អានតួអត្ថបទ
ចិន-អ៊ីរ៉ង់

កប៉ាល់​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​បានផ្ទុះឆេះ និង​លិច​ទៅក្នុង​សមុទ្រ នៅថ្ងៃ​អាទិត្យ

កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ ដែល​បានផ្ទុះឆេះ ដោយសារ​បុកជល់​ជាមួយ កប៉ាល់​ដឹកទំនិញ​របស់​ហុងកុង កាលពី​ថ្ងៃសៅរ៍ ទី​៦​មករា បាន​លិច​ចូល​ទៅក្នុង​សមុទ្រ កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ។ អាជ្ញាធរ​អ៊ីរ៉ង់ វិញ បាន​បញ្ជាក់ថា គេ​គ្មាន​សង្ឃឹម​នឹង​អាច​រកឃើញ អ្នកដែល​រួចរស់​ជីវិត ពីគ្រោះថ្នាក់​ផ្ទុះ​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ ទៀត​នោះ​ទេ។

កប៉ាល់ចិន​ជួយ​បាញ់​ទឹកដើម្បី​ពន្លត់​ភ្លើង​នៅលើ​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ ដែល​ផ្ទុះឆេះដោយសារ​តែ​ការបុកគ្នា​ជាមួយ កប៉ាល់​ដឹកទំនិញ​ចិន នៅថ្ងៃទី ៦​មករា ២០១៨
កប៉ាល់ចិន​ជួយ​បាញ់​ទឹកដើម្បី​ពន្លត់​ភ្លើង​នៅលើ​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ ដែល​ផ្ទុះឆេះដោយសារ​តែ​ការបុកគ្នា​ជាមួយ កប៉ាល់​ដឹកទំនិញ​ចិន នៅថ្ងៃទី ៦​មករា ២០១៨ ©China's Ministry of Transport and released by China Daily. Chin
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ឆេះ​ពេញ​មួយសប្តាហ៍ ដោយសារ​គ្រោះថ្នាក់ បុក​ជាមួយ កប៉ាល់​ដឹកទំនិញចិន កប៉ាល់​ដឹកប្រេង​មកពី​អ៊ីរ៉ង់ បាន​លិច​ជាស្ថាពរ​ចូលទៅក្នុង​ទឹកសមុទ្រ។ នៅ​ពាក់កណ្តាល​ថ្ងៃ​អាទិត្យ មុន​នឹង​តួកប៉ាល់​ទាំងមូល​លិច​ចូល​ទៅក្នុង​ទឹក ភ្លើង​បាន​ឆាបឆេះ សន្ធោសន្ធៅ​កប៉ាល់​ដឹកប្រេង​អ៊ីរ៉ង់ និង​បញ្ចេញ​ផ្សែង​ពុល ក្រាស់ឃ្មឹក កំពស់​ជិត ១ពាន់ម៉ែត្រ ទៅក្នុង​អាកាស។ នេះ​បើតាម​រដ្ឋបាល​សាធារណៈ​ខាងផ្នែក​មហាសាគរ ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី។

នៅខាង​ភាគី​អ៊ីរ៉ង់ អ្នកទទួល​ខុសត្រូវ​ខាងផ្នែក​ជួយ​សង្រ្គោះ​បន្ទាន់​បាននិយាយ​ប្រាប់​ទូរទស្សន៍​រដ្ឋ អ៊ីរ៉ង់​ថា គេលែង​មាន​សង្ឃឹម​ថា នឹង​អាច​រកឃើញ​មនុស្ស​ទាំង​៣១​នាក់ ដែល​បាន​បាត់ខ្លួន នៅក្នុង​ហេតុការណ៍​ផ្ទុះកប៉ាល់ កាលពី​ថ្ងៃ​សៅរ៍។ តាម​អ្នកនាំពាក្យ​របស់​ក្រុម​អ្នកជួយ​សង្រ្គោះ​អ៊ីរ៉ង់ ទោះបី​ជា​មាន​ការខ្នះខ្នែង បាញ់​ពន្លត់ភ្លើង គេ​នៅ​តែ​មិនអាចចូល​ទៅ​ជិត​កប៉ាល់ ដែល​ផ្ទុះ និង​រុំព័ទ្ធ​ជិត​ដោយ​ឧស្ម័ន​ផ្សែងពុល។ នៅមុន​បុកផ្ទុះ​ជាមួយ​កប៉ាល់​ទំនិញ​ចិន កប៉ាល់Sanchi ដាក់​ទង់ជាតិ​ប៉ាណាម៉ា ប៉ុន្តែ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដឹកប្រេង​អ៊ីរ៉ង់ មាន​អ្នកបម្រើការ​៣២​នាក់ ដែលនៅក្នុង​នោះ ៣០​នាក់​ជាជាតិ​អ៊ីរ៉ង់ និង​២​នាក់ ជាជាតិ​បង់ក្លាដែស។

សូមអាន៖គ្រោះមហន្តរាយ​ធំៗ នៃ​ការលេច ហៀរប្រេង​នៅលើ​សមុទ្រ

តាម​អ្នកកាសែត​របស់​ទូរទស្សន៍​រដ្ឋ​ចិន ដែល​បានធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ជាមួយ អាជ្ញាធរ​ផ្នែកសាគរ​របស់​ចិន បាន​រៀបរាប់​ពី​ការលេចអណ្តែតប្រេង ក្នុង​ទំហំ ក្រឡា ១០​គីឡូម៉ែត្រ​ការ៉េ។

មុន​នឹង​ផ្ទុះឆេះ នៅថ្ងៃ​សៅរ៍ កប៉ាល់​Sanchi មាន​ដឹក​ប្រេងឆៅ ១៣៦ ០០០​តោន​ពីអ៊ីរ៉ង់ សំដៅ​ប្រទេស​កូរ៉េខាងត្បូង។ អ្នកការពារ​បរិស្ថាន​បារម្ភ​ថា ហេតុការណ៍​លេច​អណ្តែត​ប្រេង ទៅ​លើ​ទឹកសមុទ្រ នឹង​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ដ៏ធ្ងន់ធ្ងរ ដល់​បរិស្ថាន និង​ជីវិត​សត្វសមុទ្រ។ ប៉ុន្តែ​វិស្វករ​ចិន ដែល​ដកស្រង់​សំដី​ដោយទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​បញ្ជាក់ថា ប្រេងលេច​អណ្តែត​ចេញ​ពី​កប៉ាល់ Sanchi​នឹង​មិនប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន​នោះទេ ព្រោះថា វា​ជាប្រេង​ស្រាល ដែល​ហើរ​ទៅក្នុង​អាកាស និង​មិន​សូវ​ប៉ះពាល់​ខ្លាំង​ដល់ជីវិត​ក្នុង​សមុទ្រ។ មួយវិញទៀត ការប៉ះពាល់​ដល់​មនុស្ស​ក៏​មានតិច ព្រោះថា កន្លែង​ដែល​កប៉ាល់ដឹកប្រេង​ផ្ទុះលិច ស្ថិតនៅ​ឆ្ងាយ ​ជាង​៣០០​គីឡូម៉ែត្រ​ឯណោះ​ពី​កំពង់ផែ​សៀងហៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ