អានតួអត្ថបទ
ហុងកុង

បរិស្ថាន៖មន្រ្តីសង្ឃ​ព្រះពុទ្ធសាសនា​អំពាវនាវ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​អាកាសធាតុ

នៅ​ថ្ងៃ​សុក្រ ទី៣០ តុលា​នេះ មន្រ្តីសង្ឃព្រះពុទ្ធសាសនា​នៅ​ទូទំាង​ពិភពលោក ក្នុងនោះ​មាន​ប្រមុខសង្ឃទីបេ​ដាឡៃ ឡាម៉ា​ផង​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចព្រមព្រៀងមួយ​ស្តីពី​ការ​កាត់បន្ថយ​កំដៅ​នៅ​ក្នុង​ភពផែនដី។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ត្រៀម​បើក​ធ្វើ​នៅ​ក្នុងទីក្រុងប៉ារីស ប្រទេស​បារំាង​នា​ដំណាច់​ខែ​វិច្ឆិកា​ខាង​មុខ។

សម្តេច​​សង្ឃ​ ដាឡៃ ឡាម៉ា
សម្តេច​​សង្ឃ​ ដាឡៃ ឡាម៉ា © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​មន្រ្តីសង្ឃ​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ចុះ​ហត្ថលេខា​ដោយ​មន្រ្តីសង្ឃ​ចំនួន ១៥អង្គ​ដែល​ភាគច្រើន​មក​ពី​ប្រទេស​អាស៊ី ព្រម​ទំាង​បារំាង និង​អាមេរិក។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែល​ផ្ញើ​ទៅ​កាន់​ថ្នាក់ដឹកនំា​ក្នុង​លោក មន្រ្តីសង្ឃ​បាន​សរសេរ​រៀបរាប់​ពី​ផលវិបាក​នៃ​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាសកាស​ដែល​នំា​ឲ្យ​ប៉ះពាល់​ដល់​ជីវិតសត្វលោក និង​ជីវិត​ធម្មជាតិ​គ្រប់ប្រភេទ។ សេចក្តីថ្លែងការណ៍​ដដែល​បាន​ស្នើ​ឲ្យ​មនុស្សជាតិ​ទំាង​អស់​ត្រូវ​តែ​រួម​សាមគ្គី​គ្នា​ឡើង​ដើម្បី​បុព្វហេតុ​បរិស្ថាន​ដែល​សព្វថ្ងៃ​កំពុង​បំផ្លិចបំផ្លាញ​ដោយ​សកម្មភាព​របស់​មនុស្ស ដូច​យ៉ាង​ការ​ផលិត​ថាមពល​ដោយ​ប្រើ​ធ្យូងថ្ម និង​កង្វះ​វិធានការ​ក្នុង​ការ​ទប់ស្កាត់​ជា​ដើម។

ស្ថាប័ន​ព្រះពុទ្ធសាសនា​ពិភពលោក​ស្តីពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​បាន​បញ្ជាក់​ថា នេះ​ជា​លើកទី១ បង្អស់​ដែល​មាន​មន្រ្តីសង្ឃ​បាន​នំា​គ្នា​យក​ចិត្ត​ទុក​ដាក់​លើ​ប្រធានរឿង​ពិភពលោក​មួយ​ដើម្បី​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា។ មន្ត្រីសង្ឃ​ហត្ថលេខី​ទំាង ១៥អង្គ​បាន​លើក​ឡើង​ពី​ជំនឿ​របស់​ព្រះពុទ្ធ​ដែល​ថា អ្វីៗ​ដែល​មាន​ជីវិត​នៅ​ក្នុង​ផែនដី​យើង​​សព្វថ្ងៃ​នឹង​ត្រូវ​ចំណុះ​ឲ្យ​គ្នា​ទៅ​វិញ​មក​ដោយ​មិន​អាច​កាត់​ផ្តាច់​បាន​ទេ និង​ថា ការ​យល់​ពី​ផលវិបាក​កើត​ចេញ​ពី​សកម្មភាព​របស់​មនុស្ស​លោក គឺ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​កាត់បន្ថយ​ផលវិបាក​លើ​បរិស្ថាន។

មន្រ្តីសង្ឃ​ព្រះពុទ្ធសាសនា​ក្នុង​លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ស្តីពី​បញ្ហា​អាកាសធាតុ​នៅ​ក្នុង​ឱកាស​សន្និសីទអន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​តៀមរៀបចំ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នា​ចុង​ខាង​វិច្ឆិកា​ខាង​មុខ។ អ្វី​ដែល​មន្រ្តីសង្ឃ​បាន​ទទូច​ខ្លំាង​នោះ គឺ​សុំ​ឲ្យ​ប្តូរ​ពី​ម៉ូដែល​សេដ្ឋកិច្ច​ដែល​ចំណុះ​ឲ្យ​ថាមពល​ធ្យូងថ្ម​ទៅ​ជា​ម៉ូដែល​សេដ្ឋកិច្ច​ដែល​ចំណុះ​ឲ្យ​ថាមពល​ស្អាត ១០០% មិន​ចេះ​សាបសូន្យ។ ទន្ទឹម​គ្នា​នេះ មន្រ្តីសង្ឃ​ក៏​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដោយ​ធ្វើ​យ៉ាង​ណា កុំ​សីតុណ្ហភាព​ក្នុង​ភពផែនដី​កើន​លើស​ពី ១,៥អង្សារ​ធៀប​នឹង​កម្រិត​សីតុណ្ហភាព​ក្នុង​សម័យ​មុន​ឧស្សាហកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ