អានតួអត្ថបទ
Unicef-អាហ្វហ្កានីស្ថាន

Unicef៖​ការអប់រំ​នៅ​អាហ្វហ្កានីស្ថាន​បាន​ធ្លាក់​ចុះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០០២

នៅ​ថ្ងៃ​អាទិត្យ ទី៣ មិថុនា អង្គការ Unicef បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ តាម​របាយការណ៍ មាន​ក្មេង​ជិត​ពាក់កណ្តាល ពោល​ចំនួន ៣លាន ៧សែន​នាក់​មិន​បាន​ទៅ​សាលារៀន​ទេ។ នេះ​ជា​តួលេខ​មួយ​ដ៏​អាក្រក់​ខ្លាំង​គិត​តាំង​ពី​ឆ្នាំ ២០០២ និង​តាំង​ពី​ការ​ដួលរលំ​របប​តាលីបង់។ មូលហេតុ​នៃ​ការ​ថយ​ចុះ​នៃ​វិស័យ​អប់រំ​ត្រូវ​បាន Unicef ពន្យល់​ពី​ស្ថានការណ៍​សន្តិសុខ និង​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប។

តាម​ Unicef ​ការអប់រំ​នៅ​អាហ្វហ្កានីស្ថាន​បាន​ធ្លាក់​ចុះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០០២
តាម​ Unicef ​ការអប់រំ​នៅ​អាហ្វហ្កានីស្ថាន​បាន​ធ្លាក់​ចុះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ២០០២ GETTY/Nikolai Ignatiev
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​របាយការណ៍​របស់​អង្គការ Unicef កុមារ​ចំនួន ៣លាន ៧សែន​នាក់​ដែល​មិន​បាន​ចូល​សាលារៀន​មាន​អាយុ​ចន្លោះ​ពី ៧ ទៅ ១៧ឆ្នាំ និង​ដែល​ក្នុង​នោះ មាន ៦០%​ជា​ក្មេងស្រី។ តែ​មាន​តំបន់​ខ្លះ ពិសេស​តំបន់​ដែល​កំពុង​មាន​វត្តមាន​ពួក​ឧទ្ទាម​តាលីបង់​ច្រើន អត្រា​ចំនួន​ក្មេងស្រី​ដែល​មិន​បាន​ទៅ​សាលា​មាន​ដល់​ទៅ​ជាង ៨៥%។ ក្រៅ​ពី​នោះ នៅ​មាន​តំបន់​ដាច់ស្រយាល​ជា​ច្រើន​ដែល​គ្រួសារ​មាន​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​ទទួល​ការ​គំរាម​ផ្លាស់ប្តូរ​ទីលំនៅ​ដោយសារ​តែ​បញ្ហា​អសន្តិសុខ។

របាយការណ៍​របស់ Unicef បាន​លើក​ឡើង​ពី​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​បាន​រារាំង​កូនក្មេង​មិន​ឲ្យ​ទៅ​សាលា ឬ​បង្ខំ​ចិត្ត​បោះបង់​សាលា រួម​មាន កង្វះ​គ្រូបង្រៀន រចនាសម្ព័ន្ធ​សាលា​មិន​ល្អ ការ​ផ្លាស់ប្តូរ​ទីលំនៅ ឬ​មួយ​ការ​បង្ខំ​ឲ្យ​រៀប​ការ​មុន​អាយុ​ជា​ដើម។ តាម Unicef មាន​ហេតុផល​សំខាន់​ពីរ​ដែល​ធ្វើ​ឲ្យ​ក្មេងស្រី​មិន​ទៅ​សាលា ឬ​បង្ខំ​ចិត្ត​បោះបង់​សាលា​នៅ​ពាក់​កណ្តាល​ទី គឺ​ជំនឿ​សាសនា និង​ការ​បង្ខំ​ពី​ឳពុក ម្តាយ​ឲ្យ​មាន​ប្តី​មុន​អាយុ។ ទន្ទឹម​គ្នា​នេះ Unicef ក៏​បាន​លើក​ឡើង​ពី​កង្វះ​ការ​អប់រំ​របស់​ឳពុក ម្តាយ និង​ភាព​ក្រីក្រ។

អ្នក​តំណាង​អង្គការ Unicef នៅ​អាហ្វហ្កានីស្ថាន​បាន​បញ្ជាក់​ថា អ្វី​ដែល​កំពុង​កើត​មាន​នៅ​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ តាម​អ្នក​តំណាង​អង្គការ Unicef នៅ​អាហ្វហ្កានីស្ថាន​រូប​នេះ​ដដែល នៅ​ពេល​ដែល​ក្មេង​មិន​ស្ថិត​ក្នុង​ថ្នាក់រៀន ក្មេង​នោះ​កំពុង​ប្រឈម​នឹង​គ្រោះហានិភ័យ​ផ្សេងៗ ដូច​យ៉ាង​ត្រូវ​គេ​យក​ទៅ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ឬ​មួយ​ត្រូវ​ក្រុមប្រដាប់អាវុធ​ចាប់​ឲ្យ​កាន់​អាវុធ។

គួរ​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នៅ​អាហ្វហ្កានីស្ថាន ដែនដី​ចំនួន ២០% កំពុង​ស្ថិត​ក្រោម​គ្រប់គ្រង​របស់​ក្រុម​បះបោរ ហើយ​មាន​តែ ៥៦% ប៉ុណ្ណោះ​ដែល​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​កាប៊ូល។ ចំណែក​ដែនដី​ដែល​នៅ​សេសសល់​កំពុង​បន្ត​ក្លាយ​ជា​សមរភូមិ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ