អានតួអត្ថបទ
ចិន

ចិន​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​នយោបាយ​កូនទោល

នៅ​ថ្ងៃទី២៩ តុលា ឆ្នំា ២០១៥ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​បិទបញ្ចប់​ជា​ផ្លូវការ​នូវ​ការ​អនុវត្តន៍​នយោបាយ​កូនទោល មាន​ន័យ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ គ្រួសារ​ចិន​នីមួយៗ​អាច​យក​កូន​បាន ២នាក់។ គួរ​ជម្រាប​ជូន​ថា នយោបាយ​កូនទោល​ត្រូវ​បាន​អនុម័ត​តំាង​ពី​ឆ្នំា ១៩៧៩ ក្នុង​គោលដៅ​ធានា​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​លោក។ តែ​បច្ចុប្បន្ន ចិន​បាន​នឹង​កំពុង​ប្រឈម​មុខ​នឹង​អត្រា​កំណើន​មនុស្ស​ចាស់​ដែល​ខ្លួន​ចំា​បាច់​បោះបង់​ចោល​នូវ​នយោបាយ​កូនទោល។

ចិន​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​នយោបាយ​កូនទោល
ចិន​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​នយោបាយ​កូនទោល Tim Graham/Getty Images
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេល ៣៥ឆ្នំា​ដែល​ចិន​បាន​អនុវត្តន៍​នយោបាយ​កូនទោល។ តាម​ពិត​ទៅ ច្បាប់​គ្រួសារ​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តើម​បន្ធូរបន្ថយ​តំាង​ពី​ឆ្នំា ២០១៣ មក​ម្ល៉េះ ដោយ​បាន​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​អាច​យក​កូន ២នាក់​បាន ប្រសិន​បើ​ឱពុក ឬ​ម្តាយ​ខ្លួន​ឯង​ជា​កូនទោល។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ គ្រប់​គ្រួសារ​ទំាង​អស់​នឹង​មាន​សិទ្ធិ​យក​កូន ២នាក់​បាន។ ការ​សម្រេច​បិទបញ្ចប់​នយោបាយ​កូនទោល​ពេល​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ដែល​បាន​បើក​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ ទី២៦ តុលា។ គឺ​ជា​កិច្ចប្រជុំ​ដើម្បី​កំណត់​ផែនការ ៥ឆ្នាំ ពី​ឆ្នំា ២០១៦ ដល់​ឆ្នំា ២០២០។

មាន​កត្តា​សំខាន់​តែ​មួយ​គត់​ដែល​បាន​ជំរុញ​ឲ្យ​ចិន​បោះបង់​ចោល​នយោបាយ​កូនទោល​ពេល​នេះ គឺ​កំណើន​នៃ​ចំនួន​មនុស្សចាស់។ តាម​ការ​ព្យាករណ៍​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ចិន​ប្រមាណ​ជា ៣៥០លាននាក់​នឹង​មាន​អាយុ ៦០ឆ្នំា ឬ​ច្រើន​ជាង​នេះ​ចាប់​ពី​ឥឡូវ​ទៅ​ដល់​ឆ្នំា ២០៣០។ ទន្ទឹម​គ្នា​នេះ វិសមភាព​រវាង​មនុស្សប្រុស និង​មនុស្សស្រី​ក៏​ជា​ចំណោត​មួយ​ដែរ។ រដ្ឋាភិបាល​សង្ឃឹម​ថា នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​គ្រួសារ​មួយ​អាច​យក​កូន​ពីរ​បាន​នឹង​ជួយ​ទប់​នឹង​កំណើន​មនុស្សចាស់​ដ៏​ឆាប់​រហ័ស។ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​គ្រួសារ​ចិន​ភាគ​ច្រើន​ហាក់​ដូច​ជា​មិន​ចង់​បាន​កូន​លើស​ពី​មួយ​ទេ ដោយ​មូលហេតុ​ចំណាយ​ផ្សេងៗ ដូច​យ៉ាង​ចំណាយ​លើ​ការ​សិក្សា​របស់​កូន​ជា​ដើម។

យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​បិទ​នយោបាយ​កូនទោល​របស់​រដ្ឋាភិបាល​ពេល​នេះ គឺ​ជា​ដំណឹង​ល្អ​ណាស់​សម្រាប់​គ្រួសារ​ដែល​ចង់​បាន​កូន​ពីរ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ច្បាប់​ផែនការ​គ្រួសារ​កូនទោល​ដែល​ចិន​បាន​អនុម័ត​ក្នុង​ឆ្នំា ១៩៧៩ គឺ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​ប្រជាពលរដ្ឋ និង​ដែល​រដ្ឋាភិបាល​ធ្លាប់​បាន​អះអាង​ថា នយោបាយ​កូនទោល​នេះ​បាន​អនុញ្ញាត​ឲ្យ​ចិន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ព្រម​ទំាង​បាន​រារំាង​កំណើត​ទារក​ចំនួន ៤០០លាននាក់​ក្នុង​រយៈពេល​ជាង ៤០ឆ្នំា​ចុង​ក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ