អានតួអត្ថបទ
ចិន

​ព្រឹត្តិការណ៍ Tiananmen៖ក្រុម​និស្សិត​ចិន​នៅ​បរទេស​អំពាវនាវ​ឲ្យ​រដ្ឋអំណាច​ចិន​បង្ហាញ​ការ​ពិត

៤ មិថុនា ១៩៨៩-៤ មិថុនា ២០១៥ ថ្ងៃ​នេះ​ជា​ខួប​គម្រប់​២៦ឆ្នំា​នៃ​ព្រឹត្តិការណ៍​វាយបង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​ពី​សំណាក់​កងទ័ព​ចិន​ទៅ​លើ​ហ្វូង​បាតុករ​សិស្ស និស្សិត​ចិន​នៅ​លើ​ទីលាន​ធានអានមេន​កណ្តាល​ទីក្រុង​ប៉េកំាង។ ក៏​ដូច​ជា​រៀងរាល់​ឆ្នំា​ឲ្យ​ដល់​ថ្ងៃ​ខួប​នេះ​ម្តងៗ គេ​តែងតែ​ឃើញ​មាន​ការ​ព្យាយាម​រៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ចំពោះ​អ្នក​ស្លាប់​នៅ​ក្នុង​ទឹកដី​ចិន តែ​ត្រូវ​បាន​រដ្ឋអំណាច​ចាត់​វិធានការ​រារំាង​ជា​បន្ទាន់​ភ្លាមៗ។ តែ​នៅ​ក្នុង​ទឹកដី​ហុងកុង​ដែល​ជា​ទឹកដី​ស្វ័យ័ត​របស់​ចិន មាន​ប្រជាជន​ហុងកុង​ជា​ច្រើន​ម៉ឺននាក់​បាន​នំា​គ្នា​ដង្ហែក្បួន​តាម​ផ្លូវ​ដើម្បី​រម្លឹក​ខួប​នៅ​ទីលាន​ធានអានមេន​ផង និង​ក៏​ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ទឹកដី​ហុងកុង​ផង​ដែរ។

កងទាហាន​ចិន​ល្បាត​លើ​ទីលានធានអានមេន​ក្នុង​ថ្ងៃ​ខួបគម្រប់ ២៦ឆ្នំា​នៃ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម
កងទាហាន​ចិន​ល្បាត​លើ​ទីលានធានអានមេន​ក្នុង​ថ្ងៃ​ខួបគម្រប់ ២៦ឆ្នំា​នៃ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម REUTERS/Petar Kujundzic
ផ្សាយពាណិជ្ជកម្ម

កាល​ពី ២៦ឆ្នំា​មុន គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ឆ្លង​កាត់​នូវ​វិបត្តិ​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ខ្លួន​មិន​ធ្លាប់​ពើប​ប្រទះ​ទេ តំាង​ពី​ថ្ងៃ​ចាប់​កំណើត​ក្នុង​ឆ្នំា ១៩៤៩ មក។ នៅ​ម្ខាង គឺ​វិបត្តិ​នៃ​ការ​ងើប​បះបោរ​របស់​ក្រុមនិស្សិត​អ្នក​ទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​នៅ​ម្ខាង​ទៀត គឺ​វិបត្តិ​អតិផរណា អំពើ​ពុករលួយ និង​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​រវាង​ក្រុមអ្នក​អភិរក្សនិយម និង​ក្រុម​អ្នកកំណែទម្រង់​និយម។ ក្នុង​ចំណោម​អ្នកកំណែទម្រង់​នៅ​ក្នុង​បក្ស​កាល​ណោះ គឺ​មាន​ឈ្មោះ​ហ៊ូ យ៉ាវកង​ដែល​ធ្លាប់​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស​ពី​ឆ្នំា ១៩៨០ ដល់​ឆ្នំា ១៩៨៧។ តែ​ប្រឈម​មុខ​នឹង​ក្បួន​បាតុកម្ម​របស់​សិស្ស និស្សិត លោក​ហ៊ូ យ៉ាវកង​ក៏​ត្រូវ​បាន​បក្ស​ដកតំណែង​ក្នុង​ខែ​មករា ឆ្នំា ១៩៨៧ ពី​បទ​ទន់ជ្រាយ និង​សង្ស័យ​ថា​បាន​ជា​អ្នក​នៅ​ពីក្រោយ​ក្បួន​បាតុកម្ម​របស់​សិស្ស និស្សិត។

ជិត ២ឆ្នំា ក្រោយ​មក ពោល​ក្នុង​ថ្ងៃ​ទី១៥ មេសា ឆ្នំា ១៩៨៩ ដែល​ជា​ថ្ងៃ​មរណៈភាព​លោក​ហ៊ូ យ៉ាវកង ចលនា​បះបោរ​របស់​សិស្ស និស្សិត​អ្នក​ទាមទារ​លទ្ធិប្រជាធិតេយ្យ​ចាប់​ផ្ទុះ និង​រីក​កាន់​តែ​ធំ​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​លើ​ទីលាន​ធានអានមេន​កណ្តាល​ទីក្រុង​ប៉េកំាង។ ក្បួន​បាតុកម្ម​មាន​រយៈពេល ៥០ថ្ងៃ និង​ដែល​ទីបំផុត​នៅ​យប់​ថ្ងៃទី៣ ឆ្លង​ចូល​ថ្ងៃ​ទី៤ មិថុនា ឆ្នំា ១៩៨៩ រដ្ឋអំណាច​ក៏​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​វាយបង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​ដោយ​ប្រើ​កម្លំាង​ទាហាន និង​កងរថក្រោះ។ ២៦ឆ្នំា​ក្រោយ​មក គេ​នៅ​តែ​គ្មាន​តួលេខ​ផ្លូវការ​នៃ​ចំនួន​អ្នក​ស្លាប់។ ប្រភព​ព័ត៌មាន​ខ្លះ​បាន​បញ្ជាក់​ថា មាន​ស្លាប់​ជិត ២៥០នាក់ តែ​ក្រុមអង្គការ​សិទ្ធិមនុស្ស ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​លើក​ឡើង​ពី​ចំនួន​អ្នកស្លាប់​ជិត ១ ០០០នាក់។ ២៦ឆ្នំា​ក្រោយ​មក ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ជនរងគ្រោះ​បាន​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​បំភ្លឺ​ការ​ពិត​ជុំវិញ​ព្រឹត្តិការណ៍​ថ្ងៃទី៤ មិថុនា ឆ្នំា ១៩៨៩។

បាតុករ​ហុងកុង​ក្នុង​ថ្ងៃខួបគម្រប់ ២៦ឆ្នំា​នៃ​ព្រឹត្តិការណ៍​បង្ហូរឈាម​នៅ​ទីលានធានអានមេន
បាតុករ​ហុងកុង​ក្នុង​ថ្ងៃខួបគម្រប់ ២៦ឆ្នំា​នៃ​ព្រឹត្តិការណ៍​បង្ហូរឈាម​នៅ​ទីលានធានអានមេន Reuters

ពលរដ្ឋ​ហុងកុង​ចុះ​ផ្លូវ​ដង្ហែក្បួន​ដើម្បី​រម្លឹក​ព្រឹត្តិការណ៍​ធានអានមេន និង​ទាមទារ​លទ្ធិប្រជាធិបតេយ្យ

ចំ​ថ្ងៃ​ខួប​គម្រប់ ២៦ឆ្នំា​ថ្ងៃ​នេះ ទីលាន​ធានអានមេន​មាន​ភាព​ស្ងាប់​ជ្រងំ​ដោយ​រដ្ឋអំណាច​បាន​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ព្រឹត្តិការណ៍​ធានអានមេន​នៅ​បន្ត​ជា​បច្ចុប្បន្នភាព​ដែល​ពលរដ្ឋ​ចិន​មិន​អាច​បំភ្លេច​បាន និង​ដែល​ជា​រៀងរាល់​ឆ្នំា​ឲ្យ​តែ​ជិត​ដល់​ថ្ងៃទី៤ មិថុនា​ម្តងៗ រដ្ឋអំណាច​បាន​តាម​ឃ្លំាមើល​ដោយ​មិន​ប៉ប្រិចភ្នែក​លើ​សកម្មភាព​របស់​សកម្មជនប្រឆំាង​ក្នុង​ស្រុក​ទំាង​អស់។ តាម​ព័ត៌មាន​លើ​អ៊ីនធឺនែត មាន​សកម្មជន​ជា​ច្រើន​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​គេហដ្ឋាន និង​ខ្លះ​ទៀត​ត្រូវ​បាន​កំចាត់​ស្ងាត់ៗ។ នៅ​ហុងកុង​ឯណោះ ពលរដ្ឋ​ហុងកុង​តែងតែ​បាន​រៀបចំ​ពិធី​រម្លឹក​ព្រឹត្តិការណ៍​ធានអានមេន​ជា​រៀងរាល់​ឆ្នំា តំាង​ពី​ជាង ២០ឆ្នំា​មក​ហើយ ពោល​តំាង​ពី​ហុងកុង​ស្ថិត​ក្រោម​អាណានិគម​ប្រទេស​អង់គ្លេស។

គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​ក្នុង​ឆ្នំា ១៩៩៧ ទេ​ដែល​អង់គ្លេស​បាន​ប្រគល់​ទឹកដី​ហុងកុង​ទៅ​ឲ្យ​ចិន​វិញ ដោយ​ចិន​យល់ព្រម​ឲ្យ​ហុងកុង​រក្សា​ទុក​លក្ខខន្តិកៈ​ជា​តំបន់​ស្វ័យ័ត​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ពី​ប៉េកំាង។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​ថ្មី​មិន​ធ្លាប់​មាន​នៅ​ក្នុង​ក្បួន​បាតុកម្ម​របស់​ពលរដ្ឋ​ហុងកុង​ឆ្នំា​នេះ គឺ​ភាព​តានតឹង​រវាង​ពលរដ្ឋ​ហុងកុង និង​រដ្ឋអំណាច​ហុងកុង​ស្តីពី​ជម្រើស​ប្រមុខ​ដឹកនំា​ហុងកុង​នៅ​ឆ្នំា ២០១៧ ដែល​រដ្ឋអំណាច​ប៉េកំាង​បាន​យល់ព្រម​ឲ្យ​មាន​ការ​បោះឆ្នោតសកល​ពី​ពលរដ្ឋ​ហុងកុង។ នៅ​ថ្ងៃទី១៧ មិថុនា​ខាង​មុខ សភា​ហុងកុង​នឹង​ផ្តើម​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ប្រធានបទ​នេះ។

តែ​បញ្ហា​នៅ​ត្រង់​ថា ប៉េកំាង​បាន​បញ្ជាក់​រួច​ហើយ​ថា ខ្លួន​ជា​អ្នក​ជ្រើសរើស​រូប​បេក្ខជន និង​កំណត់​ចំនួន​បេក្ខជន​តែ ២ ឬ ៣នាក់​ប៉ុណ្ណោះ។ គឺ​នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ហុងកុង​បន្ត​ខឹងសំបារ​យ៉ាង​ខ្លំាង ដោយ​ពួក​បាន​នំា​គ្នា​ចុះ​ផ្លូវ​តវ៉ា​បរិហារ​ពី​ការ​លូកដៃ​ចូលជ្រៀតជ្រែក​របស់​ប៉េកំាង។ អំពើហិង្សា​កើត​ចេញ​ពី​សង្រ្គាម​ពាក្យសម្តី និង​អំពើហិង្សា​កើត​ចេញ​ពី​ការ​បះបោរ​កំពុង​បន្ត​មាន​យ៉ាង​ក្តៅគគុក​រវាង​អ្នកគំាទ្រ និង​អ្នកប្រឆំាង​រដ្ឋអំណាច​ប៉េកំាង។

កងរថក្រោះ​ចិន​លើ​ទីលាន Tiananmen ថ្ងៃទី៤ មិថុនា ១៩៨៩
កងរថក្រោះ​ចិន​លើ​ទីលាន Tiananmen ថ្ងៃទី៤ មិថុនា ១៩៨៩ 64memo.com

និស្សិត​ចិន​នៅ​បរទេស​ផ្ញើ​លិខិត​ឲ្យ​និស្សិត​ចិន​ក្នុង​ស្រុក​ដើម្បី​ប្រាប់​ការ​ពិត​រឿង​ព្រឹត្តិការណ៍​ធានអានមេន

អ្វី​ដែល​ជា​លើកទី១ និង​មិន​ធ្លាប់​មាន​នៅ​ក្នុង​ខួប​រម្លឹក​ព្រឹត្តិការណ៍​ធានអានមេន​ឆ្នំា​នេះ គឺ​លិខិត​របស់​សិស្ស និស្សិត​ចិន​នៅ​បរទេស​ផ្ញើ​ទៅ​ឲ្យ​ក្រុម​សិស្ស និស្សិត​ចិន​នៅ​ស្រុក​ចិន។ ក្រុម​សិស្ស និស្សិត​នៅ​បរទេស​ទំាងអស់​​នោះ ជា​ក្រុម​យុវជន​ជំនាន់​ថ្មី​ដែល​បាន​ចាប់​កំណើត​នៅ​ក្រោយ​ព្រឹត្តិការណ៍​ធានអានមេន​ថ្ងៃទី៤ មិថុនា ឆ្នំា ១៩៨៩។ ក្រុម​សិស្ស និស្សិត​ជំនាន់​ក្រោយ​ពិត​ជា​មិន​បាន​ស្គាល់​ការ​ពិត​ជុំវិញ​ព្រឹត្តិការណ៍​កាល​ពី ២៦ឆ្នំា​មុន​ទេ ពោល​មិន​ខុស​គ្នា​នឹង​ក្រុម​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ដែល​មិន​ដែល​ស្គាល់ និង​ភ្លក់​​រសជាតិ​របប​ខ្មែរក្រហម​ឡើយ។

ក្រុម​យុវជន​ជំនាន់​ក្រោយ​បាន​ដឹង និង​ឮ​រឿងរ៉ាវ​អតីតកាល​ណា​មួយ តាម​រយៈ​ការ​ស្តាប់​មនុស្សចាស់ ឱពុក ម្តាយ ឬ​មួយ​ក៏​អាន​សៀវភៅ​តែ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ ពោល​ពួក​គេ​គ្មាន​ព័ត៌មាន​ណា​ផ្សេង​ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់​ទេ។ ជាក់ស្តែង​គឺ​ក្រុម​សិស្ស និស្សិត​ចិន​ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​បរទេស​ដែល​មុន​នឹង​ចាកចេញ​ពី​ស្រុកកំណើត ពួក​គេ​បាន​ដឹង​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ធានអាមមេន​តែ​តាម​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​គត់។ តែ​នៅ​បរទេស ស្រាប់​ពួក​គេ​បាន​ដឹង​ពី​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​ធានអានមេន​មួយ​ទៀត​ដែល​ពន្យល់​បកស្រាយ​ដោយ​បស្ចិមលោក។ ក្រុម​សិស្ស និស្សិត​ចិន​នៅ​បរទេស​បាន​យល់​ឃើញ​ថា ព័ត៌មាន​ដែល​ពួក​គេ​ទទួល​បាន​ពី​រដ្ឋាភិបាល​ចិន​ជុំវិញ​រឿងរ៉ាវ​ធានអានមេន​កាល​ពី​ថ្ងៃទី៤ មិថុនា ១៩៨៩ សុទ្ធសឹង​ជា​ព័ត៌មាន​ក្លែងក្លាយ​ដែល​រដ្ឋអំណាច​ព្យាយាម​លាក់កំបំាង​ការ​ពិត។

គឺ​ក្នុង​ន័យ​នេះ​ហើយ​ដែល​នៅ​ក្នុង​លិខិត​សរសេរ​ដោយ​សិស្ស និស្សិត​ចិន​នៅ​បរទេស ពួក​គេ​ចង់​ពន្យល់​ប្រាប់​សិស្ស និស្សិត​ចិន​ក្នុង​ស្រុក​ថា ឯកសារ​ពិត​នៃ​ព្រឹត្តិការណ៍​ធានអានមេន​មិនមែន​នៅ​ស្រុក​ចិន​ទេ តែ​នៅ​បរទេស។ ម្ចាស់​លិខិត​បាន​អះអាង​ថា ទោះ​បី​ជា​ទង្វើ​របស់​គេ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​រូប​គេ ព្រម​ទំាង​ក្រុមគ្រួសារ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​ក៏​ដោយ ក៏​គេ​មិន​អាច​ទុក​បណ្តោយ​ឲ្យ​រឿងរ៉ាវ​កាល​ពី ២៦ឆ្នំា​មុន​បន្ត​ស្រពិចស្រពិល ពិសេស​អ្នក​ក្នុង​ស្រុក​ដែល​ចេះ​តែ​ជឿ​លើ​អ្វី​ដែល​មិនមែន​ជា​ការ​ពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ