អានតួអត្ថបទ

ចិនចេញ​ប្រតិកម្ម​ប្រឆាំង​នឹងទស្សនកិច្ច​របស់​​នាយក​រដ្ឋមន្ត្រីឥណ្ឌា​នៅ​តំបន់​ព្រំដែន​ជាប់​ជម្លោះគ្នា

នៅ​ថ្ងៃ​សៅរ៍​នេះ ប្រទេស​ចិន​បាន​បញ្ចេញ​ប្រតិកម្ម​​​យ៉ាង​ខ្លាំង ប្រឆាំង​នឹង​​​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ទៅ​កាន់​រដ្ឋអរុណឆាប្រាដែស​ Arunachal Pradesh។ ​អរុណឆាប្រាដែស មាន​ទីតាំង​​ស្ថិត​នៅជា​ប់​ព្រំដែន​​ចិន​ និង​ជា​តំបន់​ជាប់​ជម្លោះ​ដែល​ធ្លាប់​បាន​រុញ​ច្រាន​មហាអំណាច​ប្រចាំ​តំបន់​ទាំង​ពីរ​ធ្វើ​សង្គ្រាម​នឹង​គ្នាយ៉ាង​សន្ធោសន្ធៅ​​ នៅ​ឆ្នាំ​១៩៦២។

ចិន​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​តំបន់​ព្រំដែន​ជាប់​ជម្លោះ​
ចិន​ប្រឆាំង​នឹង​ទស្សនកិច្ច​របស់នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​តំបន់​ព្រំដែន​ជាប់​ជម្លោះ​ © Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ចិន​ មិន​ដែល​ទទួល​ស្គាល់​តំបន់​ អរុណឆាប្រាដែស ជា​របស់​ឥណ្ឌា​ទេ ហើយ​ប្រឆាំង​ដាច់​ខាត​រាល់​គ្រប់វត្តមាន​​របស់​ឥស្សរជន​ឥណ្ឌា នៅ​ក្នុង​ទឹកដី​ប៉ែក​ខាង​កើត នៃ​តំបន់​ព្រំដែន​ឥណ្ឌាចិន។ នេះ​ជាពាក្យ​ដាស់​តឿន​ ចែង​នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន​​ ដោយ​បញ្ជាក់​ទៀត​ថា ឥណ្ឌា​ត្រូវ​តែ​​ចៀសវាង​កុំ​ប្រព្រឹត្ត​​និង​ធ្វើ​សកម្មភាព​ណា​ដែល​ប៉ះពាល់​នាំ​ឱ្យ​មាន​ភាព​តាន​តឹង និង ស្មុគស្មាញ​ដល់​បញ្ហា​ព្រំដែន។

ប្រតិកម្ម​របស់​ចិន​បែប​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ក្រោយពី​លោក ណារិនដ្រា ម៉ូឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុងរដ្ឋ​​ អរុណឆាប្រាដែស បាន​តែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ។

តំបន់​អរុណឆាប្រាដែស បានក្លាយ​ជា​ដែន​ដី​របស់​ឥណ្ឌា នៅ​ក្នុង​សម័យ​អាណានិគមនិយម​អង់គ្លេស ប៉ុន្តែ​​ចិនមិន​សុខ​ចិត្ត​ឡើយ និង​​តែង​ទាមទារ​ជា​រហូត​មក​ថា​ជា​របស់​ខ្លួន។ រហូត​មក​ទល់​នឹង​ពេល​នេះ ​​ឥណ្ឌា​និង​ចិន ​ពុំ​ទាន់មាន​កិច្ច​ព្រម​ព្រៀង​គ្នា​ ក្នុង​ការ​គូស​បន្ទាប់​ព្រំដែន​ខណ្ឌ​ចែក​ប្រទេស​ទាំង​នៅ​ក្នុង​តំបន់​អរុណឆាប្រាដែស​នេះ​ឡើយ។

​ជម្លោះ​ដណ្តើម​​ដី​មួយ​ចំរៀក​នេះ បាន​រុញ​ច្រាន​ឱ្យ​ឥណ្ឌា​និង​ចិន​​ផ្ទុះ​សង្គ្រាម​នឹង​គ្នាយ៉ាង​សន្ធោសន្ធៅ​​ កាលពី​ឆ្នាំ ១៩៦២។ ជា​សង្គ្រាមតែ​មួយ​គត់​រវាង​ចិន​និង​ឥណ្ឌា។ ជា​សង្គ្រាម​​ដ៏​ខ្លី រយៈ​ពេល​១​ខែ តែ​មាន​ការ​បង្ហូរ​ឈាម​យ៉ាង​ខ្លាំង និង​ជា​បរាជ័យ​ដ៏​ជូរ​ចត់​សម្រាប់​ឥណ្ឌា។ តែ​នៅ​ទីបំផុត ក្រោយ​ជម្លោះ​ប្រដាប់​អាវុធ ចិន​បាន​ដក​កងទ័ព​ថយ ឯតំបន់​អរុណឆាប្រាដែស​ក៏​ស្ថិត​នៅ​ក្រោម​​​គ្រប់​គ្រង​រដ្ឋបាល​របស់​​ឥណ្ឌា។ សង្គ្រាម​នេះ​មិន​បាន​ប្រែក្រឡាស​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ទេ ប៉ុន្តែ​ជម្លោះ​ព្រំដែន នៅ​តែ​ជា​ប្រភព​​បន្ត​​បំពុល​ទំនាក់ទំនង​ចិន​និងឥណ្ឌា​ដែល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​មហាអំណាច​ពិភពលោក​ដដែល។

មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ជាង​ពីរពាន់​គីឡូម៉ែត្រ និង​មាន​តំបន់​ជាប់​ជម្លោះដ៏​តាន​តឹង​ខ្លាំង​​ចំនួនពីរ (តំបន់​កាស្មៀ និង​តំបន់​អរុណឆាប្រាដែស) មហាយក្ស​ចិន​និ​ងឥណ្ឌា បាន​ប្រឈម​ដាក់​គ្នា​ខ្លាំង​ក្នុង​​បញ្ហា​ព្រំដែន​ម្តងទៀត ​កាលពីឆ្នាំ​២០១៧ ដោយ​ពេល​នោះ​ឥណ្ឌា​បាន​បញ្ជូន​កម្លាំង​ទាហាន​ជា​ច្រើន​ទៅ​កាន់​តំបន់​ដុកឡាំ​នៃ​រដ្ឋ​អរុណឆាប្រាដែស ត្រប់​ចំណុច​​ភាគ​ខាងលិច​ប្រទេស​ប៉ូតង់ ដើម្បី​ប្រឆាំង​នឹង​​គម្រោង​សាង​សង់​ផ្លូវ​យោធា​​របស់​ចិន។ ភាព​តាន​តឹង​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​ពីរ​ខែ​ ទម្រាំ​ប្រទេស​ទាំង​ពីរ​សុខ​ចិត្ត​ដក​កម្លាំង​ទ័ព​ថយ​រៀងខ្លួនៗ។ ​ទំនាក់ទំនងទ្វេ​ភាគី​ ទើប​ត្រូវ​បាន​ស​ម្រួល​និង​​កម្តៅឡើង​វិញ​បាន​បន្តិច នៅពេល​ប្រធានាធិបតី​ចិន​លោកស៊ីជីនពីង​​បាន​ទទួល​ស្វាគមន៍​លោកម៉ូឌី នៅ​ទីក្រុង​ប៉េកាំង​កាល​​ពី​ខែ​មេសា​ឆ្នាំ​២០១៨​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ