អានតួអត្ថបទ
ហ្វីលីពីន-អាមេរិក

ហ្វីលីពីន និង​អាមេរិក​បើក​សមយុទ្ធ​ក្នុង​សមុទ្រចិន​ខាងត្បូង

នៅ​ថ្ងៃ​ចន្ទ ទី៤ មេសា​នេះ អាមេរិក និង​ហ្វីលីពីន​បាន​ផ្តើម​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រួម​គ្នា​ដោយ​មាន​កម្លាំង​ទាហាន​ចូលរួម​ប្រមាណ​ជា ១០ ០០០នាក់។ អ្វី​ជា​ការ​កត់សម្គាល់ សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដែនទឹក​មួយ​ភាគ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ពោល​ក្បែរ​ទីប្រជុំ​កោះ​ដែល​ហ្វីលីពីន និង​ចិន​កំពុង​ទាមទារ​ជា​អធិបតេយ្យភាព​រៀងៗ​ខ្លួន។ សមយុទ្ធ​នេះ​ជា​សក្ខីកម្ម​មួយ​បញ្ជាក់​ថា ហ្វីលីពីន​បាន​យក​អាមេរិក​ធ្វើ​ជា​បង្អែក​ដើម្បី​តទល់​នឹង​មហាយក្ស​ចិន។

ហ្វីលីពីន និងអាមេរិកបើកសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង
ហ្វីលីពីន និងអាមេរិកបើកសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង Reuters
ផ្សាយពាណិជ្ជកម្ម

វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​ហ្វីលីពីន​យក​អាមេរិក​ធ្វើ​ជា​ខ្នង​ដើម្បី​តទល់​ជាមួយ​ចិន​នៅ​ក្នុង​ជម្លោះ​ដណ្តើម​ទីប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ មិន​ភ្ញាក់ផ្អើល ព្រោះ​ហ្វីលីពីន​មាន​ចំនួនទ័ព និង​ចំនួន​សព្វាវុធ​តិច​ខ្លាំង​ណាស់ បើ​ធៀប​នឹង​ចិន។ ក្រៅ​ពី​ពង្រឹង​សម្ព័ន្ធភាព​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក ហ្វីលីពីន​ក៏​បាន​ពង្រឹង​សម្ព័ន្ធភាព​យោធា​ជាមួយ​ប្រទេស​ជប៉ុន និង​អូស្រា្តលី​ដែរ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាមួយ​អាមេរិក​ក៏​ដូច​ជា​ជាមួយ​ជប៉ុន ឬ​មួយ​ក៏​អូស្រ្តាលី ហ្វីលីពីន​បាន​ទិញ​នាវា​មុជទឹក និង​យន្តហោះចម្បាំង។ ក្នុង​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ ហ្វីលីពីន​ថែម​ទាំង​បាន​បើក​មូលដ្ឋាន​យោធា​របស់​ខ្លួន​ចំនួន ៥កន្លែង​ឲ្យ​កម្លាំងទ័ព​អាមេរិកាំង​ទៀត​ផង។

សមយុទ្ធ​រួម​គ្នា​រវាង​ទ័ព​អាមេរិក និង​ទ័ព​ហ្វីលីពីន​ថ្ងៃ​នេះ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ផ្តើម​ដាក់​ពង្រាយ​គ្រឿង​សព្វាវុធ​ថ្មីៗ​របស់​ខ្លួន​នៅ​ក្បែរ​នឹង​គ្រឿងសព្វាវុធ​របស់​អាមេរិក។ រដ្ឋអំណាច​ហ្វីលីពីន​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា សមយុទ្ធ​ក្រោម​ទ្រង់ទ្រាយ​ធំ​ពេល​នេះ​មិនមែន​សំដៅ​ព្រមាន ឬ​មួយ​ក៏​បន្លាច​ប្រទេស​ចិន​ទេ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ សមយុទ្ធ​នេះ​បាន​ធ្វើ​ឡើង​នៅ​ផ្នែក​មួយ​នៃ​កោះ​ប៉ាឡាវ៉ាន​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំ​កោះ Spratleys ដែល​ចិន​បាន និង​កំពុង​ទាមទារ​ជា​អធិបតេយ្យភាព​របស់​ខ្លួន។

សូម​ជម្រាប​ជូន​ថា​នា​សប្តាហ៍​កន្លង​ទៅ អាមេរិក​បាន​ដឹកជញ្ជូន​ឡានទាហាន​ជា​ច្រើន​គ្រឿង ព្រម​ទាំង​គ្រឿងសព្វាវុធ​ធន់ធ្ងន់​ជា​ច្រើន​ទៅ​កាន់​ទឹកដី​ហ្វីលីពីន។ តែ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​មិន​បាន​បញ្ជាក់​លំអិត​ទេ​ថា តើ​សម្ភារៈ​យោធា និង​គ្រឿងសព្វាវុធ​ទាំង​អស់​នោះ​នឹង​ប្រើ​សម្រាប់​តែ​ធ្វើ​សមយុទ្ធ​ពេល​នេះ ឬ​មួយ​ក៏​នឹង​ត្រូវ​ស្ថិត​ជា​អចិន្រ្តៃយ៍​នៅ​លើ​មូលដ្ឋាន​យោធា​ហ្វីលីពីន​ដែល​ក្រុង​ម៉ានីល​ទើប​បាន​បើក​ទ្វារ​ឲ្យ​ទ័ពអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ