អានតួអត្ថបទ
កូរ៉េខាងត្បូង-ច្បាប់

កូរ៉េ​​ខាង​ត្បូង​​លុប​​ច្បាប់​​ដាក់​​ទោស​​ព្រហ្មទណ្ឌ​​​​ករណី​​ផិត​ក្បត់​​ប្តី​ប្រពន្ធ​​

តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាង​ត្បូងនៅ​ថ្ងៃ​ព្រហស្បតិ៍​២៦​កុម្ភៈ ទើប​ចេញ​សេចក្តី​សម្រេច​លុប​ចោល​​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​ស្តីពីការដាក់ទោសក្នុងករណី​មាន​ការ​ផិតក្បត់រវាង​ប្តី​ប្រពន្ធ។​ ​កូរ៉េខាងត្បូងជាប្រទេសកម្រ​​មួយ​នៅ​លើ​លោក​ដែល​ចាត់​ទុក​ការ​ផិត​ក្បត់​រវាង​ប្តី​ប្រពន្ធ​ ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​។ ​​

គូស្រករកូរ៉េខាងត្បូងមួយថតរូបខ្លួនឯង​នៅរដូវត្រជាក់
គូស្រករកូរ៉េខាងត្បូងមួយថតរូបខ្លួនឯង​នៅរដូវត្រជាក់ REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ក្រុម​ចៅក្រម​តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាងត្បូង​នៅថ្ងៃព្រហស្បតិ៍​២៦​កុម្ភៈ បាន​ចេញ​សេចក្តី​​​សម្រេច​លុបចោល​ច្បាប់មួយ​ដែល​មាន​ចំណាស់​តាំងពី​ឆ្នាំ​១៩៥៣ ដោយ​តុលាការ​យល់​ថា​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញា។ ពីព្រោះ​ច្បាប់នេះ ​ដាក់​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​ ចំពោះ​ប្តី​ប្រពន្ធ​ណា​ដែល​មាន​ការផិត​គ្នា។ ប្រធាន​តុលាការ​ធម្មនុញ្ញ​ (Park Han-Chul) បាន​ពន្យល់​ថា “អំពើ​ផិតក្បត់​គ្នា ជា​ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​សីលធម៌​ តែ​រដ្ឋអំណាច មិន​ត្រូវ​លូក​ដៃធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ជីវិត​ឯកជន​របស់​បុគ្គល​ណា​មួយ​ឡើយ។

 
គឺជា​លើក​ទី​៥​ហើយ​ដែល​តុលាការ​ជាន់​ខ្ពស់​កូរ៉េ​ខាងត្បូង បាន​អំពាវនាវ​ឲ្យ​មាន​ការពិនិត្យ​សើរើ​​អត្ថបទ​ច្បាប់​ខាង​លើ​នេះ​ឡើង​វិញ។ ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ដែល​ការពារ​តម្លៃ​គ្រួសារ​ បាន​ធ្វើ​ឲ្យ​​កូរ៉េ​ខាង​ត្បូង ក្លាយ​ជា​ប្រទេស​ដ៏​កម្រ​មួយ​នៅ​លើ​លោក​ ចាត់​ទុក​ការ​ផិត​ក្បត់​គ្នា​ជា​បទ​ព្រហ្មទណ្ឌ។

គួររំលឹកថា​នៅក្នុង​អំឡុង​៦​ឆ្នាំ​ក្រោយ​នេះ ប្រជាជន​កូរ៉េ​ខាង​ត្បូង​ប្រមាណ ៥ ៥០០​នាក់ ត្រូវ​ជាប់​បណ្តឹង​តុលាការ​ពី​បទ​ការ​ផិតក្បត់ប្តី​ប្រពន្ធ ក្នុង​នោះ ៩០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៤។
ក៏ប៉ុន្តែ​ ចំនួន​ជន​ដែល​ត្រូវ​ជាប់ពិរុទ្ធ បាន​ថយ​ចុះ  រីឯការ​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​វិញ ​ក៏​កម្រសូវ​មាន​ដែរ។ ឧទាហរណ៍​នៅ​ឆ្នាំ​២០០៤ អ្នក​ជាប់ទោស​ក្នុង​ពន្ធនាគារ​ពី​បទ​ផិត​ក្បត់​នេះ​ មានតែ​២១៦​នាក់ ហើយ​ក្នុង​ឆ្នាំ​២០០៨ មាន​តែ​៤២​នាក់។​ ចាប់តាំងពីពេលនោះមក មាន​ជន​តែ​២២​នាក់​គត់​ដែល​ត្រូវ​ជាប់​នៅ​ក្នុង​ពន្ធនាគារ។​

ចៅក្រម​ម្នាក់ (Ahn Chan-Ho) ដែល​ជា​អ្នក​ប្រឆាំង​យ៉ាង​ផុសផុល​នឹង​ការ​លុប​ច្បាប់​ខាង​លើ​-បាន​​ថ្លែង​អះអាង ​ថា”​ច្បាប់​ឆ្នាំ​១៩៥៣ គឺ​ជា​គ្រិះ​ដ៏រឹងមាំ​មួយ ក្នុង​ការ​​ ការពារ​រក្សា​តម្លៃ​គ្រួសារ។ ហើយ​ការ​លុប​ចោល​ច្បាប់​នេះ​ អាច​នឹង​បណ្តាល​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​អនាចារ​ហូរហៀរ​ពាសវាល​ពាលកាល​ជា​មិន​ខាន។​

សូមរំលឹកថា ច្បាប់​ឆ្នាំ​១៩៥៣​នេះ ពីដំបូង​ គឺ​មាន​គោលដៅ​ការពារ​សិទ្ធិ​របស់​ស្ត្រី​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ញឹកញាប់ គ្មាន​ទាំង​ប្រាក់​ចំណូល ហើយ​បើសិន​ជាមាន​ការ​លះលែង​គ្នា​នោះ ស្ត្រី​នឹង​ត្រូវ​គេ​មើលងាយ​នៅ​ក្នុង​សង្គម។​ ទន្ទឹមនេះ សមាគម​អភិរក្សនិយម​ការពារ​គ្រួសារ កូរ៉េ​ខាង​ត្បូង ជាច្រើន ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា សង្គម​កូរ៉េខាងត្បូង​ឥឡូវ មាន​ការកែប្រែ​ច្រើន​ ដូច្នេះ​បញ្ហា​ផិត​ក្បត់​គ្នា គួរតែ​ដោះស្រាយ​ដោយ​ការ​ចរចាគ្នា​រវាង​ប្តីប្រពន្ធ​វិញ ដោយ​ពុំត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ