​លោកស្រី​អ៊ុង សានស៊ូជី​ផ្ទាល់​ខ្លួន​បាន​បញ្ជាក់​ថា គណបក្ស​របស់​លោកស្រី​ទទួល​បាន​ដល់​ទៅ ៨២% នៃ​អសនៈ​នៅ​ក្នុង​រដ្ឋសភា និង​ថា ជ័យជំនះ​របស់​គណបក្សប្រឆំាង គឺ​បាន​លេច​រូបរាង​កាន់​តែ​ច្បាស់​ក្រឡែត។

មួយ​វិញ​ទៀត ការ​ដែល​លោកស្រី​អ៊ុង សានស៊ូជី​បាន​សុំ​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី ប្រធាន​រដ្ឋសភា និង​មេបញ្ជាការ​កងទ័ព​ពេល​នេះ គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ថា ការ​ផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្រ្ត​នៅ​ភូមា​កំពុង​មាន​ដំណើរ​ទៅ​មុខ​ដើម្បី​បិទ​ទំព័រ​សករាជ​ចាស់​ដ៏​ខ្មៅ​ងងឹត។

លោកស្រី​អ៊ុង សានស៊ូជី​ចង់​រក្សា​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​អ្នក​ឈ្នះ និង​អ្នក​ចាញ់

លោកស្រី​អ៊ុង សានស៊ូជី​សុំ​ជួប​សន្ទនា​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​ទំាង ៣រូប គឺ​ប្រធានាធិបតី ប្រធាន​រដ្ឋសភា និង​មេបញ្ជាការ​កងទ័ព គឺ​មិនមែន​ដើម្បី​និយាយ​ពី​ការ​ចែក​អំណាច​គ្នា​ទេ តែ​ក្នុង​គោលដៅ​ផ្សះផ្សា។ ភូមា​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ស្គាល់​តែ​របបដឹកនំា​យោធា សូម្បី​តែ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ទើប​បង្កើត​ឡើង​ក្នុង​ឆ្នំា ២០១១ ក៏​ដឹកនំា​ឲ្យ​អតីត​យោធា​ដែរ រាប់​ទំាង​លោក​ប្រធានាធិបតី​ថេន សេន។ ដូច្នេះ​វា​ជា​រឿង​មួយ​ចំា​បាច់​ខ្លំាង​ណាស់​ដែល​ការ​ផ្លាស់ប្តូរ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ។ ត្រង់​ចំណុច​នេះ លោកស្រី​អ៊ុង សានស៊ូជី​ដែល​ត្រូវ​បាន​ពួក​យោធា​ចាប់​ឃុំ​ក្នុង​គេហដ្ឋាន​អស់​រយៈពេល​ជិត ២០ឆ្នំា​បាន​យល់​ច្បាស់​ណាស់។

អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ និង​បើ​ទោះ​បី​ជា​លោកស្រី​ដឹង​ថា គណបក្ស​របស់​លោកស្រី​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ​ក៏​ដោយ ក៏​លោកស្រី​មិន​បាន​បញ្ចេញ​មោទនភាព​ខ្លំាងក្លា​ជា​សាធារណៈ​ប៉ុន្មាន​ទេ ហើយ​ក្រុម​សកម្មជន​របស់​លោកស្រី​ក៏​មិន​សូវ​សាទរ​គគ្រឹកគគ្រេង​ប៉ុន្មាន​ដែរ។ យុទ្ធសាស្រ្ត​របស់​លោកស្រី​អ៊ុង សានស៊ូជី​គឺ​មិន​ចង់​បំបាក់​មុខ មាត់​គណបក្ស​កាន់​អំណាច​យ៉ាង​គំហុក ពោល​ចៀសវាង​ការ​ប្រើ​ឃ្លា​ថា « អ្នក​ឈ្នះ​មុខ​ខ្លាញ់ អ្នក​ចាញ់​មុខ​សេះ »។ អ្វី​ដែល​លោកស្រី​អ៊ុង សានស៊ូជី​ចង់​បាន គឺ​រក្សា​សេចក្តី​ថ្លៃថ្នូរ​ទំាង​អ្នក​ឈ្នះ និង​អ្នក​ចាញ់។

នេះ​ជា​ជម្រើស​ផ្សះផ្សា​បង្ការ​ទុក​មុន​ដោយ​លោកស្រី​អ៊ុង សានស៊ូជី​បារម្ភ​ខ្លាច​ព្រឹត្តិការណ៍​ក្នុង​ឆ្នំា ១៩៩០ កើត​មាន​​ជា​ថ្មី​ម្តង​ទៀត។ កាលណោះ គណបក្សប្រឆំាង​ឈ្នះឆ្នោត​ភ្លូកទឹក ភ្លូកដី តែ​របបសឹក​មិន​ទទួល​ស្គាល់​លទ្ធផល រួច​ចាប់​លោកស្រី​ទៅ​ឃុំឃំាង។

កងទ័ព​នៅ​តែ​មាន​តួនាទី​សំខាន់​ក្នុង​សង្គម​ភូមា

រដ្ឋសភា​ភូមា​មាន​អសនៈ​ទំាង​អស់​ចំនួន ៤៤០ តែ​មាន​អសនៈ ១ភាគ៤ ត្រូវ​បាន​កក់​ទុក​សម្រាប់​កងទ័ព​ជា​ស្វ័យប្រវត្តិ​ដោយ​មិន​បាច់​បោះឆ្នោត។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី​អ៊ុង សានស៊ូជី​សង្ឃឹម​ថា គណបក្ស​របស់​លោកស្រី​នឹង​មាន​សម្លេង​ភាគច្រើន​ដាច់​ខាត​ដើម្បី​ដឹក​នំា​រដ្ឋាភិបាល​តែ​ម្នាក់​ឯង។ តែ​បញ្ហា​នៅ​ត្រង់​ថា ទោះ​បី​ជា​មាន​សម្លេង​ដាច់ខាត​ក៏​ដោយ ក៏​រដ្ឋាភិបាល​ដឹក​នំា​ដោយ​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី​គ្មាន​សិទ្ធិ​តែងតំាង​រដ្ឋមន្រ្តី​ក្រសួង​សំខាន់ៗ​មួយ​ចំនួន​ទេ ពិសេស​គឺ​ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន។ ការ​តែងតំាង​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ជា​ភារៈកិច្ច​របស់​មេបញ្ជាការ​កងទ័ព។

ក្រសួង​ដែល​សេសសល់​សម្រាប់​លោកស្រី​អ៊ុង សានស៊ូជី​មាន​ដូច​ជា​ក្រសួង​ការបរទេស សុខាភិបាល ឬ​មួយ​ក៏​ក្រសួង​អប់រំ។ មួយ​វិញ​ទៀត ការ​ធ្វើ​វិសោតនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​នឹង​ត្រូវ​ការ​សម្លេង​គំាទ្រ​ពី​សភា​ជាង ៧៥%។ តែ​ដោយ​សម្លេង ២៥% ស្ថិត​ក្នុង​កណ្តាប់​ដៃ​កងទ័ព​ដែល​មាន​សិទ្ធិ​វេតូ​រួច​ទៅ​ហើយ កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​ដើម្បី​អនុញ្ញាត​ឲ្យ​លោកស្រី​អ៊ុង សានស៊ូជី​ទទួល​តំណែង​ប្រធានាធិបតី​ជា​រឿង​មិន​អាច​ទៅ​រួច។

ដូច្នេះ​ឃើញ​ថា ទោះ​បី​ជា​លទ្ធផល​បោះឆ្នោត​បាន​ផ្តល់​ជោគជ័យ​ភ្លូកទឹក ភ្លូកដី​ដូច​ក្តី​សង្ឃឹម​របស់​លោកស្រី​អ៊ុង សានស៊ូជី​ក៏​ដោយ ក៏​កងទ័ព​នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​ភូមា និង​ដែល​លោកស្រី​អ៊ុង សានស៊ូជី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​រួម​សហការណ៍​ជាមួយ​កងទ័ព​ទេ។ បើ​អ្វីៗ​​មាន​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​ដំណើរការ​នៅ​ដើម​ឆ្នំា ២០១៦ ក្នុង​ខែ​កុម្ភៈ ឬ​មីនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ