អានតួអត្ថបទ
ចិន

ប្រឈម​នឹង​ទោស​ជាប់គុក ៥ឆ្នាំ ដោយសារ​ធ្វើ​រូបភាព ចំអក​មេដឹកនាំ​ចិន ស៊ីន ជីនពីង

អាជ្ញាធរ​ចិន កាលពី​ថ្ងៃ​ពុធទី ២៨ ឧសភា​បាន​ចាប់ខ្លួន​សិល្បករ​ម្នាក់ ក្នុង​បទ​ខ្វះ​ការគោរព​ដល់​លោក​ប្រធានាធិបតី​ចិន ស៊ីន ជីនពីង។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ចិន សិល្បករ​ចិន នឹង​អាច​ប្រឈមនឹង​ទោស​ជាប់​គុក ៥​ឆ្នាំ ដោយសារ​តែ​ការធ្វើ​រូបភាព​ចំអក​ប្រមុខ​ដឹកនាំ​ចិន។

លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង
លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

សិល្បករ តៃ ជៀនយុង​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន កាលពីថ្ងៃ​ពុធ បន្ទាប់ពី​គាត់បាន​ផ្សព្វផ្សាយ​រូបភាព​មួយ ដែល​មិន​សមប្រពៃ​សម្រាប់​ភ្នែក​រដ្ឋអំណាច​ចិន។ នោះ​គឺ​រូបលោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ដែល​ជ្រួញមុខ និង​មាន​ពុកមាត់។ តាមមិតភក្តិម្នាក់​របស់​តៃ ជៀនយុង ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី សេរី សិល្បករ​បាន​កែច្នៃ យក​រូបជ្រួញមុខ​របស់គាត់ ទៅ​កាត់បញ្ចូល​ក្នុង​រូប​របស់​លោក​ប្រធានាធិបតី​ចិន។

រូបភាព​មនុស្ស​ជ្រួញមុខ ជា​ប្រធានបទ​ស្នាដៃ​សិល្បៈ​ដែល​ តៃ ជៀនយុង​បាន​បង្កើត និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ លោក​ធ្លាប់​បាន​បង្កើត​រូបភាព​មនុស្ស​ជ្រួញមុខ​ជា​ច្រើន​កន្លងមក ដោយ​គ្មាន​បញ្ហា។ ប៉ុន្តែ រូបភាព​ប្រធានាធិបតី​ចិន ដែល​ តៃ ជៀនយុង​យក​ទៅ​កែច្នៃ បន្ថែម​ពុកមាត់ និង​ដាក់មុខជ្រួញ​យ៉ាងដូច្នេះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ចិន​ប្រតិកម្ម​ភ្លាម ព្រោះថា រូបភាព​ប្រធានាធិបតី​ចិន មាន​ពុកមាត់ និង មុខជ្រួញ​បាន​ទទួល​ការអត្ថាធិប្បាយ​ច្រើន​ពី​អ្នកប្រើ​អ៊ីនធ័រនែត។ អ្នកខ្លះ​ថែម​ទាំង​សរសេរ​ថា លោកស៊ី ជីនពីង​មាន​ពុកមាត់​ដូច ហ៊ីត្លែរ មេដឹកនាំ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់។

តៃ ជៀនយុង​ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់ខ្លួន ពី​បទ​មិន​គោរព​ថ្នាក់ដឹកនាំ និង​រង​ការចោទ​ប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​ជម្លោះ និង​បង្កើត​ចលាចល​ក្នុង​សង្គម។ តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស បទចោទប្រកាន់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​សិល្បករ​ចិន ប្រឈមនឹង​ទោស​ជាប់គុក ៥ឆ្នាំ។

នៅ​ប្រទេស​ចិន រូបភាព​មេដឹកនាំ​របប​​កុម្មុយនិស្ត ត្រូវ​បាន​ការពារ​ខ្ពស់ មិន​ឲ្យ​យក​ទៅ​និយាយ​លេងសើច។ ចាប់តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ត្រូវ​បាន​គេ​មើលឃើញថា កំពុង​ចង់​កសាង​មុខមាត់​ក្នុង​នាម​ជា​មេដឹកនាំ​ដ៏ខ្ពង់ខ្ពស់ ដូច​ម៉ៅ សេទុង ដែល​គេ​មិនអាច​ប៉ះពាល់បាន។ លោក​ស៊ី ជីនពីង​ផ្ទាល់ ​ធ្លាប់​រិះគន់ បរិហារ​ការងារ​របស់​សិល្បករ​ឯករាជ្យ​មួយចំនួន ថា មាន​បង្កប់​ដោយ​ចរិក​ថោកទាប។

សិល្បករ​ដែល​ប្រើ​ស្នាដៃ​ដើម្បី​បញ្ចេញ​គំនិត​យល់ឃើញ​របស់ខ្លួន ទៅលើ​របបដឹកនាំ​ចិន ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់ឃុំ​ខ្លួន។ ជាក់ស្តែង សិល្បករ​ដ៏ល្បី​ឈ្មោះ អៃ វៃវៃ ដែល​គេ​ស្គាល់​តាមរយៈ រូបស្តាត​អូឡាំពិក នៅ​ប៉េកាំង ត្រូវ​បាន​ប៉ូលិស​ចិន ចាប់ឃុំ​ខ្លួន ក្នុង​គេហដ្ឋាន មិន​ឲ្យ​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស។ សម្រាប់​លោក​ស៊ី ជីនពីង សិល្បករ​ត្រូវ​ធ្វើ​ស្នាដៃ ដែល​ចូលរួម​ជួយ​លើក​តម្កើង​គំនិត​ស្នេហា​ជាតិ និង​តម្លៃ​នយោបាយ​សង្គមនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ