អានតួអត្ថបទ
ចិន-អាមេរិក

ចិនស្នើអាមេរិកឲ្យឈប់បង្ករឿងនៅសមុទ្រចិនខាងត្បូង

នៅ​ថ្ងៃ​ចន្ទ ទី១៨ វិច្ឆិកា ប្រទេស​ចិន​បាន​អំពាវនាវ​ដល់​អាមេរិក​ឲ្យ​បញ្ឈប់​សកម្មភាព​បង្ហាញ​សាច់ដុំ​នៅ​ក្នុង​សមុទ្រចិនខាងត្បូង។ ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ចិន​លោក​វ៉ី ហ្វឹងហឺ​នៅ​ក្នុង​កិច្ចប្រជុំ​បិទ​ទ្វារ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​នៃ​ក្រុមប្រទេស​អាស៊ាន​រៀបចំ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ ទន្ទឹម​នឹង​ស្នើ​អាមេរិក​ឲ្យ​ឈប់​លូកដៃ​បង្ក​រឿង​នៅ​ក្នុង​សមុទ្រចិនខាងត្បូង ចិន​ក៏​បាន​អំពាវនាវ​ឲ្យ​អាមេរិក​ឈប់​បន្ថែម​ភាព​មិន​ប្រាកដប្រជា​ថ្មី​ស្តីពី​បញ្ហា​តៃវ៉ាន់​ដែរ។

រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោកវ៉ី ហ្វឹងហឺ
រដ្ឋមន្រ្តីក្រសួងការពារជាតិចិនលោកវ៉ី ហ្វឹងហឺ DR Net
ផ្សាយពាណិជ្ជកម្ម

កំណត់សម្គាល់​របស់​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ចិន​លោក​វ៉ី ហ្វឹងហឺ​ជា​ការ​ឆ្លើយ​តប​នឹង​សមភាគី​អាមេរិក​លោក​ម៉ាក អេស្ភ័រ​ដែល​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៧ វិច្ឆិកា​បាន​ចោទ​ចិន​ជា​សាធារណៈ​ពី​បទ​ប្រើ​យុទ្ធសាស្រ្ត​បង្ខិតបង្ខំ និង​បំភិតបំភ័យ​ដើម្បី​ពន្លឿន​កម្មវត្ថុ​របស់​ខ្លួន​នៅ​ក្នុង​តំបន់។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​ចិន​លោក​វូ ជាំង​បាន​ឲ្យ​ដឹង​ថា លោក​វ៉ី ហ្វឹងហឺ​បាន​ជំរុញ​លោក​ម៉ាក អេស្ភ័រ​ឲ្យ​ឈប់​ដំឡើង​សាច់ដុំ និង​បញ្ឈប់​ការ​បង្ក​រឿង រួម​ទាំង​ចិញ្ចឹម​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ទាក់ទង​នឹង​សំណួរ​ដែល​ចង់​ដឹង​ថា តើ​ប្រមុខ​ការពារជាតិ​ចិន​រងចាំ​អ្វី​ពី​សមភាគី​អាមេរិក លោក​វូ ជាំង​បាន​ឆ្លើយ​ថា អាមេរិក​ត្រូវ​បញ្ឈប់​ការ​លូកដៃ​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង និង​ឈប់​ធ្វើ​សកម្មភាព​យោធា​នៅ​ក្នុង​ដែនទឹក​នោះ។

គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ អាមេរិក​ឧស្សាហ៍​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​ច្រកសមុទ្រ​តៃវ៉ាន់​ដោយ​បាន​លើក​ឡើង​ពី​ការ​គោរព​ច្បាប់អន្តរជាតិ និង​ការ​ការពារ​សេរីភាព​ធ្វើ​ចរាចរ​ផ្លូវសមុទ្រ។ តែ​ប៉េកាំង​បាន​មើល​ឃើញ​ទង្វើ​របៀប​នេះ​ថា​ជា​ការ​បង្ក​រឿង។ អ្វី​ជា​ការ​កត់សម្គាល់ ប្រតិកម្ម​របស់​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​នាវា​ដឹកយន្តហោះចម្បាំង​ទី២ របស់​ចិន​បាន​ផ្តើម​បេសកកម្ម​សាកល្បង​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង​ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រកសមុទ្រ​តៃវ៉ាន់។ ទង្វើ​របៀប​នេះ​ត្រូវ​បាន​ទីក្រុង​តៃប៉ិក​បរិហារ​ដោយ​ចាត់​ទុក​ជា​សមយុទ្ធ​បំភិតបំភ័យ។ តែ​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយ​បក​វិញ​ថា បេសកកម្ម​សាកល្បង​នេះ​ជា​ការ​ធ្វើ​តេស្ត​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​សុទ្ធសាធ ពោល​គ្មាន​សំដៅ​លើ​ផ្ទាំងស៊ីប​ណា​មួយ ហើយ​ក៏​គ្មាន​ជាប់​ទាក់ទង​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ