អានតួអត្ថបទ
អ៊ីរ៉ង់-ចិន-នុយក្លេអ៊ែរ

ក្រោយ​អាមេរិក​ដក​ខ្លួន អ៊ីរ៉ង់​បញ្ជាក់​ជា​ថ្មី​ពី​ក្តី​រំពឹង​ក្នុង​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរឆ្នាំ ២០១៥

នៅ​ថ្ងៃ​អាទិត្យ ទី១៣ ឧសភា លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​បញ្ជាក់​ជា​ថ្មី​ថា បើ​ផលប្រយោជន៍​របស់​អ៊ីរ៉ង់​ត្រូវ​បាន​ការពារ នោះ​អ៊ីរ៉ង់​អាច​នឹង​រក្សា​ទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ ២០១៥។ ការ​អះអាង​ជា​ថ្មី​របស់​លោក​រ៉ូហានី​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ប្រមុខ​ការទូត​របស់​លោក គឺ​លោក​ម៉ូហាម៉ាត យ៉ាវ៉ាដ ហ្សារីស្វ​កំពុង​ស្វែង​រក​ការ​គាំទ្រ​នៅ​បរទេស​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​ដែល​អាមេរិក​ទើប​បាន​ដក​ខ្លួន​ចេញ។ 

លោក​ប្រមុខ​ការទូត​ចិន Wang Yi (រូបស្តាំ) និង​សមភាគី​អ៊ីរ៉ង់​លោក Mohammad Javad Zarif ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ថ្ងៃទី១៣ ឧសភា
លោក​ប្រមុខ​ការទូត​ចិន Wang Yi (រូបស្តាំ) និង​សមភាគី​អ៊ីរ៉ង់​លោក Mohammad Javad Zarif ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ថ្ងៃទី១៣ ឧសភា THOMAS PETER / POOL / AFP
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​រ៉ូហានី​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​សមភាគី​ស្រីលង្កា​លោក​ម៉ៃទ្រីប៉ាឡា ស៊ីរីសឺណា។ « ការ​ដក​ខ្លួន​របស់​អាមេរិក​ជា​ការ​រំលោភ​លើ​សីលធម៌ និង​របៀប​ធ្វើ​នយោបាយ និង​ការទូត ហើយ​ក៏​ជា​ការ​បំពាន​លើ​ច្បាប់​អន្តរជាតិ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​រ៉ូហានី មុន​នឹង​បន្ថែម​ច្បាស់ៗ​ជា​ថ្មី​ម្តង​ទៀត​ថា ប្រសិន​បើ ៥ភាគី​ហត្ថលេខី​ផ្សេង​ទៀត​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង និង​អ៊ីរ៉ង់​នៅ​បន្ត​ទទួល​បាន​ផលប្រយោជន៍​របស់​ខ្លួន នោះ​អ៊ីរ៉ង់​ក៏​មិន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ដែរ។

ប្រតិកម្ម​ជា​ថ្មី​របស់​លោក​រ៉ូហានី​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រមុខ​ការទូត​របស់​លោក គឺ​លោក​ម៉ូហាម៉ាត យ៉ាវ៉ាដ ហ្សារីស្វ​កំពុង​ស្វែង​រក​ការ​គាំទ្រ​នៅ​បរទេស​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង ពិសេស​ពី​ប្រទេស​ចិន រុស្ស៊ី និង​សហភាព​អឺរ៉ុប​ដែល​ជា​ភាគី​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង។ « យើង​សង្ឃឹម​ថា ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន និង​នៅ​ប្រទេស​ផ្សេង​ពិត​ជា​អនុញ្ញាត​ឲ្យ​យើង​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​អនាគត​កិច្ចព្រមព្រៀង » នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​ហ្សារីស្វ​នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​ចិន​លោក​វ៉ាង យី​នា​ថ្ងៃ​អាទិត្យ ទី១៣ ឧសភា។

ចំណែក​លោក​វ៉ាង យី​បាន​ឆ្លើយ​តប​វិញ​ដោយ​មាន​សុទិដ្ឋិនិយម​ថា ទស្សនកិច្ច​របស់​លោក​ហ្សារីស្វ​នៅ​គ្រប់​ប្រទេស​ហត្ថលេខី​ពេល​នេះ​នឹង​ជួយ​បង្កើន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​របស់​ប្រទេស​នីមួយៗ រួម​ទាំង​ចិន​ផង ពី​ជំហរ​របស់​ប្រទេស​អ៊ីរ៉ង់ និង​ជួយ​ឲ្យ​អ៊ីរ៉ង់​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន។ បន្ទាប់​ពី​ចិន ប្រមុខ​ការទូត​អ៊ីរ៉ង់​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ក្នុង​ថ្ងៃ​ចន្ទ ទី១៤ ឧសភា​នេះ រួច​បន្ត​ដំណើរ​ទៅ​កាន់​ទីស្នាក់ការ​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក​នៅ​ថ្ងៃ​អង្គារ ទី១៥ ឧសភា។

ដោយឡែក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រមុខ​ឆ្មាំបដិវត្តន៍​ឧត្តមសេនីយ​ម៉ូហាម៉ាត អាលី យ៉ាហ្វារី​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ស្វែង​រក​អន្តរាគមន៍​ពី​បរទេស​របស់​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ដើម្បី​ការពារ​សន្តិសុខ​អ៊ីរ៉ង់ បន្ទាប់​ពី​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង។ « គោលដៅ​របស់​អាមេរិក​គឺ​បំបែកបំបាក់​ការ​តស៊ូ​របស់​ពលរដ្ឋ​អ៊ីរ៉ង់ និង​ដែល​ទង្វើ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ។ បញ្ហា​មិនមែន​ស្ថិត​លើ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់​ទេ តែ​ស្ថិត​នៅ​ត្រង់​ថា មាន​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ខ្លះ​បែរ​ជា​ងាក​ទៅ​ពឹង​កម្លាំង​បរទេស​ជាជាង​លើ​កម្លាំង​ខ្លួន​ឯង​ទៅ​វិញ » នេះ​ជា​ការ​បញ្ជាក់​របស់​ឧត្តមសេនីយ​អាលី យ៉ាហ្វារី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ