អានតួអត្ថបទ
កូរ៉េខាងត្បូង-ជប៉ុន​​​

អង្គការពាណិជ្ជកម្មពិភពលោក ​OMC គាំទ្រ​ជប៉ុន​នៅ​ក្នុង​ជម្លោះ​ជាមួយសេអ៊ូលស្តីពី​ការនាំចូលគ្រឿងសមុទ្រជប៉ុន​

អង្គការ​ពាណិជ្ចកម្មពិភពលោក OMC​ ​បាន អាកាត់​​​ឲ្យ​ជប៉ុន​ឈ្នះ​នៅ​ក្នុង​ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ត្បូង។ កូរ៉េខាងត្បូង​ដែល​ហាម​មិន​អោយ​ផលិតផល​គ្រឿង​សមុទ្រ​ជប៉ុន​ដែល​នេសាទ​នៅ​​តំបន់​ភាគ​ឥសាន្ត​ប្រទេស​ជិត​តំបន់ Fukushima ចូល​មក​ក្នុង​ស្រុក​ខ្លួន​ទេ ​​ដោយ​ខ្លាច​​​គ្រឿង​សមុទ្រ​ជប៉ុន មាន​ផ្ទុក​នូវ​សារធាតុ​វិទ្យុសកម្ម​នុយក្លេអ៊ែរ។ ទីក្រុង​Tokyo បាន​សម្តែង​ការ​អបអរសាទរ​នៅ​ថ្ងៃ​សុក្រ​នេះ​ចំពោះ​ជំហរ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក​
Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក​ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​មួយ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​អោយ​ដឹង​ថា អង្គការ​ពាណិជ្ជកម្មពិភពលោក​ដែល​ហៅ​កាត់​ថា OMC​បាន​សុំ​​ឲ្យ​កូរ៉េ​ខាង​ត្បូង​”ចាត់វិធានការ​នានា​របស់​ខ្លួន​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​កាតព្វកិច្ច​​នៅ​ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។​

គួររំលឹកថា ក្រៅពី​ការពង្រឹង​លើ​ការ​ត្រួតពិនិត្យ​ដ៏​ម័តធ្យ័ត​ខ្ពស់​​នៅ​លើ​ផលិតផល​ម្ហូប​អាហារ​​មក​ពី​ប្រទេស​ជប៉ុន ទីក្រុង​សេអ៊ូល ថែម​ទាំង​បាន​ហាម​មិន​អោយ​ផលិតផល​គ្រឿង​សមុទ្រ​ដែល​មក​ពី​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​ជប៉ុន​ចូល​មក​ក្នុងប្រទេស​ខ្លួន​ដែរ ក្រោយពី​មាន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ផ្ទុះ​នៅ​តំបន់​Fukushima​​កាលពី​ខែ​មីនា​ក្នុង​ឆ្នាំ​​២០១១មក។

ចំពោះ​វិធានការ​កម្រិត​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​បាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​វិនិច្ឆ័យ​ថា ជា​មាន​ភាព​តឹងរ៉ឹង​ខ្លាំង​ជាង​ចាំបាច់។

នៅ​លើ​ការ​វិនិច្ឆ័យ​របស់​អង្គការ OMC នេះ “ប្រទេស​ជប៉ុន បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​សេចក្តីសម្រេច​នានា​​របស់​តុលាការពាណិជ្ជកម្មរបស់​អង្គការ OMC ​​ដែល​មាន​ជំហរ​យល់​ស្រប​នឹង​ជំហរ​របស់​ជប៉ុន-នេះ​ជាប្រតិកម្ម​របស់​លោក​ Yoshihide Suga​អ្នក​នាំពាក្​យ​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ជប៉ុន ក៏​បាន​ថ្លែង​បន្ថែម​ទៀត​ថា "​ជប៉ុន​សុំ​ឲ្យ​កូរ៉េ​ខាង​ត្បូង ​ធ្វើការ​កែ​តម្រូវដោយ​ភាព​ស្មោះសរ​និង​ដ៏​ឆាប់​រហ័ស​​ចំពោះ​វិធានការ​ដ៏​រឹតត្បឹត​​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ការ​នាំ​ចូលក្នុងស្រុក ពីព្រោះ​វា​​ជា​ការ​​រំលោភ​លើ​បទបញ្ញត្តិ​របស់​អង្គការពាណិជ្ជកម្មពិភពលោក​ OMC។

ជាបន្ទាន់​ភ្លាម​នោះ ទីក្រុង​សេអ៊ូល​វិញ​​ ​បាន​ជូន​ដំណឹង​អំពី​សេចក្តី​សម្រេចចិត្ត​របស់​ខ្លួន ដើម្បី​ធ្វើការ​ប្តឹង​តវ៉ា​ឡើង​វិញ ​ដើម្បី​ជា​ការ​ការពារ​សុខភាព​និង​សុវត្ថិភាព​​របស់​ប្រជាជន​កូរ៉េខាងត្បូង​-នេះបើ​យោងតាម​ការ​ជូន​ដំណឹង​មួយ​របស់​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង។ មិនតែប៉ុណ្ណោះ កូរ៉េ​ខាង​ត្បូង​នឹង​នៅ​តែ​រក្សា​ទុកដដែល​“បំរាម​លើ​ការ​នាំ​ចូល​ផលិតផល​គ្រឿង​សមុទ្រ​ជប៉ុន​មក​ក្នុង​ប្រទេស​ខ្លួន​ ​ហើយ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នឹង​ចាត់​គ្រប់​វិធានការ​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប្រជាជន​របស់​ខ្លួន​ទទួល​ទាន​​ម្ហូបអាហារ​ដែល​មាន​សារធាតុ​វិទ្យុសកម្ម។

គួររំលឹកថា កាលពីលើកមុន សេអ៊ូល​បាន​ពង្រឹង​ការ​ហាមលើ​ការ​នាំ​ចូល​ផលិតផល​គ្រឿង​​សមុទ្រ​​​មក​ពី​តំបន់​ភាគ​ឥសាន​ប្រទេស​ជប៉ុន​​នៅ​ជិត​មជ្ឈមណ្ឌល​នុយក្លេអែរ​ហ្វូគីស្ហ៊ីម៉ាផង​និង​ដែល​មក​ពី​ក្រុង​ធំៗ​ចំនួន​៧​ផ្សេទៀត​ ដោយ​ភ័យ​​ខ្លាច​មាន​ផ្ទុក​សាធាតុ​វិទ្យុសកម្ម​និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​របស់​ខ្លួន។

វិធានការ​ខាង​លើ​របស់​កូរ៉េ​ខាង​ត្បូង​នេះ ត្រូវ​បាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga ចាត់​ទុក​ថា​ជា​វិធានការ​ដែល​គ្មាន​មូលដ្ឋាន​វិទ្យសាស្ត្រ​និង​ដែល​​ផ្ទុយ​​នឹង​ច្បាប់​នៃ​ការ​ធ្វើពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ៕​​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ