អានតួអត្ថបទ

សិង្ហបុរី ៖ មានការលួចនិង​ផ្សាយទិន្នន័យសម្ងាត់អ្នកជំងឺ

ទិន្នន័យ​សម្ងាត់​របស់​អ្នក​មានផ្ទុក​មេរោគ​អេដស៍​ ចំនួន​១៤២០០​នាក់ ភាគ​ច្រើន​ជា​ជន​បរទេស ត្រូវ​បាន​គេ​ចូល​លួច​និងផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​សិង្ហបុរី​កាលពី​ម្សិលមិញ។ ក្នុង​រវាង​តែ​ប៉ុន្មាន​ខែ​សោះ​ សិង្ហបុរី​ បានជួប​បញ្ហា​សន្តិសុខ​​​អ៊ីនធ័រនែតដ៏​ធ្ងន់ធ្ងរ​ដល់​ទៅ​ពីរ​លើក។

សំណុំ​ឯកសារ​​សុខភាព​អេឡិចត្រូនិក
សំណុំ​ឯកសារ​​សុខភាព​អេឡិចត្រូនិក pixabay.com/CCO/mcmurryjulie
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការ​វាយប្រហារ​អ៊ីនធ័រនែត​ ដ៏ធ្ងន់ធ្ងរ​មួយ កាលពី​ខែ​មិថុនា​ និង​កក្កដា ​ទិន្នន័យ​សុខភាព​របស់​ពលរដ្ឋ​សិង្ហបុរី​ជាង​១​,៥លាន​នាក់​ រួម​​ទាំង​ទិន្នន័យ​សុខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផង ត្រូវ​បាន​គេ​លួច​យក​បាន។ អាជ្ញាធរ​សិង្ហបុរី​ សង្ស័យ​ថា​ការ​វាយប្រហារ​នេះ​ជា​ស្នាដៃ​របស់​រដ្ឋ​មួយ តែ​មិន​បាន​បញ្ចេញ​ឈ្មោះ​ប្រទេស​នោះ​ឡើយ។

ពេល​នេះ ​មាន​ការ​លួច​​​ទិន្នន័យ​សុខភាពទៀត​ តែ​ក្នុង​ទម្រង់​ផ្សេង។ ​បុគ្គលម្នាក់​ បាន​ចូល ដោយ​គ្មាន​ការ​អនុញ្ញាត ​ទៅ​លួច​យកទិន្នន័យ​សម្ងាត់ រួច​​​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល​សិង្ហបុរី​ អម​ដោយ​​ពាក្យ​សុំ​ទោស​ ទៅ​កាន់​ជន​រងគ្រោះ​ទាំង​អស់។ ​ខ្លឹម​សារ​នៃ​ទិន្នន័យ​សម្ងាត់​ ដែល​គេ​ផ្សព្វផ្សាយ​មាន​ដូច​ជា​ អត្តសញ្ញាណ​អ្នក​ជំងឺ លេខសម្គាល់​អ្នក​ជំងឺ ព័ត៌មាន​លម្អិត​​​ទាក់ទងនឹង​បុគ្គល​អ្នក​ជំងឺ (អាស័យដ្ឋាន លេខ​ទូរស័ព្ទ​ ...) លទ្ធផល​នៃការ​ធ្វើ​តេស្ត​សរក​មេរោគ​ហ៊ីវ HIV និង​ព័ត៌មាន​ទាក់ទង​នឹង​សុខភាព​ជា​ច្រើន​ផ្សេង​ទៀត។

នៅ​ក្នុង​ចំណោម​ទិន្នន័យនៃ​អ្នក​ជំងឺ​អេដស៍​​ដែល​គេលួច​បាន​ទាំង​ជាង​១៤២០០​នាក់ មាន​៥៤០០​នាក់​ជា​ជន​ជាតិ​សិង្ហបុរី ដែលបាន​​ឆ្លង​មេរោគ​អេដស៍មុន​ខែ​មករា​ឆ្នាំ​២០១៣ និង​ជាង​៨៨០០​នាក់​​ជា​ជន​បរទេស ដែលមក​វិភាគ​និង​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ហ៊ីវ មុន​ខែ​ធ្នូ​ឆ្នាំ ២០១១។ មាន​ប្រជាជន​តែ​ប្រមាណ​ជាង​៥,៦​លាន​នាក់ តូច​ តែ​មាន​បាន​ជាង​គេ​នៅ​​​ក្នុង​តំបន់អាស៊ី​អាគ្នេយ៍ ​សិង្ហបុរី​ទទួល​ព្យាបាល​​​ជន​បរទេស​ច្រើន​ណាស់​ក្នុង​មួយ​ឆ្នាំៗ។

​ក្រសួង​សុខាភិបាល​សិង្ហបុរី​គិត​ថា អ្នក​ដែល​បានបង្ហោះ​និង​មាន​​​ទិន្នន័យ​សម្ងាត់ក្នុង​ដៃ គឺ​ជា​​ជនជាតិអាមេរិកឈ្មោះ Mikhy K Farrera Brochez ​ដែល​ធ្លាប់​រស់​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ពី​ឆ្នាំ​២០០៨-២០១៦ និង​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ជា​ច្រើន​ដងមក​ហើយ ពី​បទ​ប្រព្រឹត្ត​គ្រឿង​ញៀន។ ជន​នេះ​អាច​លួច​ទិន្នន័យ​សម្ងាត់​បាន ដោយ​មាន​ជំនួយ​ពី​មិត្ត​កំណាន់ចិត្ត​​ ជាតិ​សិង្ហបុរី ជា​វេជ្ជបណ្ឌិត ដែល​តុលាការ​​​កាត់​ទោសរួចហើយ​​ឱ្យជាប់​ពន្ធនាគារ​២៤​ខែ ពី​បទ​សុំគ្រលំ​ធ្វើ​សកម្មភាព​ឧក្រិដ្ឋ។ អាជ្ញាធរ​​សិង្ហបុរី​​ក៏​បាន​អំពាវនាវ​សុំ​ឱ្យ​ប្រទេ​ស​ផ្សេង​ទៀត​ជួយ​ ព្រោះ​ជន​អាមេរិក​ជាប់​សង្ស័យ​គេច​ចេញសិង្ហបុរី​បាត់​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ