អានតួអត្ថបទ
ចិន

ចិន៖​ផ្ទុះ​នៅ​ទីក្រុង​កំពង់ផែ​មួយ​បាន​បណ្តាល​ឲ្យ​ស្លាប់មនុស្ស ២នាក់ និង​របួស​ជា​ច្រើន​នាក់

នៅ​ក្នុង​ប្រទេស​ចិន ព្រឹត្តិការណ៍​ផ្ទុះ​មួយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៦ វិច្ឆិកា​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២នាក់ របួស​ធ្ងន់ ២នាក់ និង​របួស​ស្រាល​ជា​ច្រើន​នាក់​ទៀត។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ទីតាំង​ឧស្សាហកម្ម​មួយ​នៃ​ទីក្រុង​កំពង់ផែ Ningbo ស្ថិត​ក្នុង​ខេត្ត​ហ្ស៊ីជាំង​ដែល​មាន​ចម្ងាយ ១០០គីឡូម៉ែត្រ​ពី​ទីក្រុង​សៀហៃ។ ក្រុម​អ្នកជួយសង្រ្គោះ​កំពុង​បន្ត​ការងារ​យ៉ាង​សកម្ម ហើយ​រដ្ឋអំណាច​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​រក​មូលហេតុ។

អ្នកជួយសង្រ្គោះ​នៅ​កន្លែង​​ផ្ទុះ​ក្នុង​​ទីក្រុង​កំពង់ផែ​មួយ​បាន​បណ្តាល​ឲ្យ​ស្លាប់មនុស្ស ២នាក់ និង​របួស​ជា​ច្រើន​នាក់ ថ្ងៃទី២៦ វិច្ឆិកា
អ្នកជួយសង្រ្គោះ​នៅ​កន្លែង​​ផ្ទុះ​ក្នុង​​ទីក្រុង​កំពង់ផែ​មួយ​បាន​បណ្តាល​ឲ្យ​ស្លាប់មនុស្ស ២នាក់ និង​របួស​ជា​ច្រើន​នាក់ ថ្ងៃទី២៦ វិច្ឆិកា Reuters
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ ព័ត៌មាន​នៃ​ការ​ផ្ទុះ​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស និង​របួស​នៅ​បន្ត​ស្រពិចស្រពិល ពិសេស​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ។ ព័ត៌មាន​ផ្តល់​ដោយ​សាក្សី​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​ផ្ទាល់​ភ្នែក​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​នោះ​មាន​កម្លាំង និង​ឥទ្ធិពល​ខ្លាំង​រហូត​ធ្វើ​ឲ្យ​បាក់រលំ​អាគារ​នៅ​ក្បែរខាង​ស្ថិត​ក្បែរ​តំបន់​រស់នៅ​របស់​ប្រជាជន បន្សល់​ទុក​ប្រហោង​ធំៗ​នៅ​តាម​ជញ្ជាំង​អាគារ បំផ្លាញ​រនាំងដែក និង​កម្ទេស​កញ្ចក់​របស់​ហាងទំនិញ​ដែល​ស្ថិត​ចម្ងាយ ១គីឡូម៉ែត្រ​ពី​កន្លែង​ផ្ទុះ។

មាន​ព័ត៌មាន​ជា​ច្រើន​បាន​អះអាង​ថា ការ​ផ្ទុះ​នោះ​បាន​កើត​មាន​នៅ​ក្នុង​ទីតាំង​រោងចក្រ​មួយ​នៃ​ទីក្រុង​កំពង់ផែ Ningbo ស្ថិត​ក្នុង​ខេត្ត​ហ្ស៊ីជាំង​ដែល​មាន​ចម្ងាយ ១០០គីឡូម៉ែត្រ​ពី​ទីក្រុង​សៀហៃ។ តែ​រូបភាព​បញ្ចាំង​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV មិន​បាន​និយាយ​ពី​ទីកន្លែង​ផ្ទុះ​ទេ តែ​បាន​និយាយ​ពី​កម្លាំង​ផ្ទុះ​ដែល​បាន​កម្ទេច​កញ្ចក់ និង​បន្សល់​ទុក​ប្រហោង​ធំ​នៅ​ជញ្ជាំង​អាគារ​ស្ថិត​ក្បែរ​នោះ។ ទន្ទឹម​គ្នា​នោះ ទូរទស្សន៍ CCTV ក៏​បាន​បញ្ចាំង​ពី​រូបភាព​រថយន្ត​ខ្ទេចខ្ទីរ​ដោយ​កម្លាំង​ផ្ទុះ ផ្សែង​ហ៊ុយទ្រលោម​ទៅ​លើ​មេឃ និង​កម្ទេចកម្ទីរ​បំណែក​នៅ​ជុំវិញ​កន្លែង​ផ្ទុះ។

តួលេខ​បណ្តោះអាសន្ន​ចុង​ក្រោយ​ផ្តល់​ដោត​អាជ្ញាធរ​ស្រុក​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់ ២នាក់ របួស​ធ្ងន់ ២នាក់ និង​របួស​ស្រាល ១៦នាក់​ដែល​អ្នក​ខ្លះ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។ ខណៈ​នេះ អាជ្ញាធរ​បាន​បើក​ការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​មូលហេតុ​នៃ​ការ​ផ្ទុះ​នោះ។ សូម​ជម្រាប​ជូន​ថា​នៅ​ចិន ការ​ផ្ទុះ​នៅ​តាម​រោងចក្រ ឬ​ទីតាំង​ឧស្សាហកម្ម​ឧស្សាហ៍​កើត​មាន​ញឹកញាប់​ណាស់​ដោយសារ​តែ​មាន​ការ​ធ្វេសប្រហែល​ផ្នែក​សន្តិសុខ និង​ការ​ត្រួតពិនិត្យ។

ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៦ មាន​ការ​ផ្ទុះ​បែក​ប្រព័ន្ធ​ទឹក​នៅ​ក្នុង​មជ្ឈមណ្ឌល​អគ្គិសនី​មួយ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ២១នាក់។ ក្នុង​ឆ្នាំ ២០១៥ មាន​ព្រឹត្តិការណ៍​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ​នៅ​ទីតាំង​រោងចក្រ​គីមី​ស្ថិត​ក្នុង​តំបន់​កំពង់ផែ​ក្រុង Tianjin ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៦៥នាក់ និង​ខូចខាត​ទ្រព្យសម្បត្តិ​គិត​ជាលុយ​ជាង ១ ០០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ