អានតួអត្ថបទ
ចិន

ចិន​ចាត់​វិធានការ​ចាស់ដៃ​ប្រឆំាង​នឹង​ការជក់បារី​នៅ​កន្លែង​សាធារណៈ

ចាប់​ពី​ថ្ងៃ​ចន្ទ ទី១ មិថុនា​នេះ​ត​ទៅ ពលរដ្ឋ​ចិន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ប៉េកំាង​លែង​មាន​សិទ្ធិ​ជក់បារី​នៅ​ក្នុង​ភោជនីយដ្ឋាន ហាងកាហ្វេ កន្លែង​ធ្វើការ ព្រម​ទំាង​ទីកន្លែង​សាធារណៈ​បិទជិត​ផ្សេង​ទៀត។ គួរ​រម្លឹក​ជូន​ថា កាល​ពី ៤ឆ្នំា​មុន រដ្ឋាភិបាល​ធ្លាប់​បាន​ដាក់​ឲ្យ​អនុវត្តន៍​ច្បាប់​ស្រដៀង​គ្នា​នេះ​ម្តង​ហើយ តែ​ការ​អនុវត្តន៍​ជាក់ស្តែង​មិន​សូវ​ជា​ទទួល​បាន​លទ្ធផល​ប៉ុន្មាន​ទេ។ តែ​ជាមួយ​នឹង​ច្បាប់​ថ្មី​ថ្ងៃ​នេះ រដ្ឋអំណាច​បាន​ចាត់​វិធានការ​ចាស់​ដៃ​ចំពោះ​អ្នក​ដែល​មិន​បាន​គោរព​ត្រឹមត្រូវ។

រដ្ឋអំណាច​ចិន​ចាត់​វិធានការ​ចាស់ដៃ​ប្រឆំាង​នឹង​ការជក់បារី​នៅ​កន្លែង​សាធារណៈ
រដ្ឋអំណាច​ចិន​ចាត់​វិធានការ​ចាស់ដៃ​ប្រឆំាង​នឹង​ការជក់បារី​នៅ​កន្លែង​សាធារណៈ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃទី១ មិថុនា​នេះ​ត​ទៅ ប៉េកំាង​នឹង​ក្លាយ​ជា​ទីក្រុង​សាកល្បង​មុន​គេ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ការ​ជក់បារី​នៅ​កន្លែង​សាធារណៈ​បិទជិត។ កម្មវត្ថុ​របស់​រដ្ឋអំណាច​ប៉េកំាង គឺ​ចាប់​បង្ខំ​ឲ្យ​អ្នកជក់បារី​ប្តូរ​ទម្លាប់​របស់​ខ្លួន​ដែល​ចង់​ជក់បារី​នៅ​កន្លែង​ណា​ក៏​បាន និង​នៅ​ពេល​ណា​ក៏​បាន ដោយ​គ្មាន​ខ្លាច​រអែង ឬ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​អ្នក​មិន​ជក់​បារី​នោះ​ទេ។ កាល​ពី ៤ឆ្នំា​មុន ពោល​តំាង​ពី​ថ្ងៃទី១ ឧសភា ឆ្នំា ២០១១ រដ្ឋាភិបាល​ចិន​ធ្លាប់​បាន​ចេញ​ច្បាប់​មួយ​ហាម​មិន​ឲ្យ​ជក់បារី​នៅ​កន្លែងសាធារណៈ​បិទជិត។ តែ​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធិភាព​សោះ ព្រោះ​ជា​ទូទៅ​គេ​តែង​សង្កេត​ឃើញ​ថា​ក្នុង​ទីក្រុង​ប៉េកំាង នៅ​តែ​មាន​អ្នក​ជក់​បារី​នៅ​ក្នុង​ភោជនីយដ្ឋាន នៅ​ក្នុង​ហាងកាហ្វេ នៅ​ក្នុង​ហាង​លក់ទំនិញ នៅ​ពេល​ជិត​តាក់ស៊ី ឬ​មួយ​ក៏​នៅ​ក្នុង​ជណ្តើរយន្ត​ជា​ដើម។

ជាមួយ​នឹង​ការ​ចូល​ជា​ធរមាន​នូវ​ច្បាប់​ថ្មី​ថ្ងៃ​នេះ ប៉េកំាង​ចង់​ប្រែ​ក្លាយ​ជា​ទីក្រុង​គំរូ​មួយ​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ថ្នំាជក់។ អ្នក​ដែល​រំលោភ​បំពាន​ច្បាប់​នឹង​ទទួល​ការ​ផាកពិន័យ​យ៉ាង​ចាស់​ដៃ ពោល​រហូត​ដល់​ទៅ​ជាង ១ ៥០០ដុល្លារ​សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់ហាងកាហ្វេ ឬ​ម្ចាស់ហាង​លក់ទំនិញ និង​ជាង ៣០ដុល្លារ​សម្រាប់​អ្នកជក់បារី។ ទន្ទឹម​គ្នា​នេះ ចំពោះ​អ្នក​ដែល​បាន​ទទួល​ការ​ផាកពិន័យ​ចំនួន ៣ដង ឈ្មោះ​របស់​អ្នក​រំលោភបំពាន​នោះ​នឹង​ត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​រដ្ឋាភិបាល​រយៈពេល ១ខែ។ មួយ​វិញ​ទៀត ច្បាប់​ថ្មី​នេះ​ក៏​ហាម​មិន​ឲ្យ​ជក់បារី​នៅ​ទីធ្លា​សាធារណៈ​មួយ​ចំនួន ដូច​ជា​នៅ​ក្នុង​បរិវាណ​សាលារៀន មន្ទីរពេទ្យ ឬ​មួយ​កន្លែង​ហាត់​កីឡា។ ម្យ៉ាង​ទៀត ច្បាប់​ថ្មី​ក៏​ហាម​មិន​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី​នៅ​តាម​ផ្លូវ​សាធារណៈ ព្រម​ទំាង​ហាម​មិន​ឲ្យ​មាន​កន្លែង​លក់​បារី​នៅ​ចម្ងាយ​តិច​ជាង ១០០ម៉ែត្រ​ពី​សាលា​បឋមសិក្សា សាលាមត្តេយ្យ និង​ទារកដ្ឋាន។

សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​នឹង​មាន​វិធានការ​ត្រួតពិនិត្យ​នៃ​ការ​អនុវត្តន៍​ច្បាប់​នោះ ឬ​អត់?។ គួរ​រម្លឹក​ជូន​ថា ចិន​ដែល​មាន​អ្នក​មាន​ជក់បារី​ប្រមាណ​ជា ៣០០លាននាក់ បារី​បាន​សម្លាប់​មនុស្ស​ម្នាក់​នៅរៀង​រាល់ ៣០វិនាទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ